អាកាសយានដ្ឋានបាត់ដំបង គ្រោងនឹងដំណើរការឡើងវិញ ពិសេសគឺប្រែក្លាយអាកាសយានដ្ឋាននេះ ទៅជាអាកាសយានដ្ឋានលំដាប់ថ្នាក់ ៤C បន្ទាប់ពីអាកាសយានដ្ឋាននេះ មិនបានដំណើរការអស់រយៈពេលរាប់សិបឆ្នាំកន្លងមកហើយ។

ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្ដីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងជាប្រធានគណៈកម្មការអន្តរក្រសួងសិក្សាអំពីលទ្ធភាព និងអភិវឌ្ឍន៍អាកាសយានដ្ឋានបាត់ដំបង លំដាប់ថ្នាក់ ៤C បានផ្តល់នូវការណែនាំបន្ថែមដល់គណៈអភិបាលខេត្តបាត់ដំបង និងសហការី សូមសហការជាមួយក្រុមការងារបច្ចេកទេសអន្តរក្រសួង ដើម្បីអនុវត្តអនុក្រឹត្យលេខ៣២៨ ឱ្យបានល្អ ហើយបន្តចុះផ្សព្វផ្សាយអនុក្រឹត្យសម្រាប់ក្រុមការងារបច្ចេកទេស និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ដែលរស់នៅលើទីតាំងអាកាសយាន្តដ្ឋានខេត្តបាត់ដំបង ឲ្យបានយល់ដឹងទៅតាមដំណាក់កាលៗនៃគោលការណ៍អនុវត្តការងារដោយសន្តិវិធី ។

កិច្ចប្រជុំគណៈកម្មការអន្តរក្រសួង និងក្រុមការងារបច្ចេកទេសសិក្សាអំពីលទ្ធភាពស្ដារ និងអភិវឌ្ឍន៍អាកាសយានដ្ឋានបាត់ដំបង លំដាប់ថ្នាក់៤C នៅសាលាខេត្តបាត់ដំបងកាលពីពេលថ្មីៗនេះ បានធ្វើឡើងក្នុងគោលបំណង ដើម្បីធ្វើការពិនិត្យទៅលើការត្រៀមផ្សព្វផ្សាយអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ស្ដីពីការធ្វើចំណាត់ថ្នាក់ជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ដីដែលមានទីតាំងស្ថិតក្នុងភូមិសាស្រ្ដក្រុងបាត់ដំបង និងស្រុកសង្កែ សម្រាប់អភិវឌ្ឍន៍អាកាសយានដ្ឋានបាត់ដំបង លំដាប់ថ្នាក់ ៤C និងរៀបចំចុះបោះបង្គោលកំណត់ព្រំ បរិវេណដីអាកាសយានដ្ឋានបាត់ដំបង ដែលមានស្រាប់ និងបរិវេណដីតម្រូវការ ក្នុងការពង្រីកបន្ថែម ក៏ដូចជាពិភាក្សាអំពីដំណោះស្រាយជូនដល់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅអាស្រ័យផល ក្នុងបរិវេណអាកាសយានដ្ឋានបាត់ដំបង ។

ឯកឧត្តម ម៉ៅ ហាវណ្ណាល់ បានបន្តឲ្យដឹងថា ចំពោះការបោះបង្កោល ក្រុមការងារ និងអាជ្ញាធរដែនដី គឺយើងបោះបង្គោលនៅលើទីតាំងដី ដែលពុំមានទំនាស់ប៉ុណ្ណោះ ហើយទីតាំងដីដែលមានទំនាស់ យើងនឹងបន្តដោះស្រាយនៅពេលក្រោយទៀត ហើយនៅពេលណា ដែលយើងទទួលបានគោលការណ៍ និងទិន្នន័យជាក់លាក់ពីផលប៉ះពាល់ រួចហើយ យើងនឹងសុំគោលការណ៍ពីរាជរដ្ឋាភិបាល ក្នុងការពិនិត្យ និងសម្រេចតាមសំណើរ ដើម្បីយកមកអនុវត្ត ព្រមទាំងធ្វើការដោះស្រាយបន្តតាមនិតិវីធី ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ។

ជាមួយគ្នានេះ រដ្ឋមន្រ្ដីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ផ្តល់សង្ឃឹមថា កិច្ចប្រជុំ ដើម្បីអភិវឌ្ឍន៍អាកាសយានដ្ឋានបាត់ដំបង លំដាប់ថ្នាក់៤C នឹងទទួលបានផ្លែផ្កា សម្រាប់ឈានទៅអនុវត្តឲ្យទទួលបានជោគជ័យ ក្នុងការអនុវត្តអនុក្រឹត្យ ៣២៨របស់រាជរដ្ឋាភិបាល៕