ភ្នំពេញ៖ វិស័យសេដ្ឋកិច្ច ស្ត្រីកម្ពុជា ជាកម្លាំងចលករដ៏សំខាន់មួយ ដែលបានរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច។ បច្ចុប្បន្ន ស្រ្តី មានកាលានុវត្តភាពក្នុងការអនុវត្តសិទ្ធិ អភិវឌ្ឍចំណេះដឹង ជំនាញបច្ចេកទេស សម្រាប់ប្រកួតប្រជែងក្នុងទីផ្សារសេដ្ឋកិច្ចនៅកម្រិតជាតិ និងថ្នាក់តំបន់។

ផែ្អកតាមលទ្ធផលនៃជំរឿនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២ បានបង្ហាញពីចំនួនស្រ្តី ៦១,៨% ជាអ្នកតំណាង ក្នុងចំណោមអង្គភាពសេដ្ឋកិច្ចសរុបនៅកម្ពុជា និងនៅក្នុងអង្គភាពសេដ្ឋកិច្ចធ្វើអាជីវកម្មតាមចិញ្ចើមផ្លូវមានប្រមាណ ១០,២% នៃចំនួនអង្គភាពសេដ្ឋកិច្ចសរុប ក្នុងនោះ មានតំណាងជាស្ត្រី ៧៥%។

ក្នុងពិធីបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងលើកផែនការសកម្មភាពការងារ ឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី (ក.ជ.ក.ស) នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤នេះ នៅវិមានសន្តិភាព បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍសង្គមជាតិ។ សម្តេចធិបតីបានបន្តថា បច្ចុប្បន្នស្ត្រី បានចូលរួមចំណែកក្នុងកិច្ចការងារជាច្រើនវិស័យ។ រាជរដ្ឋាភិបាលនៅតែបន្តយកចិត្តទុកដាក់ជំរុញការលើកកម្ពស់សមភាពយេនឌ័រតាមវិស័យ និងនៅគ្រប់កម្រិត។

លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី បានថ្លែងថា រាជរដ្ឋាភិបាល បានផ្តល់អាទិភាពខ្ពស់ក្នុងការវិនិយោគលើសម ភាពយេនឌ័រ និងការពារសិទ្ធិស្ត្រីនៅកម្ពុជា តាមរយៈការអនុវត្តគោលនយោបាយសាធារណៈ កម្មវិធីអភិវឌ្ឍន៍ជាតិនានា និងយុទ្ធសាស្ត្រតាមវិស័យ រួមទាំងអនុសាសន៍របស់រាជរដ្ឋាភិបាល។ ការបញ្រ្ជាប យេនឌ័រក្នុងគោលនយោបាយ និង កម្មវិធីកំណែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាលត្រូវបានជំរុញ និងយកទៅអនុវត្តយ៉ាងសកម្មនៅថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ដែលមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់លើកម្មវិធីកំណែទម្រង់សំខាន់ៗ។ ក្រសួងស្ថាប័នបានវិភាជន៍ថវិកាសម្រាប់ការអនុវត្តសកម្ម ភា ពបញ្ជ្រាបយេនឌ័រ តាមវិស័យនីមួយ ៗរួមមាន អប់រំ ការងារសុខាភិបាល សេដ្ឋកិច្ច សង្គមកិច្ច កសិកម្ម ដីធ្លី និងមុខងារសាធារណៈ។

លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី បានបន្តថា ក្នុងវិស័យសាធារណៈ អត្រាមន្រ្តីរាជការស៊ីវិលជាស្រ្តីមានចំនួនកើនឡើងពី៤០% នៅឆ្នាំ២០១៩ ដល់ ៤២% នៅឆ្នាំ២០២២ ហើយសមាមាត្រមន្រ្តី រាជការជាស្រ្តីក្នុងតួនាទីធ្វើសេចក្តីសម្រេចចាប់ពីអនុប្រធានការិយាល័យដល់ថ្នាក់អគ្គនាយក និងឋានៈស្មើមាន ២៧% គិតត្រឹមឆ្នាំ២០២២។

គួរបញ្ជា់ថា នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ស្ត្រីនៅក្នុងមុខតំណែងគ្រប់គ្រងនៅថ្នាក់រាជធានីខេត្ត មានចំនួន ៨០ រូប (ស្មើ ១២,៨៤% ) និងស្ត្រីនៅក្នុងមុខតំណែងគ្រប់គ្រងនៅថ្នាក់ក្រុង ស្រុក ខណ្ឌ មានចំនួន ៧៨៩ រូប(ស្មើ ១៩,៧៥%)។ ស្រ្តីមានពិការភាពចំនួន ៣៥០០ នាក់ នៃចំនួនសរុប ៧៥៣៥ នាក់ មានការងារធ្វើនៅតាមស្ថាប័នរដ្ឋ និងឯកជន។

នៅក្នុងវិស័យការបរទេស ស្រ្តី មានមុខតំណែងប្រចាំការនៅបរទេសចំនួនសរុប ៥១រូប និងឯកអគ្គរាជទូតចំនួន ០៤ រូប (សាធារណរដ្ឋប្រជាមានិតចិន សាធារណរដ្ឋកូរ៉េ ប្រទេសវៀតណាម និងចក្រភពអង់គ្លេស)។ ចំពោះការចូលរួមរបស់ស្រ្តីក្នុងបេសកកម្ម និងកងកម្លាំងរក្សាសន្តិភាព កម្ពុជា ទទួលចំណាត់ថ្នាក់លេខ៩ ក្នុងចំណោម ១២៣ប្រទេស និងចំណាត់ថ្នាក់លេខ១ ក្នុងក្របខណ្ឌអាស៊ាន។ ក្នុងឆ្នាំ២០២៣កន្លងទៅ មន្ត្រីរាជការស៊ីវិល ជាស្ត្រី ដែលចូលនិវត្តន៍មានចំនួន ៦៧៩ នាក់ នៃមន្ត្រីរាជការស៊ីវិល ចូលនិវត្តន៍សរុប ១៧៦១ នាក់៕





