ខេត្តត្បូងឃ្មុំ: បុរសម្នាក់រួមដំណើរជាមួយប្រពន្ធតាមរថយន្តមួយគ្រឿងលើដងផ្លូវជាតិលេខ៧ ក្នុងទិសដៅពីលិចមកកើត ស្របពេលដែលបើកមកដល់ចំណុចមុខផ្សារម្រាមទាក ឃុំជីរោទ៏ទី២ ស្រុកត្បូងឃ្មុំ ត្រូវបានជនពុំស្គាល់មុខយកដុំថ្មគុបបែកកញ្ចក់រថយន្តសំណាងណាស់ដែលម្ចាស់មិនត្រូវរបួស។ បន្ទាប់មកម្ចាស់រថយន្តបានប្រញាប់ប្ដឹងទៅសមត្ថកិច្ចមូលដ្ឋានឲ្យជួយអន្តរាគមន៍រកជនកំហូចទីបំផុតត្រូវបានស្រាវជ្រាវចាប់ខ្លួនបានទាំងយប់ហៅមកសួរនាំ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា:
ស្តីពីករណី ហិង្សាបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិ (គប់កញ្ចក់ រថយន្ត)
នៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៤ វេលាម៉ោង១០យប់ នៅចំណុចលើផ្លូវជាតិលេខ៧ ភូមិម្រាមទាក ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
មានជនសង្ស័យឈ្មោះ ស៊ិន ភ័ណ្ឌ ភេទប្រុស អាយុ ២៩ ឆ្នាំស្នាក់នៅភូមិម្រាមទាក ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
ធ្វើសកម្មភាពយកបំណែកបេតុង គប់កញ្ចក់រថយន្តម៉ាក MITSUBISHI TRITON ពាក់ស្លាកលេខ រដ្ឋ 20.2.0670 ពណ៌ស បណ្តាលអោយបែកកញ្ចក់ផ្នែកខាងមុខ ម្ចាស់រថយន្តឈ្មោះ ស៊ុន យ៉ាន់ ភេទប្រុស អាយុ ៥៦ ឆ្នាំ ជាតិខ្មែរ នៅភូមិព្រែកដើមចាន់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម មុខរបរ មន្រ្តីរាជការនៅសាលាខេត្តត្បូងឃ្មុំ។
សមត្ថកិច្ចមូលដ្ឋានបន្តឲ្យដឹងទៀតថា
ក្រោយទទួលបានបណ្តឹង កំលាំងជំនាញស្រុកត្បូងឃ្មុំ និង កំលាំងប៉ុស្តិ៍ជីរោទិ៍ទី២ ចុះស្រាវ ជ្រាវ ដោយមានការឯកភាពពីលោក ឧត្តមសេនីយ៍ស្នងការ នគរបាលខេត្តត្បូងឃ្មុំ និងមានការសម្រប់សម្រួលពីលោក សួន ទី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ សមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំដើម្បីសួរនាំ។សូមបញ្ជាក់ថាក្រោមការដឹកនាំពីសំណាក់លោកវរសេនីយ៍ឯកសាំហេងអធិការនគរបាលស្រុកត្បូងឃ្មុំនិងទទួលបញ្ជាពីលោកឧត្តមសេនីយ៍ស្នងការដំបូងបានចុះទៅដល់កន្លែងកើតហេតុ ដោយបានឆែកកាមេរ៉ាសុវត្ថិភាពក៏ឃើញពីភិនភាគនៃជនសង្ស័យដែលបានគប់កញ្ចក់រថយន្តនោះ។មុនពេលកើតខេត្តជនសង្ស័យបានបង្ហាញខ្លួននៅក្បែរកន្លែងនោះធ្វើឲ្យអ្នកភូមិផងរបងជាមួយគេស្គាល់ពីភិនភាគមនុស្សច្បាស់លាស់។
គួររំលឹកថាកាលពីជាង១០ឆ្នាំមុន ឪពុករបស់ជនសង្ស័យបានស្លាប់ហើយម្ដាយរបស់គេ។បានទៅរស់នៅស្រុកកញ្ជ្រាចខេត្តព្រៃវែង ហើយជនសង្ស័យបានមកលេងផ្ទះពូនៅឃុំជីរោទ៏ទី២ បានពុំដល់១០ថ្ងៃ ក៏ស្រាប់តែមានហេតុការណ៍បែបនេះកើតឡើងតែម្ដង ។ហើយតាមរយៈការធ្វើតេស្តទឹកម៉ូតពុំបានឃើញសារធាតុញៀននោះទេ។ជនសង្ស័យដូចជាមានវិបត្តិផ្លូវចិត្តពេលណាធ្វើទុក្ខ។ក៏កើតរឿងបែបនេះលុះពេលផុតក៏ស្រាប់តែមានអារម្មណ៍ធម្មតាវិញ។ (ភ្នំប្រុសភ្នំស្រី)