Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃទី​៧​កញ្ញា គណៈរដ្ឋមន្ត្រី​ថ្មី ចាប់ផ្តើម​បើក​សម័យប្រជុំ​ពេញអង្គ ក្រោម​អធិបតីភាព សម្តេច​តេជោ នាយករដ្ឋមន្ត្រី អាណត្តិ​ទី​៦

​ភ្នំពេញ ​៖ គណៈរដ្ឋមន្ត្រី​អាណត្តិ​ទី​៦ ដែល​ដឹកនាំ​ក្បាលម៉ាស៊ីន ដោយ​សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ ​និង​ជា​នាយករដ្ឋមន្ត្រី ក្នុង​អាណត្តិ​ទី​៥ និង​អនាគត ជា​នាយករដ្ឋមន្ត្រី សម្រាប់​អាណត្តិ​ទី​៦ (២០១៨.២០២៣) ​នឹង​ចាប់ផ្តើម​ចេញដំណើរ​ជា​ផ្លូវ តាមរយៈ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ជា​ផ្លូវការ នា​ព្រឹក​ថ្ងៃ​សុក្រ ទី​៧ ខែ​កញ្ញា ឆ្នាំ​២០១៨​ខាងមុខនេះ​។​

នេះ​បើ​តាម​ការប្រកាស​ជា​សាធារណៈ​របស់​សម្តេច​តេជោ ក្នុងឱកាស​ដែល​សម្តេច​ជួប​សំណេះសំណាល ជាមួយ​កម្មករ កម្មការិនី​ ​ជិត​២​ម៉ឺន​នាក់ មកពី​រោងចក្រ​សហគ្រាស​ចំនួន​១៤ នៅក្នុង​ខេត្ត​កំពង់ស្ពឺ នា​ព្រឹក​ថ្ងៃទី​៨ ខែ​សីហា ឆ្នាំ​២០១៨​នេះ​។​

​សម្តេច​តេជោ បានបញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃទី​៥ ខែ​កញ្ញា សភា​និង​កោះប្រជុំ​សភា ក្រោម​ព្រះរាជាធិបតី​ដ៏​ខ្ពង់ខ្ពស់ របស​ព្រះមហាក្សត្រ​ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ហើយ​នៅ​រសៀល​ថ្ងៃ​ដដែល​ ​ប្រកាស​ស្បថ​ចូលកាន់​មុខ​ដំណែង និង​ក្បាលម៉ាស៊ីន ជា​ផ្លូវការ សមាជិក​រដ្ឋសភា​។ បន្ទាប់មក​នៅ​ព្រឹក​ថ្ងៃទី​៦ កញ្ញា​ ​ប្រកាស​បង្កើត​ក្បាលម៉ាស៊ីន គណៈរដ្ឋមន្ត្រី​ថ្មី​អាណត្តិ​ថ្មី​ទី​៦ ហើយ​នៅ​រសៀល​ ​សមាជិក​សមាជិកា​រ​គណៈរដ្ឋមន្ត្រី​ថ្មី​ស្បថ​ចូលកាន់​តំណែង នឹង​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​៧​កញ្ញា គណៈរដ្ឋមន្ត្រី​ថ្មី​ ​ចាប់ផ្តើម​បើក​សម័យប្រជុំ​ពេញអង្គ​របស់​ខ្លួន​ជា​ផ្លូវការ ក្រោម​អធិបតីភាព សម្តេច​តេជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា​ ​សម្រាប់​អាណត្តិ​ទី​៦​។​

​សម្តេច​តេជោ​បាន​ថ្លែងថា គណៈរដ្ឋមន្ត្រី​អាណត្តិ​ថ្មី​នេះ និង​ធ្វើ​កិច្ចការងារ​ទ្វេរ​ដង និង​កាន់តែ​សកម្ម និង​ប្រសិទ្ធភាព​ជាង​មុន​ ​ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស ដែល​បាន​បោះឆ្នោត​គាំទ្រ គណបក្ស​ប្រជាជន​កម្ពុជា កាលពី​ថ្ងៃ​ទី​២៩ ​កក្កដា ២០១៨ ដើម្បី​សម្តេច​បន្ត​ដឹកនាំ​នាវា​កម្ពុជា អោយ​កាន់តែ​រីកចម្រើន ជាមួយ​សុខសន្តិភាព រួម​និង​ការអភិវឌ្ឍន៍​សង្គម​ជាតិ​ ​ជាមួយ​កំណើន​សេដ្ឋកិច្ច​កាន់តែ​រឹងមាំ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ម្សិលមិញ​នេះ សម្តេច​បាន​ចូល​គាល់​ព្រះករុណា ព្រះបាទ​សម្តេចព្រះ បរមនាថ នរោត្តម​ ​សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​សុំ​ព្រះរាជទាន​ពី​ព្រះអង្គ ទៅ​លើ​ការកែប្រែ​​នូវ​កាលបរិច្ឆេទ​ស្តីពី​ការ​កោះប្រជុំ​សភា និង​ការបង្កើត​រាជរដ្ឋាភិបាល​នៅក្នុង​អាណត្តិ​ថ្មី​។ កាលពី​មុន​នោះ យើង​បាន​គ្រោងទុក​ថា​ ​ការប្រជុំ​សភា​លើកដំបូង ធ្វើ​នៅ​ថ្ងៃទី​១៩ ខែ​កញ្ញា ហើយ​ល្ងាច​ថ្ងៃទី​១៩ ខែកញ្ញា​សភា​ស្បថ​ចូលកាន់​តំណែង​។ ព្រឹក​ថ្ងៃ​ទី​២០ ខែ​កញ្ញា​ ​បង្កើត​រាជរដ្ឋាភិបាល ល្ងាច​ថ្ងៃ​ទី​២០ ខែ​កញ្ញា រាជរដ្ឋាភិបាល​ស្បថ​ចូលកាន់​តំណែង ហើយ​នៅ​ថ្ងៃទី​២១​កញ្ញា​ គណៈ​រដ្ឋមន្ត្រី​ប្រជុំ​លើកដំបូង ប៉ុន្តែ​បន្ទាប់ពី​ពិគ្រោះ​យោបល់​ជាមួយ ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ ​និង​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គឺ​កាលបរិច្ឆេទ​នេះ​ត្រូវបាន​ប្តូរ​ដោយ​កំណត់​យក​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០១៨ ​ដើម្បី​ប្រជុំ​សភា​លើក​ដំបូង​វិញ​។ ការផ្លាស់ប្តូរ​ត្រូវ​បាន​បញ្ជាក់​ប្រាប់​ទៅ​ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត ឲ្យបាន​ដឹង អំពី​គម្រោង​ដែល​ត្រូវ​ធ្វើ​បន្តថា យើង​ត្រូវ​បង្កើត​រាជរដ្ឋាភិបាល​មុន និង​ប្រជុំ​សភា​មុន​កាលបរិច្ឆេទ នៅត្រង់ថា នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​៥ ខែ​កញ្ញា សភា​នឹង​កោះ​ប្រជុំ​លើក​ដំបូង ក្រោម​ព្រះរាជអធិបតីភាព​របស់​ព្រះមហាក្សត្រ នៅ​ល្ងាច​ថ្ងៃទី​៥ កញ្ញា សភា​នឹង​ចូល​ស្បថ​កាន់​តំណែង​។ ថ្ងៃ​ព្រហស្បតិ៍​ទី​៦ ខែ​កញ្ញា នឹង​បង្កើតឡើង​នូវ​ក្បាលម៉ាស៊ីន​រដ្ឋសភា ក៏ដូចជា​បង្កើត​នូវ​រាជរដ្ឋាភិបាល​ថ្មី ដល់​ពេល​ល្ងាច​ថ្ងៃទី​៦ ខែ​កញ្ញា​

​គឺ​រាជរដ្ឋាភិបាល នឹង​ស្បថ​ចូលកាន់​តំណែង ដល់​ពេល​ព្រឹក​ថ្ងៃ​ទី​៧ ត្រូវ​នឹង​ថ្ងៃ​សុក្រ គណៈរដ្ឋមន្ត្រី​ថ្មី នឹង​បើក​កិច្ចប្រជុំ​លើក​ដំបូង​។ នេះ​ជា​ប្រតិទិន​ជាក់លាក់ ដែល​ត្រូវបាន​ជម្រាប​ជូន​ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត ។​

​សម្តេច បាន​ថ្លែងបន្តថា ការកែប្រែ​នេះ​មិន​មាន​ខុសច្បាប់ ឬ​រដ្ឋធម្មនុញ្ញ​នោះ​ទេ ព្រោះ​ច្បាប់​បាន​កំណត់​ថា ការបង្កើត​រដ្ឋសភា​ ​ត្រូវ​ធ្វើ​ឡើង​យ៉ាង​យូរ​៦០​ថ្ងៃ ក្រោយ​ប្រកាស​លទ្ធផល​បោះឆ្នោត​។ សម្តេច​តេជោ បាន​ថ្លែងថា ថ្ងៃទី​១៥ ខែ​សីហា គ​.​ជ​.​ប​ ​នឹង​ប្រកាស​លទ្ធផល​ផ្លូវការ ហើយ​អំឡុងពេល​នោះ ទុក​ឱ្យ​មាន​ការប្តឹងតវ៉ា និង​ដោះស្រាយ​តាំងពី​ថ្នាក់​គ​.​ជ​.​ប​ ​រហូត​ដល់​ក្រុមប្រឹក្សា​ធម្មនុញ្ញ​។ ដូច្នេះ​១០​ថ្ងៃ វា​គ្រប់គ្រាន់​សម្រាប់​ក្រុមប្រឹក្សាធម្មនុញ្ញ​ហើយ ដូច្នេះ​នៅ​ដើម​ខែ​កញ្ញា​ ​គណៈកម្មការ​ជាតិ​រៀបចំ​ការបោះឆ្នោត អាច​នឹង​ប្រកាស លទ្ធផល​ស្ថាពរ បែងចែក​អាសនៈ និង​កំណត់​ឈ្មោះ​អ្នក​ដែល​ជាប់ឆ្នោត​ ​ដូច្នេះ​ដល់​ព្រះរាជតួនាទី​របស់​ព្រះមហាក្សត្រ ដែល​ព្រះអង្គ​ត្រូវ​កោះប្រជុំ​តែម្តង​៕​ ​ដោយ ​៖​ កូឡាប​

×