Monday, June 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងនគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីឃាតកម្មគិតទុកជាមុន ឃាត់ខ្លួនជនដៃដល់ម្នាក់ និងស្វែងរកបក្ខពួកម្នាក់ទៀតកំពុងរត់គេចខ្លួន

spot_img

ខេត្តក្រចេះ ៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង២២៖០០នាទី នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិផ្សារស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ មានករណីឃាតកម្មគិតទុកជាមុន កើតឡើងបង្កដោយជនមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពពួនស្ទាក់ យកដាវកាប់ទៅលើជនរងគ្រោះឈ្មោះ ខុន ទិត្យថារ៉ាក់ ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិផ្សារស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ត្រូវចំក្បាលខាងស្ដាំ បណ្ដាលឲ្យមានស្នាមដាច់ចេញឈាម (រងរបួសធ្ងន់) និងបានស្លាប់បាត់បង់ជីវិត ក្រោយពេលសាច់ញាតិជនរងគ្រោះ បញ្ជូនយកទៅសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។ ក្រោយពីធ្វើសកម្មភាពរួចបានរត់គេចខ្លួនបាត់។

ក្រោយពីទទួលបានព័ត៌មានខាងលើ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន និងឯកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តក្រចេះ, ខេត្តស្ទឹងត្រែង, ខេត្តមណ្ឌលគិរី, ខេត្តរតនគិរី និងខេត្តឧត្តរមានជ័យ បានប្រើវិធានការជំនាញ ធ្វើការស្រាវជ្រាវតាមនីតិវិធីរហូតកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ។

លុះនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១៦៖០០នាទី កម្លាំងជំនាញបន្តដឹកនាំសហការរហូតដល់ធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះ ខុម មេសា ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ ឃាត់ខ្លួនបានត្រង់ចំណុចភូមិអូរជីក ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

បន្ទាប់ពីធ្វើការសាកសួរបឋមជនសង្ស័យខាងលើ ឆ្លើយសារភាពថា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ ខ្លួន និងបក្ខពួកពិតជាបានធ្វើសកម្មភាព កាប់ទៅលើជនរងគ្រោះប្រាកដមែន មូលហេតុដោយសារតែក្រុមរបស់ជនរងគ្រោះបានធ្វើសកម្មភាពគប់ដុំថ្មមកលើពួកខ្លួន។

រហូតដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១៤៖៣០នាទី កម្លាំងជំនាញបានបន្តដឹកនាំសហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដោយឃាត់ខ្លួនបានជនសង្ស័យម្នាក់ទៀតឈ្មោះ យ៉ាន ទូច ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ឃាត់ខ្លួនបានត្រង់ចំណុច សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ជនសង្ស័យខាងលើបានឆ្លើយសារភាពថា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ ខ្លួន និងបក្ខពួក ពិតជាបានធ្វើសកម្មភាព កាប់ទៅលើជនរងគ្រោះប្រាកដមែន មូលហេតុដោយសារតែក្រុមរបស់ជនរងគ្រោះបានធ្វើសកម្មភាពគប់ដុំថ្មមកលើពួកខ្លួន។

ទិសដៅបន្តកម្លាំងជំនាញកំពុងស្វែងរកបក្ខពួកម្នាក់ទៀតកំពុងរត់គេចខ្លួន។ បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបាននាំខ្លួនមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីបន្តនីតិវិធី៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×