អង្គរវត្ត៖ នាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ បានឲ្យដឹងថា នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤
កម្លាំងអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ ផ្នែកនីតិវិធី និងកម្លាំងប៉ុស្តិ៍ការពារទី១០ សហការជាមួយភ្នាក់ងារអាជ្ញាធរជាតិអប្សរា ចុះទៅប្រាសាទបាយ័ន ស្ថិតនៅភូមិរហាល សង្កាត់នគរធំ ក្រុង/ខេត្តសៀមរាប ដើម្បីធ្វើការប្រគល់ទទួលរូបអណ្ដើក ចំនួន០១ ធ្វើពីថ្មភក់ មានទំហំៈបណ្តោយ៥៧ស.ម ទទឹង៤៣ស.ម និងកម្រាស់២១ស.ម ដែលក្រុមគម្រោងអាជ្ញាធរជាតិអប្សរា បានកំណាយរកឃើញត្រង់ចំណុច កណ្តាលស្រះទឹកខាងកើតឆៀងខាងជើង ក្នុងជម្រៅដី១,៥០ម៉ែត្រ ។
វត្ថុបុរាណខាងលើនេះលោក ស្រ៊ុន តិច មន្ត្រីបច្ចេកទេសក្រុមគម្រោងអាជ្ញាធរជាតិអប្សរា ប្រគល់ឲ្យលោក ឈូក សុម៉ាឡា មន្ត្រីចុះបញ្ជីសារពេីភណ្ឌនៃអាជ្ញាធរជាតិអប្សរា យកទៅរក្សាទុកនៅ សារមន្ទីរជាតិព្រះនរោត្តមសីហនុ-អង្គរ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី