រាជធានីភ្នំពេញ ÷ ស្នូរផ្ទុះគ្រាប់កាំភ្លើង ផាំង ផាំង ផាំង ផាំង ! លាន់ឮឡើងបួនប្រាំគ្រាប់ផ្ទួនៗគ្នា នោះជាអំពើមនុស្សឃាតបាញ់ប្រហារទៅលើមនុស្ស ៥-៦នាក់ នៅក្នុងផ្ទះល្វែងមួយកន្លែងស្ថិតក្នុងបុរីស៊ីវីល័យមួយ បណ្ដាលឱ្យមនុស្សប្រុស-ស្រីជាគូដណ្ដឹងនឹងគ្នា ស្លាប់២នាក់ និង ២នាក់ទៀត ជាក្រុមការងាររងរបួសស្រាល ហើយភ្លាមនោះ ជនដៃដល់ជាខ្មាន់កាំភ្លើងបានរត់គេចខ្លួនចាកចេញពីកន្លែងកើតហេតុបាត់ទៅ បន្សល់ទុកការភ្ញាក់ផ្អើល ដោយមនុស្សម្នារស់នៅម្ដុំនោះ ចេញមកចោមរោមមើលដោយក្ដីភ្ញាក់ផ្អើល និងតក់ស្លុតឥតឧបមា ខណៈឃើញមនុស្សដេកដួលក្នុងថ្លុកឈាម ហើយកម្រាលឥដ្ឋការ៉ូក៏បានក្លាយទៅជាកម្រាលឈាមក្រហមឆ្អៅផងដែរ។
ហេតុការណ៍បាញ់ប្រហារសម្លាប់មនុស្ស ដែលជនដៃដល់ប្រៀបដូចជាមនុស្សព្រៃនេះ កើតឡើងនៅឯផ្ទះល្វែងទំនើបមួយស្ថិតក្នុងបុរីប៉េងហួតបឹងស្នោ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ វេលាម៉ោងជាង ៤រសៀល ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤, ផ្ទះជនរងគ្រោះ គឺជាផ្ទះធ្វើសេវាកម្មថតរូប ផ្ដិតរូប រចនារូបស្អាតៗជូនអតិថិជន។ ការប្រព្រឹត្តអំពើបាបតែងតែត្រូវបានកម្មលោកកិយតាមផ្ដន្ទាទោសដោយគេចមិនផុតនោះ ខ្មាន់កាំភ្លើងត្រូវបានកម្លាំងនគរបាលស្រាវជ្រាវចាប់ខ្លួនបាន ក្រោយរត់គេចខ្លួនប្រហែល២ម៉ោង នៅក្នុងទឹកដីស្រុកអង្គស្នួល ខេត្តកណ្ដាល។
បើតាម លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ឱ្យដឹងថា ពេលនេះខ្មាន់កាំភ្លើងត្រូវបានបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសួរនាំ និងចាត់ការតាមនីតិវិធី។
អ្វីដែលគួរឱ្យភ្ញាក់ផ្អើល និងមិននឹកស្មានដល់មួយចំណុចទៀតនោះ ជនដៃដល់ប្រដាប់អាវុធ មានងារ ជាឧកញ៉ា ឈ្មោះ ស្រី ស៉ីណា អាយុ៥០ឆ្នាំ និងជាពូជពង្សសែស្រឡាយរបស់ត្រកូល ” ស្រី ” ដែលមានងារជា ” ឧកញ៉ា ” ជាច្រើនទៀត។ ជនដៃដល់ ឧកញ៉ា ស្រី ស៊ីណា ជាជនជាតិខ្មែរ ស្នាក់នៅផ្ទះ លេខ៤៤ ផ្លូវ៣៩០ ភូមិ១ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
សមត្ថកិច្ចនៅកន្លែងកើតហេតុ បានឱ្យដឹងថា ជាមួយនឹងការឃាត់ខ្លួន ឧកញ៉ា ស្រី ស៉ីណា ជនដៃល្មោភបាញ់សម្លាប់មនុស្សនេះ កម្លាំងនគរបាលដកហូតបានរថយន្ដ១គ្រឿង ម៉ាក Ssangyong Rexton ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BL-9923 និងកាំភ្លើងខ្លី១ ជាអាវុធធ្វើសកម្មភាពបាញ់សម្លាប់។ ក្រៅពីជនដៃដល់ដែលជាអ្នកធ្វើសកម្មភាពផ្ទាល់ កម្លាំងនគរបាលក៏បានឃាត់ខ្លួនមនុស្ស ២នាក់ ផ្សេងទៀតផងដែរ ដែលសង្ស័យពាក់ព័ន្ធករណីនេះ។
ងាកមកមើលជនរងគ្រោះវិញ មានចំនួន ៤នាក់ ក្នុងនោះ បុរស-ស្ត្រី ជាគូដណ្ដឹងនឹងគ្នា ២នាក់ បានស្លាប់ដោយគ្រាប់កាំភ្លើងបាញ់ទម្លុះរាងកាយ, ពួកគេត្រៀមចូលរោងការនៅអំឡុង ខែតុលា ឆ្នាំ២០២៤ខាងមុខនេះ
និងបុរស ២នាក់ទៀត រងរបួសស្រាល ជាសហការីរួមការងារ និងជាសាច់ញាតិជាមួយនឹងជនរងគ្រោះស្លាប់បាត់បង់ជីវិតផងដែរ។
ជនរងគ្រោះ រួមមាន :
១-ឈ្មោះ ឡុង វិសុង ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុខាងលើ (ស្លាប់នៅកន្លែងកើតហេតុ),
២-ឈ្មោះ ឃីម កញ្ចនា ភេទស្រី អាយុ២៥ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុ (បានស្លាប់នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ដោយគ្រូពេទ្យបញ្ជាក់ថា ផុតបន្តិចហើយ ឬថា យឺតពេលបន្តិចហើយ)។ វីរភាពរបស់នារីរងគ្រោះ គឺត្រូវបានប្អូនប្រុសដែលជាជនរងគ្រោះដែរនោះ បាននិយាយថា ខណៈពេលបុរសជាគូដណ្ដឹង ត្រូវជនដៃដល់បាញ់ឱ្យដួលខ្ពកហើយ ស្រាប់តែនាងស្ទុះទៅកន្ទ្រប់ឱបគូដណ្ដឹងដើម្បីរារាំងគ្រាប់កាំភ្លើងដ៏ក្លាហានបំផុត ហើយនាងក៏ត្រូវស្លាប់ដោយរបៀបនេះទៅ នេះជាវីរភាពមួយក្នុងអត្ថន័យស្រឡាញ់គ្នាស្នេហាស្មោះ។
៣-ឈ្មោះ សុខុម ចរណៈ ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុ (របួសស្រាល)។
៤ុ-ឈ្មោះ ហុង រិទ្ធារ័ក្ស ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុ (របួសស្រាល)។ ពួកគេជាអ្នកប្រកបរបរបើកអាជីវកម្ម សេវាកម្ម ថតរូប ផ្ដិតរូប រចនារូបស្អាតៗជូនអតិថិជន។
ដើមហេតុបណ្តាលឱ្យកើតមានការបាញ់ប្រហារនេះ គឺកាលពី ០៣ ថ្ងៃមុន ភាគីខាងជនរងគ្រោះមានការឈ្លោះប្រកែកគ្នាជាមួយអ្នកជិតខាងគ្នា ម្ចាស់ផ្ទះលេខ ២៤ ដែលជាផ្ទះជនបង្ក ដើមស្វាយលូតមែកធាងលយចូលទៅលើផ្ទះជនរងគ្រោះ លុះជនរងគ្រោះមកកាប់មែកធាងនេះចោល ក៏កើតជាជម្លោះនឹងគ្នា។ រឿងផ្ទះជនបង្ក បានចតរថយន្តលយចូលមុខផ្ទះជនរងគ្រោះ លុះពេលទៅប្រាប់ ក៏កើតជារឿងឈ្លោះប្រកែកគ្នា អន់ចិត្តគ្នា និងរឿងមួយទៀត គឺផ្ទះជនបង្ក បានដាក់ស្នួលហាលខោអាវលយចូលលើផ្ទៃដីមុខផ្ទះរបស់ជនរងគ្រោះ ហើយនៅពេលសួរនាំ ក៏បណ្ដាលឱ្យប្រកែកគ្នាតឹងសរសៃ.ក។
លុះដល់ថ្ងៃកើតហេតុ ជនរងគ្រោះនៅជ៉ំគ្នាក្នុងផ្ទះកើតហេតុខាងលើ ពេលនោះស្រាប់តែលេចមុខជនសង្ស័យទី១ គឺឧកញ៉ាដៃឆៅ ស្រី ស៉ីណា អាយុ៥០ឆ្នាំនេះឯង បានមកសួរនាំរឿងឈ្លោះគ្នាជាមួយបងគេកាលពីប៉ុន្មានថ្ងៃមុន រួចក៏ដកកាំភ្លើងខ្លីមិនស្គាល់ម៉ាកបាញ់ស្រោចទៅលើក្រុមជនរងគ្រោះបណ្តាលឱ្យស្លាប់ និងរបួសធ្ងន់-ស្រាលតែម្ដង, ហើយភ្លាមនោះ ជនដៃដល់បានរត់ឡើងជិះម៉ូតូដែលបក្ខពួកខ្លួនកំពុងបញ្ឆេះរង់ចាំស្រាប់គេចចេញពីកន្លែងកើតហេតុ ប៉ុន្តែត្រូវបានកម្លាំងនគរបាលស្រាវជ្រាវតាមចាប់ខ្លួនបាននៅក្នុងទឹកដីស្រុកអង្គស្នួល ខេត្តកណ្ដាល។
ករណីខាងលើនេះ ឃើញឧស្សាហ៍មានកើតឡើងញឹកញាប់ចំពោះពលរដ្ឋដែលរស់នៅផ្ទះក្បែរខាងគ្នា ខ្លះប្រកែកគ្នាតឹងសរសៃ.ក ខ្លះឈ្លោះគ្នាបែកផ្សែង ខ្លះប្រើអំពើហិង្សាកាប់ចាក់គ្នា អ៊ីចឹងទៅ…។
ទោះជាយ៉ាងណា រឿងមួយនេះ ជាមេរៀន និងបទពិសោធន៍មួយទៀតសម្រាប់អ្នករស់នៅក្បែរខាងគ្នា សូមឱ្យចេះអត់ធ្មត់ យោគយល់គ្នា ដឹងខុសដឹងត្រូវ ត្រូវហ៊ានទទួលស្គាល់ថាន ខ្លួនឯងបំពានគេឬក៏អត់? មិនត្រូវរឹងរូសអាងអំណាច យកឈ្នះគ្នាទាំងបំពាននោះឡើយ បើពុំដូច្នោះទេ ប្រាកដណាស់ថា ច្បាស់ជាកើតមានអំពើហិង្សារបួសស្នាម និងគ្រោះថ្នាក់ដល់ជីវិតទៀតផង, ជាក់ស្ដែង ករណីខាងលើនេះជាគំរូស្រាប់។
មួយវិញទៀត ការប្រើសម្ដីទៅប្រាប់ដល់អ្នកជិតខាងរបស់ខ្លួនអំពីរឿងចម្រូងចម្រាសអ្វីមួយ ត្រូវប្រើពាក្យសម្ដីជាមួយនឹងស្នាមញញឹម រាក់ទាក់គ្នា ប្រាប់គ្នាត្រឹមត្រូវ កុំប្រើពាក្យសម្ដីដោយក្របួចមាត់ជះកំហឹងឱ្យសោះ បើពុំសោតនោះទេ ច្បាស់ជាមានបញ្ហារឿងរ៉ាវធំជាក់ជាមិនខាន ដូចករណីខាងលើនេះ៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN















