Wednesday, December 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បែកធ្លាយហើយ ក្រុមហ៊ុនចិនកំពុងអភិវឌ្ឍចាក់ដីលុបសមុទ្រ និងចាក់ខឿនរបាំងថ្មទប់រលក ធ្វើសួនតន្ត្រីបាញ់ទឹក បំផ្លាញធនធានធម្មជាតិឆ្នេរសមុទ្រ !

ខេត្តព្រះសីហនុ ÷ ក្រុមប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ កាលពីខែមិថុនា ឆ្នាំ២០២៤នេះ បានសម្ដែងការភ្ញាក់ផ្អើល ខ្លះពេញចិត្ត និងខ្លះទៀតមិនពេញចិត្ត ចំពោះអាជ្ញាធរខេត្តព្រះសីហនុ និងថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានអនុញ្ញាតឱ្យក្រុមហ៊ុនចិន ឈ្មោះ យូណាន ជីងចេង ខូ . អិលធីឌី តំណាងដោយមលោក ហេង តុង ចាក់ខឿនថ្មចូលសមុទ្រធ្វើជារបាំងទប់រលកប្រវែងរាប់រយម៉ែត្រ និងចាក់ផ្ទៃបេតុងរៀបស្មើលុបសមុទ្រធ្វើជាសួនឆាកប្រគំតន្ត្រីបាញ់ទឹក មានទំហំជិត ១ហិចតា។

ប្រជាពលរដ្ឋបានបញ្ចេញមតិផ្សេងៗគ្នាថា ជុំវិញសកម្មភាពដែលបាននិងកំពុងចាក់ដីរបស់ក្រុមហ៊ុនចិនចូលទៅក្នុងសមុទ្រយ៉ាងជ្រៅជាច្រើនរយម៉ែត្រនោះ អ្នកខ្លះបានសាទរចំពោះការអភិវឌ្ឍន៍ដ៏ឆាប់រហ័ស ធ្វើឱ្យខេត្តព្រះសីហនុ កែប្រែមុខមាត់ថ្មី ស័ក្ដិសមខេត្តពហុបំណង, ប៉ុន្តែ មតិខ្លះទៀតបានសម្ដែងការខកចិត្តជាខ្លាំងថា ពួកគាត់ពិតជាមានការសោកស្ដាយចំពោះឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់កម្ពុជា ដែលគណៈកម្មាធិការឆ្នេរសមុទ្រពិភពលោកទទួលស្គាល់ថា ជាឆ្នេរសមុទ្រដ៏ស្រស់ស្អាតបំផុតក្នុងចំណោមប្រទេសដែលមានឆ្នេរសមុទ្រស្រស់ស្អាតលើពិភពលោក, សូម្បីតែប្រទេសជិតខាងយើង ក៏កំពុងយកចិត្តទុកដាក់ថែរក្សាឆ្នេរសមុទ្រស្រស់ស្អាតរបស់គេដែរ។ 

ផ្ទុយមកវិញ សម្រាប់ឆ្នេរសមុទ្រកម្ពុជានៅតំបន់អ៊ូអរក្នុងខេត្តព្រះសីហនុ ថ្មីៗនេះបែរជាមានក្រុមហ៊ុនវិនិយោគចិនឈ្មោះ យូណាន ជីងចេង ខូ . អិលធីឌី ត្រូវបានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អនុញ្ញាតសិទ្ធិឱ្យចាក់ថ្មលុបឆ្នេរសមុទ្របំពេញមហិច្ឆតារកលុយរបស់គេទៅវិញ តាមរយៈរៀបចំសួនឆាកប្រគំតន្ត្រីបាញ់ទឹក។ ឆាកប្រគំតន្ត្រីបាញ់ទឹកនេះ ត្រូវបានគេចាក់ផ្ទៃបេតុងរៀបស្មើ មានទំហំជិត ១ហិចតា និងចាក់ខឿនបេតុងព័ទ្ធជុំវិញឆាកតន្ត្រីបាញ់ទឹកនេះដើម្បីជារបាំងទប់រលក មានប្រវែងរាប់រយម៉ែត្រឯណោះ។

ទីតាំងដែលក្រុមហ៊ុនចិនខាងលើ ចាក់ក្រវាត់ថ្មជារបាំងទប់រលក និងចាក់ផ្ទៃបេតុងរៀបស្មើធ្វើជាសួនប្រគំតន្ត្រីបាញ់ទឹកនេះ ស្ថិតនៅតាមបណ្ដោយឆ្នេរអូរត្រេះ ក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ, កាលពីដើមឆ្នាំ២០២៤នេះ លោក ហេង តុង តំណាងក្រុមហ៊ុនចិនឈ្មោះ យូណាន ជីងចេង ខូ . អិលធីឌី បានស្នើសុំគោលការណ៍សាងសង់សួនឆាកប្រគំតន្ត្រីបាញ់ទឹកនៅទីនេះ ដែលមានទំហំ ៨ ៦១២ម៉ែត្រការ៉េ និងខឿនថ្មជារបាំងទប់រលកប្រវែង ៤២០ម៉ែត្រ គឺស្នើសុំទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ( យោងលិខិតស្នើសុំរបស់ក្រុមហ៊ុន យូណាន ជីងចេង ខូ . អិលធីឌី ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤)។

ចំណែកក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់វិញ មាន លោក តឹករ៉េត សំរេច ក្នុងមុខតំណែងជារដ្ឋលេខាធិការ បានឆ្លើយតបថា សូមជម្រាបជូនុំលោក ហេង តុង តំណាងក្រុមហ៊ុន យូណាន ជីងចេង ខូ . អិលធីឌី ជ្រាបថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកភាពគោលការណ៍ចំពោះសំណើសុំសាងសង់អាងឆាកប្រគំតន្ត្រីបាញ់ទឹក ដែលមានផ្ទៃបេតុងទំហំ ៨ ៦១២ម៉ែត្រការ៉េ និងខឿនថ្មរបាំងទប់រលកសមុទ្រប្រវែង ៤២០ម៉ែត្រ នៅលើទីតាំងស្នើសុំខាងលើ។ ដូច្នេះសូម លោក ហេង តុង ជ្រាប និងរួមសហការអនុវត្តតាមខ្លឹមសារខាងលើ កុំបីខាន ( យោងលិខិតរបស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លេខ ១០២២ ដនស / ខុទ្ទ ចុះថ្ងៃទី៨  ខែឧសភា ឆ្នាំ២០២៤ ហត្ថលេខា រដ្ឋលេខាធិការប្រចាំការ តឹករ៉េត សំរេច)។

ឆ្លើយតបការផ្ទុះប្រតិកម្មពីសំណាក់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ ជុំវិញការចាក់ថ្មលុបឆ្នេរ និង សមុទ្រធ្វើសួនប្រគំតន្ត្រីបាញ់ទឹកនេះ មន្ត្រីនៃមន្ទីរសុរិយោដីម្នាក់សូមមិនបញ្ចេញឈ្មោះ បានខ្សឹបប្រាប់បណ្ដាញសារព័ត៌មានថា ក្រោយពីទទួលបានការឯកភាពពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់រួចហើយ ពេលនេះក្រុមហ៊ុន យូណាន ជីងចេង ខូ . អិលធីឌី របស់ចិន កំពុងអនុវត្តចាក់ដី ចាក់ថ្ម លុបសមុទ្រ ជាបណ្ដើរៗហើយ និងបានសហការជាមួយមន្ត្រីជំនាញ និងមន្ត្រីអាជ្ញាធរខេត្តព្រះសីហនុ ចុះធ្វើការសាងសង់យ៉ាងរលូនទៀតផង។

ដោយឡែក លោក ឃាង ភារម្យ  ប្រធានការិយាល័យវិនិយោគ នៃរដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ឱ្យដឹងថា ទីតាំងចាក់ដីនេះនជាគម្រោងសាងសង់អាងតន្ត្រីបាញ់ទឹក និងទប់ការពារលកសមុទ្រ, ដោយលោកមិននិយាយអ្វីច្រើននោះទេ។

បើតាមប្រភពផ្សេងទៀត ឱ្យដឹងថា បន្ទាប់ពីបានពិនិត្យ និងពិភាក្សាគ្នារួចមក លោក អ៊ី សុខឡេង អភិបាលរងខេត្តព្រះសីហនុ និងជាប្រធានការងារ បានធ្វើការបូកសរុប និងសម្រេចដូចខាងក្រោម ៖

  • ក្រុមហ៊ុនត្រូវមានកិច្ចសហការពី មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ក្នុងការកំណត់និយាមការទីតាំងសាងសង់អាងតន្ត្រីបាញ់ទឹក និងទំនប់របាំងការពាររលកសមុទ្រឱ្យបានច្បាស់លាស់ តាមការកំណត់របស់ក្រសួង និងកំពុងត្រៀមលក្ខណៈសាងសង់ហើយ។

ទាក់ទិននឹងការចាក់ថ្មលុបឆ្នេរសមុទ្រ និងលុបសមុទ្រដើម្បីយកធ្វើជាផ្ទៃដីកម្មសិទ្ធិឯកជនរបស់ក្រុមហ៊ុនខាងលើនេះ, ប្រជាពលរដ្ឋបានពោលថា ចំពោះការអភិវឌ្ឍ ក្នុងនាមពួកគាត់ជាកូនខ្មែរ សូមរីករាយស្វាគមន៍ជានិច្ច ប៉ុន្តែសូមស្នើឱ្យការអភិវឌ្ឍនេះ កុំធ្វើឱ្យប៉ះពាល់ដល់ឆ្នេរសមុទ្រដ៏ស្រស់ផូរផង់របស់កម្ពុជា បានទេ? ដូចជា រកទីតាំងនៅកន្លែងផ្សេងទៅ។ កុំដើម្បីការអភិវឌ្ឍបន្តិចបន្តួច បំផ្លាញនូវកេរដំណែល និងធនធានធម្មជាតិដ៏ស្រស់ស្អាត ល្អផូរផង់មួយនេះ គប្បីត្រូវរួមគ្នាថែរក្សា និងការពារឱ្យបាននូវធនធានធម្មជាតិដែលមានស្រាប់របស់កម្ពុជា ដើម្បីទុកជូនកូនចៅជំនាន់ក្រោយ បានជ្រាបពីគុណតម្លៃនៃធនធានធម្មជាតិនៅកម្ពុជា៕ ពិសិដ្ឋ CEN

×