Wednesday, June 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយឧត្តមសេនីយ៍ ស ថេត ដាក់បទបញ្ជាទៅកាន់បណ្ដាអង្គភាព ទប់ស្កាត់ និងបង្ការបង្រ្កាបបទល្មើសគ្រប់ប្រភេទ ពិសេសករណីគ្រឿងញៀន និងក្មេងទំនើង

spot_img

រាជធានីភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់ចេញការណែនាំមួយចំនួន ទៅកាន់បណ្ដាអង្គភាព នាយកដ្ឋាន មន្ទីរ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ទាំងអស់ ត្រូវបន្ដផ្ដោតយកចិត្តទុកដាក់ក្នុងការបំពេញការងារ ដើម្បីធានាដល់ប្រសិទ្ធភាពខ្ពស់ ពិសេសទប់ស្កាត់ និងបង្ការបង្រ្កាបបទល្មើសគ្រប់ប្រភេទ ពិសេសករណីគ្រឿងញៀន និងក្មេងទំនើង។

ព្រឹកថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតី ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ព្រមទាំងកិច្ចប្រជុំប្រចាំខែ និងផ្សព្វផ្សាយសភាពការណ៍ថ្មីៗ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានកត់សម្គាល់នូវសមិទ្ធផលសំខាន់ៗមួយចំនួន ដែលកងកម្លាំងនគរបាលសម្រេចបានដោយជោគជ័យ នាពេលកន្លងមក រួមមាន៖១៖ រក្សាបាននូវសន្ដិភាព បូរណភាពទឹក និងអធិបតេយ្យជាតិដោយបានចូលរួមគ្រប់កាលៈទេសៈ ។ ២៖ ធានាបានទាំងស្រុងនូវសន្ដិសុខផ្ទៃក្នុង សុវត្ថិភាពស្ថាប័នកំពូលៗរបស់ជាតិ ជាពិសេសស្ថាប័នព្រះមហាក្សត្រ និងព្រះរាជបេសកកម្មរបស់ព្រះមហាក្សត្រ។ ៣៖ បញ្ចៀសបាននូវអំពើភេរវកម្ម ដែលក្នុងនោះមានប្រទេសប្រមាណ២១ បានកើតឡើង១១៩លើក ស្លាប់ជិត៣០០នាក់ ដែលជាកង្វល់របស់ពិភពលោក។ ផ្ទុយទៅវិញកម្ពុជា ទប់ស្កាត់បានដោយសារការទំនាក់ទំនងកិច្ចប្រតិបត្តិការផ្ដល់ព័ត៌មានឲ្យគ្នាទៅវិញទៅមកទាំងក្នុងតំបន់ និងក្រៅតំបន់។ ៤៖ រក្សាបាននូវសុវត្ថិភាពទាំងស្រុង ថ្វាយព្រះមហាក្សត្រ ឥស្សរជនជាន់ខ្ពស់ជាតិ និងអន្ដរជាតិ ដែលអញ្ជើញមកបំពេញបេសកកម្មនៅកម្ពុជា។ ព្រឹត្តិការណ៍ជាតិ និងអន្ដរជាតិ ប្រារព្ធនៅកម្ពុជា១០២០លើក ធានាបានគ្រប់ព្រឹត្តិការណ៍ទាំងអស់។ ៥៖ រក្សាបាននូវសន្ដិសុខ សណ្ដាប់ធ្នាប់ ការប្រមូលផ្ដុំផ្សេងៗទាំងនៅរាជធានីភ្នំពេញ និងខេត្តមួយចំនួន។ ក្រោយទទួលបានព័ត៌មានទាំងអស់នេះ ទាំងអាជ្ញាធរ ទាំងកងកម្លាំងនគរបាលជាតិបានសហការគ្នាដោះស្រាយដោយសន្ដិវិធីទៅលើការតវ៉ារបស់ប្រជាពលរដ្ឋ។ ៦៖ ការប្រឆាំងការសម្អាតប្រាក់ហិរញ្ញប្បទានភេរវកម្ម បង្ក្រាបបាន៥ករណី ចាប់ខ្លួនមនុស្ស១៦នាក់ បញ្ជូនទៅតុលាការ។ ការងារនេះកន្លងទៅទទួលបានការកោតសរសើរ និងអរគុណចំពោះមន្ដ្រីដែលបានខិតខំ ទោះបីការបណ្ដុះបណ្ដាលរយៈពេលខ្លី តែមានសមត្ថភាពខ្ពស់ រហូតដល់អង្គការហ្វាត់ដកកម្ពុជាចេញពីបញ្ជីប្រផេះ ដូចនេះសូមឲ្យក្រុមការងារបន្តធ្វើកិច្ចការងារនេះឲ្យមានប្រសិទ្ធភាពបន្ថែមទៀត។ ៧៖ ការផ្លាស់ប្ដូរព័ត៌មានបណ្ដាប្រទេសជាសមាជិក ជានគរបាលអន្ដរជាតិ។ ៨៖ ដកស្រង់ និងចងក្រងព័ត៌មានបច្ចេកវិទ្យាបម្រើឲ្យការងារជំនាញ ដោយត្រូវបង្កើនជំនាញដល់មន្ដ្រីនគរបាលជាតិ ខណៈបទល្មើសកាន់តែទំនើប និងមានល្បិចកលខ្ពស់។

បន្ថែមពីនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏បានដាក់ចេញការណែនាំមួយចំនួនដែលជាទិសដៅការងារបន្ដ ទៅកាន់បណ្ដាអង្គភាព នាយកដ្ឋាន មន្ទីរ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ទាំងអស់ ត្រូវបន្ដផ្ដោតយកចិត្តទុកដាក់ក្នុងការបំពេញការងារ ដើម្បីធានាដល់ប្រសិទ្ធភាពខ្ពស់ ពិសេសទប់ស្កាត់ និងបង្ការបង្រ្កាបបទល្មើសគ្រប់ប្រភេទ ពិសេសករណីគ្រឿងញៀន និងក្មេងទំនើង។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានកត់សម្គាល់ថា កន្លងទៅនេះក៏មានមតិមួយចំនួនបានតិះទៀនដល់បុគ្គលនគរបាល ដែលជះឥទ្ធិពលមិនល្អដល់ស្ថាប័នអគ្គស្នងការដ្ឋាននគរបាលជាតិទាំងមូល ដោយបញ្ហាទាំងអស់នេះត្រូវតែលុបបំបាត់ និងកែប្រែរាល់អ្វីដែលជាចំណុចខ្វះខាត។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានណែនាំឲ្យបន្ដពង្រឹងយន្ដការប្រចាំបញ្ជា និងប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍ ដើម្បីអន្ដរាគមន៍ដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងថែបំប៉នកម្លាំងអន្ដរាគមន៍ឲ្យបានរឹងមាំ មានវិន័យកងជួរ សំដៅត្រៀមដោះស្រាយហេតុការណ៍ជាយថាហេតុ។ ទន្ទឹមនោះ ត្រូវខិតខំលើកកម្ពស់ប្រសិទ្ធភាពការងាររបស់ក្រុមប្រតិកម្មរហ័ស ដើម្បីឆ្លើយតបនឹងសំណូមពរ ឬមតិរិះគន់របស់សាធារណៈជនបានទាន់ពេលវេលា សំដៅការពារនូវកិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់កងកម្លាំងនគរបាលជាតិ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×