ស្វាយរៀង ៖ លោក ចាប ភក្តី សមាជិកគណៈកម្មាធិការកណ្តាលនិងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំច្រេស ស្រុកចន្ទ្រា ខេត្តស្វាយរៀង នៅ ព្រឹកថ្ងៃទី១២ខែសីហា ឆ្នាំ២០១៨នេះ បានថ្លែងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦នេះ មានប្រជាពលរដ្ឋទៅបោះឆ្នោតជាង៨៣ភាគរយ ដូច្នេះការបោះឆ្នោតនេះបានបង្ហាញឲ្យឃើញថា ប្រជាពលរដ្ឋមិនបានជឿតាមការញុះញង់របស់ក្រុមអគតិមួយចំនួននោះឡើយ គឺពួកយើងម្នាក់ៗបានបំពេញកាតព្វកិច្ចជាពលរដ្ឋ ហើយបានបោះឆ្នោតជូនគណបក្សប្រជាជនឈ្នះភ្លូកទឹកភ្លូកដី តួយ៉ាងដូចជាខេត្តស្វាយរៀង គណបក្សយើងទទួលបាន៥អាសនៈលើ៥អាសនៈ។
ថ្លែងបែបនេះ លោក ចាប ភក្តី សមាជិកគណៈកម្មាធិការកណ្តាលនិងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំច្រេសស្រុកចន្ទ្រាខេត្តស្វាយរៀង និងលោកស្រី លោកប្រធានគណៈប្រចាំការគណបក្សខេត្ត លោក គឹម ពិសិដ្ឋ អនុប្រធានក្រុមការងារគណបក្សខេត្ត ចុះជួយឃុំច្រេស និងក្រុមការងារ បានអញ្ជើញចូលរួមពិធីសំណេះសំណាល ថ្លែងអំណរគុណ និងពិសារអាហារសាមគ្គី ជូនដល់សមាជិកសមាជីកា កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ នៅឃុំ ច្រេស ដែលបានចូលរួមពីសមាជិកសមាជិការបក្សប្រជាជនកម្ពុជាជាង៣ពាន់នាក់ ដែលពិធីនេះ បានប្រព្រឹត្តិទៅនៅ ក្នុងអនុវិទ្យាល័យច្រេសឃុំច្រេសស្រុកចន្ទ្រាខេត្តស្វាយរៀង។
លោកបានបន្តទៀតថា ចាប់ពេលនេះតទៅនៅអាណត្តិទី៦រាជរដ្ឋាភិបាល និងបន្តការងារអភិវឌ្ឍប្រទេស ឱ្យមានភាពរីកចម្រើនគ្រប់វិស័យ ជាពិសេសផ្តោតសំខាន់ទៅលើវិស័យទឹក ភ្លើង ផ្លូវ ធនធានមនុស្ស មួយវិញទៀតបង្កើនការវិនិយោគបន្ថែមទៀតដើម្បីស្រូបយកកម្មករ កម្មការិនីឱ្យមានការងារធ្វើកាន់តែច្រើនឡើង ក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។
នៅក្នុងឱកាសនោះ លោក ចាប ភក្តី ក៏បានថ្លែងអំណរគុណ ដល់សមាជិកសមាជិកា និងប្រជាពលរដ្ឋទាំងអស់នៅឃុំច្រេស ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឈ្នះយ៉ាងច្រើនភ្លូកទឹកភ្លូកដី ហើយក៏សូមឱ្យសមាជិកសមាជិការបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា គ្រប់អាណត្តិបន្តទៀតជាពិសេសគាំទ្រសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីជាបន្តទៀត៕ វ៉ៃកូ