សៀមរាប៖ ក្រសួងទេសចរណ៍សូមជម្រាបជូនសមាគមទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ផ្នែកឯកជន អ្នកសារព័ត៌មាន ភ្ញៀវទេសចរជាតិ-អន្តរជាតិ សាធារណជន និងភាគីពាក់ព័ន្ធ មេត្តាជ្រាបថា ក្រសួងទេសចរណ៍ សហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រដ្ឋបាលខេត្តសៀមរាប និងមូលនិធិ ISHA រៀបចំ “ព្រឹត្តិការណ៍សមាធិរបស់លោកសាស្រ្តាចារ្យ Sadhguru ក្រោម ប្រធានបទ “Mystic Musing” នាល្ងាចថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ នៅបរិវេណប្រាសាទបាយ័ន។
ព្រឹត្តិការណ៍នេះ នឹងមានការចូលរួមដោយផ្ទាល់ពីលោកសាស្ត្រាចារ្យ Sadhguru ដែលជាទស្សនវិទូ ជនជាតិឥណ្ឌាដែលមានឈ្មោះល្បីល្បាញទូទាំងពិភពលោក និងជាប្រធានមូលនិធិ ISHA រួមជាមួយប្រតិភូ ជាន់ខ្ពស់ប្រមាណជាង១០០នាក់ ដោយប្រតិភូទាំងអស់គ្រោងនឹងចូលទស្សនាប្រាសាទនានាក្នុងតំបន់អង្គរ ដូចជាប្រាសាទអង្គរវត្ត ប្រាសាទព្រះខ័ន ប្រាសាទតាព្រហ្ម និងប្រាសាទបាយ័នជាដើម។
លោកសាស្ត្រាចារ្យ Sadhguru បានអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នារសៀល ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ដោយមានការទទួលបដិសណ្ឋារកិច្ចដ៏កក់ក្តៅពីសំណាក់ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ចម ក្រស្នា ព្រមទាំងថ្នាក់ដឹកនាំនៃ ក្រសួងទេសចរណ៍។
ក្នុងន័យនេះ ការជ្រើសរើសទីតាំងប្រាសាទបាយ័នសម្រាប់រៀបចំព្រឹត្តិការណ៍សមាធិអន្តរជាតិនេះ ពិត ជាបានឆ្លុះបញ្ចាំងឱ្យឃើញថា តំបន់ប្រាសាទអង្គរ គឺជាទីតាំងប្រកបដោយភាពស័ក្តិសិទ្ធិ និងបង្កប់ទៅដោយ ភាពមហស្ចារ្យជាច្រើនសម្រាប់ការរៀបចំព្រឹត្តិការណ៍ជំនឿសាសនាបែបអន្តរជាតិ ដែលប្រការនេះរួមចំណែកធ្វើឱ្យកម្ពុជា ជាពិសេសខេត្តសៀមរាប គឺជាគោលដៅទេសចរណ៍ជំនឿសាសនាលំដាប់អន្តរជាតិ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី