Wednesday, June 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងក្តីតក់ស្លុត អំពីហេតុការណ៍ បាញ់ប្រហារបណ្តាលឱ្យបាត់បង់ជីវិត ២ នាក់

spot_img

ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងក្តីតក់ស្លុត ដែលបានទទួលព័ត៌មានអំពីហេតុការណ៍ដ៏រន្ធត់មួយ ដែលបានបណ្តាលឱ្យស្លាប់បាត់បង់ជីវិតមនុស្សចំនួន ២ នាក់ គឺប្អូនប្រុស លី សុង និងគូដណ្តឹង។

ឯកឧត្តមក៏សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះជាមួយក្រុមគ្រួសារសពរបស់ប្អូនទាំងពីរ ។

ឯកឧត្តម ហ៊ុន ម៉ានី បានបន្តថា ៖ ខ្ញុំពិតជាសោកស្តាយ ចំពោះការបាត់បង់ជីវិតយ៉ាងផុយស្រួយបំផុត ដែលផ្តើមចេញពីជម្លោះរហូតឈានដល់ការប្រើប្រាស់អំពើហិង្សា ក្លាយជាឧក្រិដ្ឋកម្មដ៏អាក្រក់បំផុត។ យើងពិតជាមិនចង់ឱ្យហេតុការណ៍នេះកើតឡើងនោះឡើយ និងថ្កោលទោសជាដាច់ខាតលើទង្វើបំពានលើជីវិតមនុស្សយ៉ាងព្រៃផ្សៃបែបនេះ ។

ខ្ញុំសូមកោតសរសើរនិងថ្លែងអំណរគុណដល់កងកម្លាំងមានសមត្ថកិច្ចដែលបានខិតខំតាមចាប់ជនល្មើសដើម្បីមកទទួលខុសត្រូវចំពោះមុខច្បាប់ ។

យើងគួរតែមានការយោគយល់អធ្យាស្រ័យគ្នា ក្នុងនាមជាសង្គមដែលកាន់ព្រះពុទ្ធសាសនា ដែលប្រកាន់ខ្ជាប់នូវសីលធម៌ និងខន្តី។ ជាចុងក្រោយ ខ្ញុំសូមអំពាវនាវដល់បងប្អូនទាំងអស់ចូលរួមលើកកម្ពស់វប្បធម៌សន្តិភាព ការអត់ឱន យោគយល់អធ្យាស្រ័យខ្ពស់ដើម្បីសង្គមកម្ពុជាមានភាពសុខុដុមរមនា និងសុភមង្គល ។

តាមរបាយការណ៍ស្តីពីករណី ពីសមត្ថកិច្ចបានឱ្យដឹងថា ៖ ឃាតកម្ម (បាញ់ច្រើនគ្រាប់) បណ្តាលឲ្យស្លាប់ចំនួន ២នាក់, របួស១ នាក់ នៅវេលាម៉ោង ១៥:៥០នាទីថ្ងៃទី ១៧/ មិថុនា/២០២៤ ចំនុច បុរីប៉េងហួត ផ្ទះលេខ ២៦ ផ្លូវ P-10 F គម្រោង ០៧មភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់អ្នកសារព័ត៌មានថា ខ្មាន់កាំភ្លើងត្រូវកម្លាំងនគរបាលឡោមព័ទ្ធចាប់ខ្លួនបានហើយ នៅស្រុកអង្គស្នួល ខេត្តកណ្ដាល រួមជាមួយរថយន្ដ និងកាំភ្លើងខ្លីសម្រាប់ធ្វើសកម្មភាព។ ក្រោយចាប់ខ្លួនបាន នៅពេលនេះខ្មាន់កាំភ្លើងកំពុងបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសួរនាំ និងចាត់ការបន្ដតាមនីតិវិធី។ ខ្មាន់កាំភ្លើងឈ្មោះ ស្រី ស៉ីណា អាយុ៥០ឆ្នាំ។

យោងតាមការបញ្ជាក់របស់សមត្ថកិច្ចបានឲ្យដឹងថា ខ្មាន់កាំភ្លើងក៏មានងារជាឧកញ៉ា។ ជាមួយការឃាត់ខ្លួននេះ កម្លាំងនគរបាលដកហូតបានរថយន្ដមួយគ្រឿង ម៉ាក Ssangyong Rexton ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2BL-9923 និងកាំភ្លើងខ្លីមួយដើមសម្រាប់ធ្វើសកម្មភាព។ ក្រៅពីខ្មាន់កាំភ្លើងដែលជាអ្នកធ្វើសកម្មភាពផ្ទាល់ កម្លាំងនគរបាលក៏បានឃាត់ខ្លួនមនុស្សចំនួន២នាក់ផ្សេងទៀត ដែលសង្ស័យពាក់ព័ន្ធករណីនេះ។

ដោយឡែក សម្រាប់ជនរងគ្រោះក្នុងហេតុការណ៍នេះវិញ មានចំនួន៣នាក់ ក្នុងនោះស្ដ្រីម្នាក់ និងបុរស២នាក់។ ក្នុងចំណោមជនរងគ្រោះទាំង៣នាក់នោះ មាន២នាក់ជាគូដណ្ដឹងនឹងគ្នា ហើយត្រៀមចូលរោងការនៅអំឡុងខែតុលា ឆ្នាំ២០២៤ខាងមុខនេះ។ បើតាមការបញ្ជាក់បន្ថែមថា រហូតមកដល់ពេលចាប់ខ្លួននេះជនរងគ្រោះ២នាក់ដែលជាគូដណ្ដឹងនឹងគ្នានោះ បានបាត់បង់ជីវិត ខណៈម្នាក់ទៀតកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ ជំហានដំបូងបានឲ្យដឹងថា ដើមចមនៃហេតុការណ៍បាញ់ប្រហារដ៏រន្ធត់នេះ គឺផ្ដើមចេញពីទំនាស់អ្នកជិតខាង និងការប្រើប្រាស់ស្នួលហាលខោអាវ ព្រមទាំងការចតរថយន្ដ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×