Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា សម្រេចបានទំហំពាណិជ្ជកម្មនាំចេញ-នាំចូល ក្នុងរយៈពេលពីរខែដំបូងឆ្នាំ២០២៤នេះ កើនឡើងជាង ១៩%

spot_img

ភ្នំពេញ៖ បើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា ទំហំពាណិជ្ជកម្មនាំចេញ-នាំចូលរបស់កម្ពុជា ក្នុងរយៈពេលពីរខែដំបូង ឆ្នាំ២០២៤នេះ សម្រេចបានតម្លៃទឹកប្រាក់សរុបប្រមាណ ៨១២០លានដុល្លារអាម៉េរិក កើនឡើង ១៩,២% ពីចំនួនទឹកប្រាក់ ៦.៨១១លានដុល្លារអាម៉េរិក បើធៀបរយៈពេលដូចគ្នាកាលពី ឆ្នាំ២០២៣។

ទិន្នន័យនេះ ចាប់ពីខែមករា ដល់ខែកុម្ភៈ ឆ្នាំ២០២៤នេះ បង្ហាញទៀតថា កម្ពុជា បាននាំចេញមុខទំនិញនានាទៅកាន់ទីផ្សារក្រៅប្រទេស មានតម្លៃទឹកប្រាក់សរុបប្រមាណ ៣៩៨៥លានដុល្លារអាម៉េរិក កើនឡើង ២២,៧% ខណៈក្នុងអំឡុងពេលតែមួយនេះ កម្ពុជា ក៏បាននាំចូលមុខទំនិញផ្សេងៗ ក្នុងតម្លៃទឹកប្រាក់សរុបប្រមាណ ៤១៣៥លានដុល្លារអាម៉េរិក កើនឡើង ១៦,១១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្នុងរយៈពេលពីរខែដំបូងឆ្នាំ២០២៤នេះ កំណើននាំចេញទៅកាន់បណ្តាប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា ដូចជា ប្រទេសចិន កើនឡើង ១៥,៩%, សហរដ្ឋអាម៉េរិក កើនឡើង ១៤,៨%, វៀតណាម កើនឡើង ៦៣,២%, ជប៉ុន កើនឡើង ១៥,៣% ខណៈដែលការនាំចេញរបស់កម្ពុជាទៅប្រទេសថៃ និងបណ្តាប្រទេសមួយចំនួននៅសហភាពអឺរ៉ុប រួមមាន អាល្លឺម៉ង់ បារាំង និងអ៊ីតាលី មានកំណើនអវិជ្ជមាន។

បើយោងតាមរបាយការណ៍ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៤នេះ ត្រូវបានព្យាករថា នឹងងើបល្អប្រើសើរឡើងវិញ ហើយរំពឹងថា នឹងសម្រេចបានកំណើនក្នុងរង្វង់ ៦,៦%។ វិស័យឧស្សាហកម្មត្រូវបានព្យាករថា នឹងបន្តនិន្នាការកើនឡើងក្នុងរង្វង់ ៨,៥% ក្នុងឆ្នាំ២០២៤ ពីប្រមាណ ៥% ក្នុងឆ្នាំ២០២៣ ដោយសារការរំពឹងទុកការងើបឡើងវិញនៃអនុវិស័យកាត់ដេរ ស្របពេលដែលអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរនៅបន្តរក្សាបានកំណើនរឹងមាំ ខណៈដែលអនុវិស័យសំណង់នៅបន្តមានកំណើនទាប។

គួរបញ្ជាក់ថា ចំពោះមុខទំនិញសំខាន់ៗរបស់កម្ពុជា ដែលជំរុញដល់កំណើននាំចេញ មានដូចជា វាយនភណ្ឌកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលកាបូបធ្វើដំណើរ និងផលិតផលកសិកម្ម មានដូចជា៖ គ្រាប់ធញ្ញជាតិ, បន្លែផ្លែឈើ និងជ័រកៅស៊ូ, និងផលិតផលគ្រឿងសង្ហារឹម៕

spot_img
×