រាជធានីភ្នំពេញ ÷ ស្រ្តីកូនពីរស្រស់ស្អាតវ័យក្មេង ឈ្មោះ មាស លក្ខិណា ដែលត្រូវបុរសឃាតករឈាមរាវលបចូលចាក់សម្លាប់នៅក្នុងរបងផ្ទះរបស់នាងបង្កឱ្យមានការភ្ញាក់ផ្អើលនោះ ពេលនេះលេចចេញព័ត៌មានបង្ហាញពីមូលហេតុ និងការពិតខ្លះៗហើយ គឺជនដៃដល់អះអាងនៅឯមន្ទីរពេទ្យថា រូបគេខឹងគុំកួនចំពោះនាងដែលក្បត់នឹងទំនុកចិត្តស្នេហាជាមួយខ្លួន ព្រោះចាប់តាំងពីទំនាក់ទំនងស្នេហានឹងគ្នាតាមបណ្ដាញសង្គមហ្វេសប៊ុករយៈពេល ២ឆ្នាំមក នាង មាស លក្ខិណា បានលាក់បាំងព័ត៌មានជិតឆឹង អំពីប្ដី និងកូន, ពោលគឺ មិនបានប្រាប់ខ្លួនថា នាងមានប្ដី មានកូននោះទេ។
សូមរំលឹកថា ទង្វើប្រទូសដ៏សាហាវនេះ បានកើតឡើង កាលពីវឹលាម៉ោង ៣ : ៣០នាទី រសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ នៅចំណុចផ្ទះលេខ៣១ ផ្លូវ៣៦ ក្នុងបុរីពិភពថ្មីឈូកវ៉ា២ ភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ស្ត្រីរងគ្រោះឈ្មោះ មាស លក្ខិណា អាយុ២៤ឆ្នាំ បានរៀបការជាមួយបុរសជនជាតិចិន ឈ្មោះ ហួ សុិន អាយុ៣៧ឆ្នាំ បម្រើការនៅឯក្រុមហ៊ុនកិនថ្ម មានទីតាំងក្នុងខេត្តកំពង់ស្ពឺ។ បច្ចុប្បន្ន ស្ត្រីរងគ្រោះ និងប្ដីជនជាតិចិន រស់នៅដោយក្ដីសុខសាន្តក្នុងផ្ទះកើតហេតុខាងលើ ដោយពួកគេបង្កើតបានកូនប្រុស ២នាក់ ទុកជាចំណងដៃក្នុងគ្រួសារតូចមួយនេះ។
ដោយឡែក ជនដៃដល់ជាឃាតករឈាមរាវមានឈ្មោះ លឹម គីណែត អាយុ២៥ឆ្នាំ មានស្រុកកំណើត ភូមិព្រែកជីក ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ជាពលករធ្វើការនៅប្រទេសថៃ ទើបតែត្រឡប់ចូលកម្ពុជាវិញរយៈពេលប៉ុន្មានខែមុននេះ, បច្ចុប្បន្ន រស់នៅភូមិចាក់ជ្រូក (ឥឡូវបានមកចាក់មនុស្ស) សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមសាក្សីនៅកន្លែងកើតហេតុ បាននិយាយថា ដំបូងគេប្រទះភ្នែកឃើញជនដៃដល់ លឹម គីណែត បានមកដល់ម្ដុំកើតហេតុ ប៉ុន្តែគេមិនចាប់អារម្មណ៍ថា ជននេះប៉ុនប៉ងធ្វើសកម្មភាពអ្វីនោះឡើយ។ ស្របពេលពលរដ្ឋនៅម្ដុំនោះភ្លេចខ្លួនបន្តិច ស្រាប់តែ លឹម គីណែត បានដើរសសៀរៗត្រៀមកូនកាំបិតក្នុងដៃមួយរួចជាស្រេច រួចហើយស្ទុះចូលទៅចាក់នាងរងគ្រោះ មាស លក្ខិណា ជាច្រើនកាំបិតឥតប្រណីដៃ បណ្ដាលឱ្យដួលស្លាប់បាត់បង់សង្ខារមួយរំពេចក្នុងថ្លុកឈាម ខណៈដែលនាងឈរលេងនៅមុខសំយាបផ្ទះរបស់ខ្លួន, ចំណែកឃាតករ បន្ទាប់ពីចាក់សម្លាប់ជនរងគ្រោះហើយ មិនបានឆ្លេឆ្លារត់គេចខ្លួននោះទេ គេបែរជាយកកាំបិតដែលប្រើជាអាវុធនោះ មកអារ.កប៉ុនប៉ងសម្លាប់ខ្លួនឯងតាមក្រោយផងដែរ ប៉ុន្តែមិនស្លាប់ គ្រាន់តែរងរបួសធ្ងន់ប៉ុណ្ណោះ និងត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យតេជោសន្តិភាពដើម្បីសង្រ្គោះបន្ទាន់។
ត្រង់នេះហើយ ដែលធ្វើឱ្យគេរាល់គ្នាកើតមានចម្ងល់ថា តើរវាងជនរងគ្រោះ និងជនដៃដល់រូបនេះ មានអ្វីទាក់ទងគ្នា?! មានរឿងរ៉ាវបែបណាជាមួយគ្នាពីមុនមក?! ពេលនោះ គ្មានចម្លើយនោះទេ ក្នុងពេលកើតហេតុភ្លាមៗ ដូច្នេះ គេត្រូវរង់ចាំជនដៃដល់ដឹងខ្លួនពីការរងរបួសឡើងវិញនៅឯមន្ទីរពេទ្យ ហើយសារភាព ទើបអាចដឹងថា ការពិត និងមូលហេតុយ៉ាងណា?!
មកដល់រសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ជនដៃដល់ លឹម គីណែត ដែលសម្រាកព្យាបាលនៅឯមន្ទីរពេទ្យតេជោសន្តិភាព បានដឹងខ្លួនឡើងវិញ និងនិយាយប្រាប់សមត្ថកិច្ចថា ខ្លួន និងស្រ្តីរងគ្រោះ មាស លក្ខិណា មានទំនាក់ទំនងស្នេហាជាមួយគ្នាជាង ២ឆ្នាំមកហើយ (តាមហ្វេសប៊ុក) , ខ្លួនជាពលករធ្វើការនៅប្រទេសថៃ អំឡុងពេលសាសងស្នេហា ខ្លួនមិនដឹងថា ខាងស្រីមានប្តី និងកូននោះទេ។ ចំណែកស្រ្តីរងគ្រោះ ក៏មិនបានប្រាប់ខ្លួនឱ្យដឹងពីការដែលនាងមានប្ដី និងកូននេះដែរ, ហើយរយៈពេលទំនាក់ទំនងគ្នានេះ ខ្លួនតែងតែបានផ្ញើលុយពីប្រទេសថៃមកឱ្យនាងជាបន្តបន្ទាប់ថែមទៀត ព្រោះសង្ឃឹមថា នឹងបានជួបស្នេហ៍សមតាមបំណង តែមិនដូច្នោះទេ លុះពេលខ្លួនវិលត្រឡប់ចូលមកកម្ពុជាវិញ ក៏ស៊ើបដឹងថា នាង មាស លក្ខិណា មានប្ដី និងកូនពីរួចទៅហើយ ដូច្នេះធ្វើឱ្យខ្លួនក្ដៅក្រហាយក្នុងចិត្ត កើតជាគំនុំសងសឹកចំពោះនាងដែលបោកប្រាស់ទំនុកចិត្តស្នេហា ដែលខ្លួនខំស្រឡាញ់។
ជនដល់រៀបរាប់ទៀតថា ក្រោយពេលស៊ើបដឹងថា នាង មាស លក្ខិណា ពិតជាមានប្ដី និងកូនប្រាកដមែននោះ ព្រមទាំងដឹងច្បាស់ពីកន្លែងស្នាក់នៅរបស់នាងហើយនោះ ខ្លួនបានជួលរថយន្តតាក់ស៊ី ១គ្រឿង ជិះទៅកាន់ផ្ទះស្រ្តីរងគ្រោះតែម្ដង រួចហើយមិនបង្អង់យូរ ក៏ធ្វើសកម្មភាពចាក់សម្លាប់នាង និងអារ.កសម្លាប់ខ្លួនឯងតាមក្រោយបែបនេះតែម្តង ប៉ុន្តែខ្លួនបែរជាមិនស្លាប់ ក៏ជាប់ចំណងសមត្ថកិច្ចតែម្ដងទៅ។
ទន្ទឹមគ្នានឹងការលើកឡើងរបស់ជនដៃដល់នេះដែរ នៅឯរោងបុណ្យសពរបស់ស្ត្រីរងគ្រោះ មាស លក្ខិណា ឯណោះវិញ អ្នកសារព័ត៌មានមួយចំនួន បានទៅចូលបច្ច័យបុណ្យ និងបានស៊ើបសួរសម្ភាសន៍ជាមួយនឹងសាច់ញាតិជនរងគ្រោះ ប៉ុន្តែមាននរណា ហ៊ានបកស្រាយយ៉ាងណានោះទេ, សួរអ្វី ក៏ឆ្លើយថា មិនដឹង, សួរអ្វី ក៏ឆ្លើយថាមិនដឹង…
នេះអាចមកពីពួកគេជាប់រវល់ធ្វើបុណ្យសព្វ ក៏មិនអាចនិយាយអ្វីបាន ហើយក៏ដាច់រយៈព័ត៌មានខាងស្ត្រីរងគ្រោះតែម្ដងទៅ, ប៉ុន្តែ លុះមានលេចឮដំណឹងពីការលើកឡើងរបស់ជនដៃដល់ថា ពួកគេមានទំនាក់ទំនងស្នេហានឹងគ្នាជាងពីរឆ្នាំរួចមកហើយនោះ ទើបចុងក្រោយម្ដាយរបស់ស្ត្រីរងគ្រោះ មាស លក្ខិណា បានចេញមុខអះអាងថា ព័ត៌មានដែលជនដៃដល់លើកឡើងនោះ គាត់មិនអាចទទួលយកបានទេ, ហើយថា កូនស្រីគាត់មិនដែលមានទំនាក់ទំនងស្នេហាជាមួយអ្នកណា ឬសហាយស្មន់ជាមួយអ្នកណា និងលួចលាក់មានស្នេហាជាមួយអ្នកណាឡើយ។
(ចុងក្រោយនេះ CEN សូមលើកយកសុភាសិតមួយសម្រាប់ទស្សនៈពិចារណាជាទូទៅ ថា : មនុស្សស្រីដែលចូលចិត្តប្រលែងលេងនឹងស្នេហា ប្រៀបដូចក្មេងលេងកាំបិតយ៉ាងដូច្នោះដែរ ហើយថ្ងៃណាមួយនឹងមុតដៃមិនខាន)៕ ពិសិដ្ឋ CEN
















