Sunday, September 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានស្នើឱ្យដាក់ឈ្មោះ ស្រី ស៉ីណា ក្នុងបញ្ជីឧក្រិដ្ឋជនសាហាវ ដែលមិនអាចទទួលបានការលើកលែងទោស និងបន្ធូរបន្ថយទោស ក្នុងឱកាសណាមួយបានឡើយ

ភ្នំពេញ ៖ នៅក្នុងសន្និសីទសារព័ត៌មានពាក់ព័ន្ធ ករណីឃាតកម្ម ប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ បានប្រកាសថា ឯកឧត្តមនឹងចុះចេញពីតំណែង ជារដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ភ្លាមៗតែម្ដង ប្រសិនបើករណីជនល្មើស ស្រី ស៉ីណា ដែលបានបាញ់ប្រហារសម្លាប់មនុស្សដ៏ឃោរឃៅ មិនត្រូវបានកាត់ទោស ឬជាប់ពន្ធនាគារពីបីឆ្នាំហើយចេញមកវិញ ដូចបណ្តាញសង្គមមួយចំនួនបានបំភ្លៃមែន។

សូមរំលឹកផងដែរថា អតីតឧកញ៉ា ស្រី ស៊ីណា ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជាបណ្តោះអាសន្ន នៅមណ្ឌលអប់រំកែប្រែទី១ (ពន្ធនាគារព្រៃស) ក្រោមការចោទប្រកាន់ចំនួន៣បទល្មើស ក្នុងនោះមានបទឃាតកម្ម បទប៉ុនប៉ងឃាតកម្ម និងបទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ក្នុងសំណុំរឿង ២ដាច់ដោយឡែកពីគ្នា ពាក់ព័ន្ថនឹងករណីបាញ់សម្លាប់មនុស្ស២នាក់ ជាគូដណ្តឹងនឹងគ្នា និងបាញ់មនុស្ស២នាក់ទៀតឱ្យរបួស។

ករណីឃាតកម្មបាញ់ប្រហារដ៏រន្ធត់នេះ បានកើតឡើងនៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតក្នុងបុរីប៉េងហួតបឹងស្នោរ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ក្នុងនោះជនរងគ្រោះទាំង៤នាក់ ក្នុងហេតុការណ៍នេះ រួមមាន៖ ឈ្មោះ ឡុង លីសុង អាយុ២៧ឆ្នាំ (ស្លាប់), ឃីម កញ្ចនា ភេទស្រី អាយុ២៦ឆ្នាំ (ស្លាប់), សុខុម រ៉ាចាណៈ អាយុ២០ឆ្នាំ (រងរបួស) និង ហុង រិទ្ធធារ័ក្ស អាយុ២៤ឆ្នាំ (រងរបួសស្រាល)។ ពួកគេទាំង៤នាក់ស្នាក់នៅផ្ទះកើតហេតុខាងលើ។ ដោយឡែក ខ្មាន់កាំភ្លើងដែលពេលនោះមានគោរមងារជាឧកញ៉ាឈ្មោះ ស្រី ស៉ីណា អាយុ៥០ឆ្នាំ ស្នាក់នៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង។

ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ បានបញ្ជាក់ថា បើសិនបើឈ្មោះ (ស្រី ស៉ីណា) មិនត្រូវបានកាត់ទោស ឲ្យជាប់ពន្ធនាគារ ដោយអំពើបាញ់ប្រហារសម្លាប់មនុស្សដ៏ឃោរឃៅ ឬក៏អ្នកនេះ ជាប់ពន្ធនាគារត្រឹមតែ២ឬ៣ឆ្នាំ សម្រាប់ការបាញ់ប្រហារដ៏សាហាវបែបនេះ ខ្ញុំក៏ប្រហែលជាមិនធ្វើការ ក្នុងវិស័យច្បាប់ និងយុត្ដិធម៌ទៀតនោះទេ។ បើសិនជាជនល្មើស ស្រី ស៉ីណា មិនត្រូវបានកាត់ទោស ឬក៏ត្រូវបានកាត់ទោស ជាប់ត្រឹមតែ២ឬ៣ឆ្នាំចេញមកវិញ លោកជាអ្នកទទួលខុសត្រូវមុនគេ ហើយលោកនឹងដើរចេញឈប់ធ្វើការងារ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានប្រកាសស្នើមិនឱ្យមានការស្រូបទោសចំពោះករណី ឧក្រិដ្ឋជនស្រី ស៊ីណានេះផងដែរ ព្រមទាំងបានបញ្ជាក់ថា នឹងដាក់បញ្ចូលជននេះ ទៅក្នុងបញ្ជីឧក្រិដ្ឋជនសាហាវ ដែលមិនទទួលបានការបន្ធូរបន្ថយ និងលើកលែងទោសនោះទេ។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ការផ្សព្វផ្សាយតាមបណ្តាញសង្គមថា ឧក្រិដ្ឋជនអតីតឧកញ៉ា ស្រី ស៊ីណា នឹងជាប់គុកត្រឹមតែពី១០ ទៅ១៥ឆ្នាំ ជាការបង្កើតឱ្យការមានភាន់ច្រឡំប៉ុណ្ណោះ ខណៈករណីនេះត្រូវបានចោទប្រកាន់ ២សំណុំរឿងផ្សេងគ្នា ហើយសំណុំរឿងនីមួយៗប្រឈមការជាប់ពន្ធនាគារពី១០ ទៅ១៥ឆ្នាំ ដែលទោសនេះនឹងត្រូវបូកសរុប។

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ក៏សម្តែងការខកចិត្តចំពោះអ្នកសារព័ត៌មានមួយចំនួន ដែលបានយកឃាតកម្មសម្លាប់ម្ចាស់បំណុល នៅខេត្តកណ្តាលទៅប្រៀបធៀបជាមួយនឹងករណីឃាតកម្មបង្កឡើងដោយអតីតឧកញ៉ា ស្រី ស៊ីណា ជាការបំភ្លៃការពិតបង្កើតឱ្យមានការភាន់ច្រឡំ និងបញ្ឆេះការឈឺចាប់នៅក្នុងសង្គម ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនដោយគ្មានការទទួលខុសត្រូវ។

ឧបនាយករដ្ឋមន្ត្រី កើត​ រិទ្ធ បានបញ្ជាក់ថា យើងខ្ញុំក៏មានការខកចិត្តចំពោះអ្នកឆ្លៀតឱកាសមួយចំនួន ដែលដើម្បីផលប្រយោជន៍សួនតួរបស់ខ្លួនធ្វើការផ្សព្វផ្សាយព័ត៌មាន ដែលនាំឱ្យមានការភាន់ច្រឡំ ក្នុងចំណោមមហាជន ក៏ជាបំភ្លៃការពិតទាំងស្រុងដោយគ្មានការទទួលខុសត្រូវ ទី១៖ ការលើកឡើងថា ករណីនេះជាប់គុកតែពី ១០ ទៅ១៥ឆ្នាំ ជាការបង្កើតឱ្យមានការភាន់ច្រឡំ តាំងពីថ្ងៃទី១ ព័ត៌មានរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​ គឺបានបញ្ជាក់យ៉ាងច្បាស់ឈ្មោះនេះ បានចោទប្រកាន់ក្នុង ២សំណុំរឿងដាច់ដោយឡែកពីគ្នា មានន័យថាសាលក្រមពីរដាច់ដោយឡែកពីគ្នា។

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានលើកឡើងថា បើសាលក្រមមួយអាចមានទោសរហូតដល់១៥ឆ្នាំ តើយើងអាចនិយាយថាជននេះអាចមានទោសត្រឹម១៥ឆ្នាំអត់ បើមានសាលក្រមចំនួនពីរ ដូច្នេះ លោកសូមស្នើសុំថា ការលើកឡើងនេះតែមួយជ្រុង ហើយបន្ទរតាមគ្នា ហើយការបន្ទរតាមគ្នានេះចេះតែធ្វើបន្តទៅទៀតបង្កើតឱ្យមានការភាន់ច្រឡំកាន់តែខ្លាំង ទោះបីជាមានសេចក្តីប្រកាសព័ត៌មាន របស់អយ្យការអមសាលដំបូងរាជធានីភ្នំពេញ ក៏ដោយ។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាក់ថា អ្វីដែលជាការពិតលើទិដ្ឋភាពច្បាប់ ករណីនៃការបាញ់ប្រហារត្រូវបានចោទប្រកាន់ក្នុងពីរសំណុំរឿងដាច់ដោយឡែកពីគ្នា ហើយសំណុំរឿងនីមួយៗ អាចប្រឈមនឹងការដាក់ពន្ធនាគារពី១០ ទៅ១៥ឆ្នាំ ដូច្នេះ សូមស្នើសុំម្តងហើយម្តងទៀត ជូនដល់អ្នកសារព័ត៌មាន និងបងប្អូនជនរួមជាតិដែលលេងបណ្តាញសង្គម មេត្តាជួយផ្សព្វផ្សាយព័ត៌មាន ឱ្យបានពិតប្រាកដ និងឱ្យបានត្រឹមត្រូវគ្រប់ជ្រុងជ្រោយ ដើម្បីចៀសវាងការភាន់ច្រឡំក្នុងចំណោមសាធារណជន។

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានថ្លែងអំណរគុណចំពោះអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលបំបែកសំណុំរឿងជាពីរ ចំពោះករណីឧក្រិដ្ឋជន ស្រី ស៊ីណា។ ការបំបែកសំណុំរឿងជាពីរបែបនេះ នឹងនាំឱ្យឧក្រិដ្ឋជន ស្រី ស៊ីណា ទទួលរងទោសជាប់ពន្ធនាគាររយៈពេលវែង។

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានស្នើឱ្យដាក់ឈ្មោះ ស្រី ស៉ីណា ក្នុងបញ្ជីឧក្រិដ្ឋជនសាហាវ ដែលមិនអាចទទួលបានការលើកលែងទោស និងបន្ធូរបន្ថយទោស ក្នុងឱកាសណាមួយបានឡើយ។ការធ្វើបែបនេះ ដើម្បីធានាថាអំពើសម្លាប់មនុស្សដ៏សាហាវរបស់ឈ្មោះ ស្រី ស៉ីណា ត្រូវតែទទួលរងការអនុវត្តទោស នៅក្នុងពន្ធនាគារ ឲ្យបានធ្ងន់ធ្ងរ សាកសមទៅនឹងអំពើដែលខ្លួនបានប្រព្រឹត្ត ស្របតាមគោលការណ៍សមទណ្ឌោ។

ឯកឧត្តម កើត រិទ្ធ បានបញ្ជាក់ថា បន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការដែលផ្តន្ទាទោសជនល្មើសបានចូលជាស្ថាពរ ហើយខ្ញុំក៏ទទួលបានគោលការណ៍ដឹកនាំ ពីសំណាក់សម្តេចប្រមុខរាជរដ្ឋាភិបាល ក្នុងនាមខ្ញុំជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការជាតិ ដើម្បីពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះ ទណ្ឌិតស្នើសុំបន្ថូរបន្ថយទោស និងលើកលែងទោស ខ្ញុំនឹងស្នើសុំទៅគណៈកម្មការជាតិ ដើម្បីដាក់ឈ្មោះជននេះ ទៅក្នុងបញ្ជីឧក្រិដ្ឋជនសាហាវ ដែលមិនអាចទទួលការស្នើសុំបន្ថូរបន្ថយទោស និងលើកលែងទោសបានឡើយ ដើម្បីធានាថាអំពើសម្លាប់មនុស្សដ៏សាហាវបែបនេះ ត្រូវតែទទួលរងការអនុវត្តទោស នៅក្នុងពន្ធនាគារ ឲ្យបានធ្ងន់ធ្ងរ សាកសមទៅនឹងអំពើដែលខ្លួនបានប្រព្រឹត្ត ស្របតាមគោលការណ៍សមទណ្ឌោ ដែលជាគោលការណ៍គ្រឹះមួយក្នុងវិស័យយុត្តិធម៌ គឺការដាក់ទោសមួយ និងទទួលទោសមួយ សាកសមនឹងកំហុសដែលបានប្រព្រឹត្ត។

បើតាមឯកឧត្តម កើត រិទ្ធ , ករណីអតីតឧកញ៉ាខាងលើ បាញ់សម្លាប់មនុស្ស តុលាការត្រូវតែអនុវត្តតាមច្បាប់ឱ្យម៉ឺងម៉ាត់បំផុត ដោយគ្មានការលើកលែង ឬបន្ធូរបន្ថយ ហើយបន្ថែមថា ការផ្សព្វផ្សាយតាមបណ្តាញសង្គមថា ឧក្រិដ្ឋជន ស្រី ស៊ីណា នឹងជាប់គុកតែ១០ ទៅ១៥ឆ្នាំ ជាការបង្កើតឱ្យការមានភាន់ច្រឡំ ខណៈករណីនេះ ត្រូវបានចោទប្រកាន់ ២សំណុំរឿងផ្សេងគ្នា ដែលសំណុំរឿងនីមួយៗ អាចត្រូវជាប់ពន្ធនាគារពី១០ ទៅ១៥ឆ្នាំ ហើយទោសនេះនឹងបូកចូលគ្នា។ បើអយ្យការមិនបំបែកសំណុំរឿងជាពីរ ម្ល៉េះទោសរបស់ លោក ស្រី ស៊ីណា មិនធ្ងន់នោះទេ។ លោកបានធានាថា ករណីអតីតឧកញ៉ា ស្រី ស៊ីណា នឹងមិនអាចមានភាពមិនប្រក្រតីណាមួយកើតឡើងនៅតុលាការឡើយ។
បើអតីតឧកញ៉ា ស្រី ស៊ីណា មិនត្រូវជាប់ពន្ធនាគារ ឬជាប់ពន្ធនាគារ ២-៣ឆ្នាំចេញមកវិញ ពាក់ព័ន្ធករណីឃាតកម្មនេះ លោកកនឹងដើរចេញមិនអង្គុយនៅកន្លែងយុត្តិធម៌នេះទៀតទេ។

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌​ បានលើកឡើងថា គណៈកម្មការធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ ត្រូវបានបង្កើតរួចហើយ ដែលនឹងធ្វើសេចក្តីព្រាងវិសោធនកម្មច្បាប់ បន្ថែមស្ថានភាពទម្ងន់ទោសចំពោះឃាតកម្មដែលសាហាវ បាញ់សម្លាប់មនុស្សជាបន្តបន្ទាប់ ដូចករណី អតីតឧកញ៉ា ស្រី ស៊ីណា។ ​ការធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌនេះ ​គឺអនុវត្តតាមការណែនាំពី សម្តេចមហាបវរធិបតី ដែលយកចិត្តទុកដាក់លើករណីឃាតកម្ម​ ដើម្បីធានាថាច្បាប់ត្រូវអនុវត្តដោយម៉ឺងម៉ាត់ និងតឹងរឹង និងត្រូវតែត្រឹមត្រូវ​ និងស្របតាមមតិមហាជនដែលលើកថា ករណីសម្លាប់មនុស្សសាហាវ ដូចករណី បុគ្គល ស្រី ស៊ីណា ការដាក់ទោសពី១០ឆ្នាំទៅ១៥ឆ្នាំគឺស្រាលណាស់ បើធៀបនឹងបណ្តាប្រទេសផ្សេងទៀត ខណៈបច្ចុប្បន្ននេះតាមច្បាប់ព្រហ្មទណ្ឌរបស់កម្ពុជា បានកំណត់ថា ករណីឃាតកម្មមិនគិតទុកជាមុន ជាប់ទោសអតិបរមាត្រឹម១៥ឆ្នាំប៉ុណ្ណោះ ហេតុនេះហើយកម្ពុជាមិនអាចផ្តន្ទាទោសជនល្មើសពីអ្វីច្បាប់ជាធរមានបានចែង ឬបញ្ញត្តិនោះទេ។ ​

ឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ បានគូសបញ្ជាក់ថា បទឃាតកម្ម ក្នុងវិសោធនកម្មក្រមព្រហ្មទណ្ឌ ដែលនឹងចេញជាលទ្ធផលនៅចុងឆ្នាំនេះ ចំពោះការកំណត់ទោស នឹងលើសអ្វីដែលកំពុងអនុវត្តនាពេលបច្ចុប្បន្ន ពោលមិនក្រោម១៥ឆ្នាំនោះទេ។

ឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ បានលើកឡើងថា អ្នកច្បាប់ទទួលស្គាល់ យើងខ្ញុំទទួលស្គាល់ថា​ក្រមព្រហ្មទណ្ឌថ្វីត្បិតតែមានច្រើនទំព័រ មានច្រើនមាត្រា ប៉ុន្តែនៅតែមិនគ្រប់ ដោយត្រូវមានច្បាប់ចេញជាបន្តបន្ទាប់ ហើយទន្ទឹមនឹងនេះ ក៏មានចំណុចខ្វះខាតដែលមហាសន្និបាតបូកសរុបការងារឆ្នាំ២០២៣កន្លងទៅ បានធ្វើការសម្រេចចិត្ត ក្នុងការធ្វើវិសោធនកម្មក្រមទាំងពីរនេះឡើងវិញ គឺក្រមព្រហ្មទណ្ឌ និងក្រមនិតិវិធីព្រហ្មទណ្ឌឡើងវិញ ដើម្បីម្យ៉ាងបំពេញនូវចំណុចខ្វះខាត និងម្យ៉ាងទៀតកែសម្រួលឱ្យត្រូវទៅនឹងស្ថានភាពវិវត្តិនៃសង្គម និងតម្រូវការរបស់សង្គម ដើម្បីដល់សន្តិសុខ និងសុវត្ថិភាពសាធារណៈ ព្រមទាំងសណ្តាប់ធ្នាប់សង្គម។ ​ការធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌក្នុងកម្រិតបច្ចេកទេស​ អាចនឹងបញ្ចប់នៅចុងឆ្នាំ២០២៤នេះ​៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×