Friday, July 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជ្រូករស់ជិត ២ពាន់ក្បាល ត្រូវបានក្រុមហ៊ុន ឌឿនសាមិត្ត សំរុកនាំចេញពេលយប់ទៅប្រទេសវៀតណាម តាមច្រករបៀងគម្ពោតទូក ដូចជាងាយស្រួលពេកហើយ

spot_img

ខេត្តស្វាយរៀង : ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរច្រករបៀងព្រំដែន កម្ពុជា-វៀតណាម ភាគខាងកើត គឺច្រករបៀងគម្ពោតទូក បាននិយាយប្រាប់អ្នកសារព័ត៌មាន CEN ថា ប្រហែលពីរសប្តាហ៍នេះ មានរថយន្តដឹកជ្រូករស់ ចំនួន ០៧គ្រឿង របស់ក្រុមហ៊ុន ឌឿនសាមិត្ត បាននិងកំពុងដឹកជ្រូករស់រាប់ពាន់ក្បាល សំរុកនាំចេញទៅប្រទេសវៀតណាម គឺដឹកនាំចេញតែពេលយប់ៗទេ តាមច្រករបៀងគម្ពោតទូកនេះឥតដាច់រយៈ មិនដឹងថាមានច្បាប់អនុញ្ញាត ឬក៏អត់ទេ? ឬក៏គេដឹកជ្រូកទាំងទ្រុងៗពេញរថយន្ដយីឌុបនាំចេញនេះ ត្រូវបានសមត្ថកិច្ចពាក់ព័ន្ធ និងសមត្ថកិច្ចជំនាញត្រូវរ៉ូវគ្នាអស់ហើយ ក៏នាំគ្នាបិទភ្នែកអ៊ីចឹងទៅ ក៏មិនដឹង?!

គិតចាប់តាំងពីពាក់កណ្ដាល ខែមិថុនា ឆ្នាំ​២០២៤ មកដល់យប់ថ្ងៃទី១ ខែកក្កដា ឆ្នាំ​២០២៤នេះ សរុបទៅ ជ្រូករស់ជិត ២ពាន់ក្បាលហើយ ដែលក្រុមហ៊ុន ឌឿនសាមិត្ត សំរុកនាំចេញតាមច្រករបៀងគម្ពោតទូក ស្ថិតនៅ ភូមិគម្ពោតទូក ឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង ដើម្បីនាំចេញទៅកាន់ប្រទេសវៀតណាម គឺនាំចេញតែពេលយប់ៗទេ។ ពេលរថយន្តយីឌុបដឹកជ្រូកមកដល់ច្រករបៀងគម្ពោតទូកនេះ គេឃើញរថយន្តចេញឱ្យរពុយ  មិនមានការត្រួតពិនិត្យជាក់លាក់ ឬច្បាស់លាស់តឹងរ៉ឹងពីសមត្ថកិច្ចជំនាញទេ ព្រោះជ្រូកចេញតែពេលយប់ ហើយថា មន្ត្រីពេទ្យសត្វខេត្តស្វាយរៀង ជាអ្នកត្រួតពិនិត្យកាត់ស្តុក ប៉ុន្តែមិនបានត្រួតពិនិត្យទេ ដោយអាងថាចេញពេលយប់, ហើយក្រុមហ៊ុន ឌឿនសាមិត្ត នេះ ក៏ចូលទៅប្រទេសវៀតណាមបាត់ទៅ, ការដឹកជ្រូកចេញទៅប្រទេសវៀតណាម តាមច្រករបៀងនេះ មិនដឹងថាមានច្បាប់ ឬអត់ច្បាប់នោះទេ … បើធូររលុងយ៉ាងហ្នឹង ច្បាប់ទម្លាប់របស់ប្រទេសកម្ពុជានឹងទៅជាយ៉ាងណា ? តើរាជរដ្ឋាភិបាលខាតប្រយោជន៍អ្វីខ្លះ?!

ស្រាយនឹងចម្ងល់នាំជ្រូករស់ចេញទៅវៀតណាមយ៉ាងងាយស្រួលនេះនៅពេលយប់ៗនេះ លោក ប៉ែន ចន្ធី ប្រធានការិយាល័យផលិតកម្មននិងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តស្វាយរៀង បានប្រាប់ឱ្យដឹងថា ការនាំជ្រូករស់ចេញទៅប្រទេស​វៀតណាមនេះ គឺក្រុមហ៊ុន ឌឿនសាមិត្ត គេមានច្បាប់ពីក្រសួងកសិកម្ម នាំសត្វជ្រូករស់ពីប្រទេសថៃ យកទៅប្រទេស​វៀតណាម ដោយឆ្លងកាត់ខេត្តឧត្តរមានជ័យ ឆ្ពោះមកខេត្តស្វាយរៀង ចេញទៅប្រទេសវៀតណាម ដូច្នេះមន្ត្រីជំនាញពេទ្យសត្វ គ្រាន់តែពិនិត្យលើឯកសារ និងកាត់ស្តុកតែប៉ុណ្ណោះ។ លោក ប៉ែន ចន្ធី បានប្រាបៀថា រឿងនេះ សមត្ថកិច្ចព្រំដែនបានរាយការណ៍ថា មកដល់យប់ថ្ងៃទី១ ខែកក្កដា ឆ្នាំ​២០២៤ ឃើញក្រុមហ៊ុននាំជ្រូករស់ទៅប្រទេសវៀតណាម សរុប ១ ៦០០ក្បាលហើយ ។ ​ក្រុមហ៊ុន ឌឿនសមិត្ត នាំជ្រូកមកពីថៃ សរុបតែ ៨៥០ក្បាលប៉ុណ្ណើ ប៉ុន្តែជ្រូកប្រជាពលរដ្ឋក្នុងស្រុកចំនួន ៧៥០ក្បាលទៀត ដែលអ្នករកស៊ីជ្រូកក្នុងស្រុក ដើរប្រមូលទិញ តាមបណ្តាខេត្តនានាក្នុងស្រុក រួចហើយនាំចេញអែបជាមួយក្រុមហ៊ុនឌឿនសាមិត្ត បូកបញ្ចូលគ្នា សរុបទៅ គឺ ៦០០ក្បាលហើយ។

ទាក់ទិននឹងករណីនាំជ្រូករស់ចេញនេះ សមត្ថកិច្ចម្នាក់សុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងផងដែរថា ក្រុម​ហ៊ុន ឌឿនសាមិត្ត មានច្បាប់​នាំជ្រូករស់ចេញពីប្រទេសថៃ រាប់ម៉ឺនក្បាលចូលមកប្រទេសកម្ពុជា ដោយឆ្លងកាត់ ខេត្តឧត្តរមានជ័យ ឆ្ពោះទៅប្រទេសវៀតណាម ចូលតាមច្រកទ្វារអន្តរជាតិអូរស្មាច់ ស្ថិតក្នុងភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ រួចហើយសំរុកចូលទៅប្រទេសវៀតណាម តាមច្រករបៀងខេត្តត្បូងឃ្មុំ ខេត្តស្វាយរៀង និងខេត្តព្រៃវែង, ប៉ុន្តែទោះជាយ៉ាងណា  វានៅតែមានភាពមិនប្រក្រតីច្រើន ព្រោះថា ហេតុអ្វី ក្រុមហ៊ុនឌឿនសាមិត្ត នាំជ្រូករស់ពីប្រទេសថៃ ចូលមកកម្ពុជា បន្តចូលទៅប្រទេសវៀតណាម គឺចូលតែពេលយប់ៗបែបនេះ?! ជ្រូកជិត ២ពាន់ក្បាលហើយ គិតមកដល់ថ្ងៃទី២ ខែកក្កដា ឆ្នាំ​២០២៤នេះ ហើយក្រុមហ៊ុន បាននាំចេញតាមខេត្តស្វាយរៀង នាំចេញតាមខេត្តត្បូងឃ្មុំ និងតាមខេត្តព្រៃវែង ដូច្នេះការកាត់ស្តុករបស់មន្ត្រីជំនាញ គឺមិនសុក្រិតនោះទេ, ពិសេស ការនាំជ្រូកចេញសព្វថ្ងៃនេះ តាមច្រកគម្ពោតទូក នៃខេត្តស្វាយរៀង ហេតុអ្វីបាននាំចេញតែពេលយប់ៗ?៕ ពិសិដ្ឋ CEN

spot_img
×