រាជធានីភ្នំពេញ ៖ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួងសុខាភិបាល (មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ) និងការិយាល័យ ពហុប្រទេសនៃអង្គការUNAIDS ប្រចាំប្រទេសកម្ពុជា ឡាវ ម៉ាឡេស៊ី ដែលមានមូលដ្ឋាននៅរាជធានី ភ្នំពេញ បានរួមគ្នាផ្សព្វផ្សាយការប៉ាន់ប្រមាណស្ថានភាពនៃការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍ នៅកម្ពុជា នាឆ្នាំ២០២៣។
ដោយមានការគាំទ្រដ៏រឹងមាំពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងដោយការប្រឹងប្រែងរួមគ្នារវាងអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ មជ្ឈមណ្ឌលជាតិ គាំពារមាតានិងទារកនៃក្រសួងសុខាភិបាល ព្រមទាំងការចូលរួមអនុវត្តកម្មវិធីដោយអង្គការសង្គមស៊ីវិល ទាំងអស់ និងដោយមានកិច្ចសហការដ៏ជិតស្និទ្ធពីអង្គការUNAIDS នៅឆ្នាំ២០២៣ ការឆ្លើយតបនឹង មេរោគអេដស៍និងជំងឺអេដស៍ នៅកម្ពុជា បានទទួលលទ្ធផលល្អប្រសើរ និងមានវឌ្ឍនភាព។
តាមការប៉ាន់ប្រមាណតាមបែបវិទ្យាសាស្ត្រក្នុងឆ្នាំ២០២៣ ចំនួនអ្នកឆ្លងថ្មីនៃមេរោគអេដស៍ មានការថយចុះពី១.៤០០នាក់ នៅឆ្នាំ២០២២ មកនៅត្រឹម១,២០០នាក់ នៅឆ្នាំ២០២៣ គឺមានការ ធ្លាក់ចុះចំនួន២០០នាក់។
ឯការចម្លងមេរោគអេដស៍ពីម្ដាយទៅកូនមានការថយចុះពីអត្រា៩,៩% នៅ ឆ្នាំ២០២២ មកត្រឹម៨% នៅឆ្នាំ២០២៣។ ចំណែកឯគោលដៅ៩៥ទីមួយ អត្រាអ្នកដឹងពីស្ថានភាពនៃ ការឆ្លងមេរោគអេដស៍របស់ខ្លួន បានកើនឡើងពី៨៦% នៅឆ្នាំ២០២២. ទៅ៨៩% នៅឆ្នាំ២០២៣។ ដូច្នេះ លើគោលដៅ ៩៥-៩៥-៩៥ កម្ពុជាយើងសម្រេចបាន៨៩-៩៨-៩៨។ លទ្ធផលនេះ ជាសញ្ញា វិជ្ជមានបញ្ជាក់ជាថ្មីថា ការប្រឹងប្រែងរួមរបស់យើងក្នុងរយៈពេលមួយឆ្នាំនេះបាននិងកំពុងទទួលបាន លទ្ធផលជាផ្លែផ្កា ថ្វីត្បិតតែស្ថិតនៅឆ្ងាយពីគោលដៅឆ្លងថ្មីដែលបានកំណត់ឱ្យមានការឆ្លងថ្មីក្នុងរង្វង់ ២០០នាក់ក្នុងមួយឆ្នាំ នៅឆ្នាំ២០២៥ក៏ដោយ។ ការណ៍នេះ ទាមទារកម្ពុជាយើងឱ្យបន្តប្រឹងប្រែងទ្វេដង ថែមទៀត ដើម្បីអនុវត្តឱ្យបានសម្រេចគោលដៅដែលបានកំណត់ក្នុងគោលនយោបាយជាតិបញ្ចប់ អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ របស់រាជរដ្ឋាភិបាលកម្ពុជា។
ទន្ទឹមនឹងវឌ្ឍនភាពល្អប្រសើរដែលសម្រេចបានក្នុងឆ្នាំ២០២៣ កម្ពុជាយើងក៏បាននិងកំពុង ប្រឈមនឹងបញ្ហាមួយចំនួនដែលក្នុងនោះ អត្រាឆ្លងថ្មីនៃមេរោគអេដស៍ នៅតែបន្តមានកម្រិតខ្ពស់ក្នុង ចំណោមក្រុមប្រជាជនគន្លឹះដែលជាក្រុមប្រឈមនឹងហានិភ័យខ្ពស់រួមមាន ក្រុមបុរសរួមភេទជាមួយបុរស ក្រុមបំប្លែងភេទ ក្រុមស្រ្តីបម្រើក្នុងសេវាកម្សាន្ត និងក្រុមប្រើប្រាស់គ្រឿងញៀន។ ជាពិសេស ក្រុម យុវវ័យអាយុពី១៥-២៤ឆ្នាំ ដែលនិន្នាការនៃការឆ្លងថ្មីមេរោគអេដស៍មានការកើនឡើងនោះ មានការ ធ្លាក់ចុះគួរឱ្យកត់សម្គាល់នូវការយល់ដឹងពីមេរោគអេដស៍និងជំងឺអេដស៍។ ទន្ទឹមនឹងនេះ យើងក៏ត្រូវបិទ គម្លាតគោលដៅ៩៥ ទី១ផងដែរ។
ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានមាន ប្រសាសន៍ថា ការប្រយុទ្ធទប់ស្កាត់ការរីករាលដាលមេរោគអេដស៍និងជំងឺអេដស៍ ត្រូវផ្អែកលើសសរស្តម្ភ បីគឺ៖ ១- ភាពជាអ្នកដឹកនាំ ឬភាពជាម្ចាស់ ២- ភាពជាដៃគូ និង៣- ការវិនិយោគ រួមជាមួយនឹង គោលការណ៍រួមបីមួយគឺ៖ យុទ្ធសាស្ត្រ ឬក្របខ័ណ្ឌផែនការសកម្មភាពតែមួយ ស្ថាប័នសម្របសម្រួល តែមួយ និងប្រព័ន្ធតាមដាននិងវាយតម្លៃតែមួយ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី



