Thursday, November 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈប្រតិភូគណៈកម្មការទី៨នៃរដ្ឋសភា​ បន្តចុះពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងគោលនយោបាយទាក់ទងនឹងវិស័យទាំង៤ ដែលគណៈកម្មការទទួលបន្ទុក នៅខេត្តកោះកុង

កោះកុង ៖ នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភា (គណៈកម្មការទី៨នៃរដ្ឋសភា) ដឹកនាំដោយ​ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ និងមានការចូលរួមពី​ ឯកឧត្តម ដុំ យុហៀន អ្នកតំណាងរាស្ត្រខេត្តកោះកុង បានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ស្រេង ហុង អភិបាលស្តីទីនៃគណៈអភិបាលខេត្តកោះកុង​ ដើម្បីចុះពិនិត្យការអនុវត្តច្បាប់ និងគោលនយោបាយនានារបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងវិស័យទាំង៤ ដែលគណៈកម្មការទទួលបន្ទុក នៅសាលប្រជុំសាលាខេត្តកោះកុង។

លោកជំទាវ ឡោក ខេង បានលើកឡើងពីគោលបំណងក្នុងការតាមដានការអនុវត្តច្បាប់ និងលើកកម្ពស់ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នៃរដ្ឋសភា ដោយបានដាក់ចេញយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលផ្តោតសំខាន់ទៅលើ កំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាក្នុងឆ្នាំ២០៣០ និងឆ្នាំ២០៥០។

ក្នុងឱកាសនោះ​ ឯកឧត្តម ស្រេង ហុង អភិបាលស្តីទី​ បានបង្ហាញពីវឌ្ឍនភាពការងារ និងហេដ្ឋារចនាសម្ព័ន្ធនានាដែលខេត្តបានធ្វើកន្លងមក​ ក្នុងនោះក៏មានវិស័យសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីផងដែរ។​ ឯកឧត្តមអភិបាលស្តីទីបានបន្តទៀតថា វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ បានចុះបញ្ជីតាមសហគ្រាសគ្រឹះស្ថានក្នុងខេត្តសរុបចំនួន៧៦ ដែលមានកម្មករ និយោជិតកំពុងបម្រើការងារសរុបចំនួន១៤.៦១៦នាក់ ក្នុងនោះមានកម្មករបរទេសចំនួន ២.០៤២នាក់ និងបានចុះតាមដាន ផ្សព្វផ្សាយ និងបណ្តុះបណ្តាលសេវាសន្តិសុខសង្គមទាំងបួនផ្នែកដូចជា៖ ផ្នែកហានិភ័យការងារ ផ្នែកថែទាំ ផ្នែកសោធន (បង់ភាគទានផ្នែកសោធនស្ម័គ្រចិត្ត) និងស្វ័យនិយោជន៍។ ចំពោះវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានសហការជាមួយមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត និងអាជ្ញាធរឃុំ សង្កាត់ អនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ គ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលជំងឺកូវីដ-១៩ ទូទាំងខេត្ត។

ឯកឧត្តមបានបន្ថែមទៀតថា វិស័យសុខាភិបាល បានពិនិត្យ និងពិគ្រោះជំងឺក្រៅសរុបចំនួន ៧.៣០៤៨ ករណី (ករណីថ្មីចំនួ៦៦.៩៧៩ករណី) បានផ្តល់សេវាការព្យាបាលអ្នកជំងឺ ដោយសម្រាកពេទ្យ ផ្តល់សេវាសម្រាលកូន ផ្តល់សេវាជូនស្ត្រីមានផ្ទៃពោះ មកពិនិត្យផ្ទៃពោះមុនសម្រាល និងក្រោយសម្រាល និងចាក់ថ្នាំបង្ការជំងឺ១១មុខជូនកុមារ។ ចំណែកវិស័យកិច្ចការនារីបានផ្សព្វផ្សាយ និងបើកវគ្គបណ្តុះបណ្តាលសិស្សចូលរៀនជំនាញធ្វើអំបោសស្មៅត្រែង សំអាងកាយ និងកាត់ដេរសំលៀកបំពាក់ដល់ស្ត្រីក្រីក្រ ក្មេងស្រីបោះបង់ការសិក្សា និងស្ត្រីរងគ្រោះដោយអំពើហិង្សា និងបើកវេទិកាផ្សព្វផ្សាយជាច្រើននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង។

ឯកឧត្តមអភិបាលខេត្តស្តីទី​ បានលើកឡើងពីបញ្ហាប្រឈមនានា ដែលខេត្តបានជួបប្រទះនាពេលកន្លងមកមានកង្វះខាតធនធានមនុស្ស និងបច្ចេកទេស កង្វះខាតឱសថ និងសម្ភារៈបរិក្ខារពេទ្យ ម្ចាស់សហគ្រាស និងនិយោជកមួយចំនួនមិនទាន់បានយល់ច្បាស់អំពីច្បាប់ ប.ស.ស ការប្រែប្រួលអាកាសធាតុ គ្រោះធម្មជាតិ ដែលនាំឱ្យប្រជាពលរដ្ឋធ្វើចំណាកស្រុកជាដើម។

បន្ទាប់ពីបានស្ដាប់របាយការណ៍ខេត្តរួចមក លោកជំទាវឡោក ខេង បានថ្លែងអំណរគុណ និងកោតសរសើរដល់អាជ្ញាធរខេត្ត ដែលខិតខំបំពេញភារកិច្ចជូនប្រជាពលរដ្ឋឱ្យស្របតាមគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ក្នុងការផ្តល់សេវាសុខាភិបាលសម្រាប់ពង្រឹងប្រព័ន្ធគាំពារសង្គម ជំនួយសង្គម និងសន្តិសុខសង្គម ការបណ្តុះបណ្តាលវិជ្ជាជីវៈ បច្ចេកទេសជូនយុវជនក្រីក្រ និងងាយរងហានិភ័យ។

ដូចការចុះផ្សព្វផ្សាយនៅបណ្តាខេត្តផ្សេងៗដែរ លោកជំទាវប្រធានគណៈកម្មការ បានស្នើសុំឱ្យមណ្ឌលសុខ ភាព និងមន្ទីរពេទ្យបង្អែកខេត្តដាក់ប៉ាណូ និងចាក់វីដេអូអប់រំផ្សព្វផ្សាយពីការបង្ការ និងរបបអាហារសម្រាប់ការពារជំងឺមិនឆ្លងជូនដល់ប្រជាពលរដ្ឋ និងផ្សព្វផ្សាយដល់យុវជនឲ្យមកចូលរៀននៅសាលាបណ្ដុះបណ្ដាលពហុបច្ចេកទេសខេត្ត ដើម្បីឲ្យក្លាយទៅជាកម្មករជំនាញ​ និងទទួលបានប្រាក់ខែខ្ពស់។ លោកជំទាវបានបន្តទៀតថា មន្ទីរប.ស.ស ត្រូវតែពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការផ្សព្វផ្សាយពីសារៈសំខាន់នៃការប្រើប្រាស់ប័ណ្ណប.ស.ស​ ដល់បុគ្គលស្វ័យនិយោជន៍ឱ្យបានយល់ច្បាស់ និងចូលរួមជាមួយប.ស.ស​ ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×