Saturday, March 1, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងការងារ ណែនាំឱ្យកម្មកររោងចក្រ R.G FOOTWEAR ត្រៀមបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗនៅថ្ងៃទី៣០ខែមីនាខាងមុខនេះ

កណ្តាល៖ បន្ទាប់ពីរោងចក្រ R.G FOOTWEAR ត្រូវបានអគ្គីភ័យឆាបឆេះខូចខាតទាំងស្រុងកាលពីពេលថ្មីៗកន្លងទៅនេះទីភ្នាក់ងារជាតិ និងមុខរបរនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះ បាននាំយកឱកាសការងារជាង ៨០០០ កន្លែងដល់កម្មកររោងចក្រ R.G FOOTWEAR អ.ជី ហ្វ៊ូតវែរ (ខេមបូឌា) ឯ.ក ស្ថិតក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។ 

តាមរយៈការដាក់មជ្ឈមណ្ឌលការងារចល័តរបស់ទីភ្នាក់ងារជាតិ និងមុខរបរ នៅជុំវិញរោងចក្រនាពេលនេះ គឺជាយន្តការរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ក្នុងការគិតគូរពីសុខទុក្ខរបស់បងប្អូនកម្មករនិយោជិតរោងចក្រ អ.ជី ហ្វ៊ូតវែរ R.G FOOTWEAR ។ ​

បើតាមក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ក្រុមការងារ និងរថយន្តនៃមជ្ឈមណ្ឌលការងារចល័តនៃក្រសួងការងារកំពុងចុះផ្សព្វផ្សាយឱកាសការងារ និងចុះឈ្មោះអ្នកស្វែងរកការងារ នៅតំបន់រោងចក្រ R.G FOOTWEAR អ.ជី ហ្វ៊ូតវែរ ផ្ទាល់តែម្តង ធ្វើយ៉ាងណាផ្តល់ភាពងាយស្រួលសម្រាប់កម្មករនិយោជិតដែលពុំទាន់រកការងារថ្មីធ្វើបាន អាចស្វែងរកការងារថ្មីបន្ទាប់ពីរោងចក្រនេះ ត្រូវបានអគ្គីភ័យឆាបឆេះខូចខាតទាំងស្រុង។

ជាការកត់សំគាល់ តាមរយៈមជ្ឈមណ្ឌលការងារចល័តសម្រាប់ផ្តល់ព័ត៌មានអំពីឱកាសការងារជូនកម្មករនិយោជិតនៃរោងចក្រ អ.ជី ហ្វ៊ូតវែរ (ខេមបូឌា) ឯ.ក ស្រុកអង្គស្នួល ខេត្តកណ្តាល មានការចាប់អារម្មណ៍ និងការគាំទ្រពីសំណាក់បងប្អូនកម្មករនិយោជិតជាច្រើន។

គួរបញ្ជាក់ថា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈក៏បានណែនាំឱ្យកម្មករនិយោជិតនៃរោងចក្រ អ.ជី ហ្វ៊ូតវែរ (ខេមបូឌា) ឯ.ក ត្រៀមឯកសារទៅបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ នៅបរិវេណសាលាស្រុកអង្គស្នួល ចាប់ពីម៉ោង៨៖៣០នាទីព្រឹក ថ្ងៃទី៣០ខែមីនា ឆ្នាំ២០២៤តទៅ។ សម្រាប់ឯកសារដែលបងប្អូនកម្មករនិយោជិតត្រូវភ្ជាប់មកជាមួយនូវមានដូចជា៖ ១. ប័ណ្ណ(កាត) សម្គាល់ខ្លួនកម្មករនិយោជិត (ច្បាប់ដើម) ឬកិច្ចសន្យាការងារ និងសៀវភៅការងារកម្មករនិយោជិត ឬប័ណ្ណសមាជិក ប.ស.ស. ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន និង២. ប័ណ្ណបើកប្រាក់ឈ្នួលប្រចាំខែរបស់កម្មករនិយោជិតម្នាក់ៗ (បើមាន)»៕