ខេត្តមណ្ឌលគិរី ៖ សមត្ថកិច្ចស្រុកអូររាំង បានបំបែកសំណុំរឿងឃាតកម្មមួយដែលបានកើតហេតុ កាលពីយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង២៣ និង២០នាទី នៅចំណុចក្នុងបន្ទប់ដេក ក្រុមពូជូ ភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។
សេចក្តីរាយការណ៍បានឲ្យដឹងថា៖ ក្នុងករណីខាងលើនេះ មានជនរងគ្រោះចំនួន២នាក់មានឈ្មោះ ៖
១-ឈ្មោះ កែម កែវកន្និការ ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរគ្រូពេទ្យ មានទីលំនៅបច្ចុប្បន្ន ភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី (ស្លាប់) ។
២-ឈ្មោះ ជូ សាណា ភេទស្រី អាយុ០៦ឆ្នាំ (ត្រូវជាកូនសព) ជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅបច្ចុប្បន្នភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង (រងរបួសត្រូវដៃខាងឆ្វេង) ។
សេចក្តីរាយការណ៍បន្តថា៖ ករណីនេះ បង្កដោយជនសង្ស័យឈ្មោះ សុខា នុត ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិព្នង សញ្ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នក្រុមពូជូ ភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ដោយប្រើអាវុធ AK ៤៧ (១ដើម) បង់ចំនួនមួយ និងគ្រាប់ចំនួន០៦គ្រាប់។
យោងតាមរបាយការណ៍សមត្ថកិច្ចបញ្ជាក់ថា ៖កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២៤ វេលាម៉ោង២៣និង២៩នាទី ជនស្ស័យឈ្មោះ សុខា នុត បានយកកាំភ្លើងAK 47មួយដើម ដែលរើសបានក្នុងព្រៃ ដើរទៅរកនារីរងគ្រោះនៅបុស្តិ៍សុខភាពអណ្ដូងក្រឡឹង មុននិងចេញទៅរកឆ្លុះសត្វក្នុងព្រៃ។
ពេលទៅដល់ប៉ុស្តិ៍សុខភាពដែលនារីរងគ្រោះត្រូវប្រចាំការជាមួយកូនស្រី កំពុងដេកក្នុងបន្ទប់ប៉ុស្តិ៍សុខភាពនោះ ជនសង្ស័យទៅដល់ក៏បានសួរនាំរឿងបាយហូប ហើយក៏ឈ្លោះប្រកែកគ្នា (ដោយអ្នកទាំងពីរត្រូវជាសង្សារនឹងគ្នា) ។
ការឈ្លោះទាល់ទែងគ្នាមួយសន្ទុះ ស្រាប់តែជនបង្កបាញ់សម្លាប់ជនរងគ្រោះ ត្រូវចំក្បាលសៀតផ្កាខាងស្ដាំ ធ្លាយចេញទៅខ្នង ចំណែកក្បាលគ្រាប់បន្តធ្លាយត្រូវចំដៃកុមារីរងគ្រោះឈ្មោះ ជូ សាណា ត្រូវជាកូននារីរងគ្រោះ ចំកំភួនដៃខាងឆ្វេង បណ្ដាលឲ្យរងរបួស។
ក្រោយជនសង្ស័យឈ្មោះ សុខា នុត បាញ់សម្លាញ់នារីរងគ្រោះ ក៏បានបាញ់ខ្លួនឯងចំនួនពីរគ្រាប់ តែដោយសារគ្រាប់មិនផ្ទុះ ទើបជនសង្ស័យរត់គេចខ្លួនពីកន្លែងកើតហេតុ រហូតដល់ព្រឹកឡើងម៉ោង០៥ និង៣០នាទីថ្ងៃទី១៣ ខែឧសភា ទើបសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានតែម្តង។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងទៅតុលាការតាមនិតិវិធីច្បាប់ ៕