ភ្នំពេញ៖ ធនាគារ ABA បានបង្ហាញរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួនថា ក្នុងរយៈពេល២១ឆ្នាំ ធនាគារមានកំណើនប្រាក់កម្ចី ពីមួយឆ្នាំទៅមួយឆ្នាំដល់ទៅ ៧,៧ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣ បើធៀបនឹង៦,៤ ពាន់លានដុល្លារក្នុងឆ្នាំ២០២២។ ចំណែកឯប្រាក់បញ្ញើនៅធនាគារនេះវិញ ក៏បានកើនឡើងដល់ ៩ ពាន់លានដុល្លារ កើនឡើងពី៧,២ ពាន់លានដុល្លារកាលពីឆ្នាំមុន ដែលជាការកើនឡើងនៃទំនុកចិត្តរបស់អតិថិជន។

ធនាគារ ABA បានឲ្យដឹងទៀតថា ក្នុងឆ្នាំ២០២៣កន្លងទៅនេះ ប្រាក់ចំណេញរបស់ធនាគារ បានកើនឡើង៥ ភាគរយ ឬស្មើនឹង២៧៦,៥ លានដុល្លារ ខណៈដែលធនាគារទទួលរកបានចំណូលពីការប្រាក់សុទ្ធខ្ពស់ជាងគេ។

លោក Igor Zimarev ប្រធានផ្នែកទីផ្សារនៃធនាគារ ABA បានឲ្យដឹងថា ការកើនឡើងនៃចំណូលពីការប្រាក់សុទ្ធនេះ គឺមានកំណើនជាបន្តបន្ទាប់។ ធនាគារ ABA បានបង្កើនផលប័ត្រប្រាក់កម្ចីរបស់ខ្លួនចំនួន ១,៣២ ពាន់លានដុល្លារ ដល់ ៧,៧៧ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣ ដែលនាំឱ្យមានកំណើនចំណូលពីការប្រាក់សុទ្ធ។ ធនាគារABA ក៏បានប្រើប្រាស់ឧបករណ៍វិនិយោគផ្សេងទៀត ដែលរួមចំណែកដល់ចំណូលពីការប្រាក់នេះផងដែរ។
ធនាគារABA ក៏បានឱ្យដឹងដែរថា នៅក្នុងខែមិថុនា ឆ្នាំ២០២៣កន្លងទៅ ធនាគារជាតិនៃកម្ពុជា បានអនុម័តការបំប្លែងប្រាក់២៥០លានដុល្លារនៃប្រាក់ចំណូលរក្សាទុករបស់ធនាគារទៅជាមូលធនភាគហ៊ុន។ ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យធនាគារ ABA ផ្តល់មូលធនភាគហ៊ុនចំនួន ១៩០លានដុល្លារ ដែលនាំអោយដើមទុនសរុបមានរហូតដល់ ១.១០០លានដុល្លារ។ ធនាគារបានឃើញសមតុល្យរបស់ខ្លួនកើនឡើង២៧ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំដល់៦៦០ លានដុល្លារ ដែលចំនួននេះ កើនឡើងពី៥២០ លានដុល្លារ។៕