Tuesday, October 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការបង្ហាញរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត អំពីការរកឃើញសម្ភារមិនគប្បីមួយចំនួនក្នុងគុក អាចជាការផ្ដេកសមដួលរមួលសមគ្រេចរបស់មេគុក និងមេអគ្គនាយកដ្ឋានពន្ធនាគារដែរទេ?!

រាជធានីភ្នំពេញ : ការប្រកាសរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបង្ហាញថា ប្រតិបត្តិការចុះឆែកឆេរបន្ទប់ឃុំឃាំងតាមពន្ធនាគារទូទាំងប្រទេស បានរកឃើញសម្ភារៈមិនគប្បីមួយចំនួន រួមមាន អាវុធ គ្រឿងញៀន ដែកចុងស្រួច ឡាម និងសម្ភារៈ​មួយ​ចំនួនទៀតនោះ ត្រូវបានមហាជនចាត់ទុកថា ជាការដាស់វិញ្ញាណ ស្មារតី ដល់មេៗគុកទាំងឡាយនៅទូទាំងប្រទេសកម្ពុជា ជាពិសេស លោក ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ មេត្តាភ្ញាក់រលឹកឡើង ធ្វើយ៉ាងណា កុំឱ្យកំហុសនេះកើតឡើងច្រំដែលៗខ្លាំងពេក។ 

កន្លងមក ការផ្ដល់លទ្ធភាព សេរីភាពហួសព្រំដែនកំណត់សម្រាប់អ្នកជាប់ឃុំក្នុងពន្ធនាគារនោះ តែងតែកើតមានជារឿយៗ ហើយកាលជំនាន់ សម្ដេចតេជោ ហ៊ុន សែន នៅធ្វើជានាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចក៏ធ្លាប់បានស្រែករឿងនេះ ស្ដីបន្ទោសដល់មេគុកគ្រប់គ្នា គឺករណីផ្ដល់ទូរស័ព្ទឱ្យជជនជាប់ឃុំក្នុងពន្ធនាគារប្រើប្រាស់ទាក់ទងហៅចេញមកខាងក្រៅ ហើយក៏ត្រូវបានលោកបំបាត់នាពេលនោះទៅ, ប៉ុន្តែ ថ្មីៗនេះ ចាប់ផ្ដើមកើតមានឡើងម្ដងទៀត មានទាំងអាវុធ និងគ្រឿងញៀន ត្រូវបានរកឃើញប្រើប្រាស់នៅក្នុងគុក បន្ទាប់ពី ឯកឧត្តមអភិសន្តិបណ្ឌិត រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដាក់វិធានការឆែឆែកឆេរ តាមបន្ទប់ស្នាក់នៅក្នុងព័ន្ធនាគាររាជធានី-ខេត្តទូទាំងប្រទេស។

សូមបញ្ជាក់ថា ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តឧត្តរមានជ័យ នៅសាលប្រជុំសាលាខេត្ត នាព្រឹក ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា ថ្មីៗនេះ ក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរបន្ទប់ឃុំឃាំងតាមពន្ធនាគារ និងមណ្ឌលអប់រំកែប្រែទូទាំងប្រទេស ដោយរកឃើញនូវសម្ភារៈមិនគប្បីមួយចំនួន ដែលច្បាប់មិនអនុញ្ញាតឱ្យអ្នកជាប់ឃុំប្រើប្រាស់ ដូចជាអាវុធ គ្រឿងញៀន ដែកចុងស្រួច ឡាម និងសម្ភារៈមួយចំនួនទៀត ដែលនេះជាកំហុសមេគុកផ្ទាល់តែម្ដង  ហើយក៏ជាការធ្វេសប្រហែស ខ្វះការណែនាំ អប់រំចាត់វិធានការពីសំណាក់  លោក ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារផងដែរ។

ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ទៀតថា ការចុះឆែកឆែរតាមបន្ទប់ឃុំឃាំងក្នុងពន្ធនាគារនេះ មានគោលដៅពង្រឹងសន្តិសុខពន្ធនាគារ ស្របតាមគោលការណ៍ ច្បាប់ជាតិ និងអន្តរជាតិ ដោយមិនមែនជាការបំពានសិទ្ធិអ្នកជាប់ឃុំដូចការឡើកឡើងរបស់សង្គមស៊ីវិលមួយចំនួននោះឡើយ។ ការបញ្ជាក់ពីប្រមុខក្រសួងមហាផ្ទៃយ៉ាងដូច្នេះ គឺជាការឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់សង្គមស៊ីវិល និងអ្នកវិភាគមួយចំនួនដែលបែរជាយល់ថាចំណាត់ការរបស់ក្រសួងមហាផ្ទៃដើម្បីពង្រឹងសន្តិសុខក្នុងពន្ធនាគារនេះ ថា ជាការបំពានសិទ្ធិអ្នកជាប់ឃុំទៅវិញ ដែលការយល់ឃើញនេះ គឺផ្ទុយពីច្បាប់ស្ដីពន្ធនាគារទាំងស្រុង។

ភ្ជាប់នឹងការរម្លឹកជាថ្មីទៀត អំពីបទពិសោធន៍ដែលធ្លាប់មានអ្នកជាប់ឃុំលួចប្រើទូរស័ព្ទ ដើម្បីបញ្ជាទៅគូកនរបស់គេនៅខាងក្រៅឱ្យប្រព្រឹត្តបទល្មើសជួញដូរគ្រឿងញៀន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានផ្ដល់គោលការណ៍ណែនាំ ជារួម ទៅកាន់អគ្គនាយកដ្ឋានពន្ធនាគារ, អភិបាលរាជធានី-ខេត្ត រួមទាំងប្រធានពន្ធនាគារ និងមណ្ឌលអប់រំកែប្រែរាជធានី-ខេត្តទាំងអស់ ត្រូវយកចិត្តទុកដាក់ជំរុញ និងអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតលើការងារពង្រឹងសន្តិសុខក្នុងពន្ធនាគារ ជាពិសេសត្រូវត្រួតពិនិត្យឱ្យបានម៉ត់ចត់រាល់ការនាំចូលម្ហូបអាហារ និងសម្ភារៈផ្សេងៗ និងការពង្រឹងភាពស្អាតស្អំរបស់មន្រ្តីនៅខាងក្នុង។

មហាជនសូមបន្ថែមប្រៀបដូចឆ្កៀលចន្លុះឱ្យភ្លឺភ្លឺបន្តិចថា ណែនាំរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា គឺប្រៀបដូចជាការដាស់តឿនស្មារតីប្រុងប្រយ័ត្នដល់ លោក ឈន សាណាត ដែលជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ឱ្យភ្ញាភ្ញាក់រលឹកប្រុងប្រយ័ត្នយកចិត្តទុកដាក់បង្ក្រាបករណីជួញដូរ និងប្រើប្រាស់អាវុធខុសច្បាប់ គ្រឿងញៀន ល្បែងស៊ីសង ក្នុងពន្ធនាគារទូទាំងប្រទេស។ តើការឆែកឆេររកឃើញ អាវុធ គ្រឿងញៀន ដែកចុងស្រួច ឡាម និងសម្ភារៈ​មួយ​ចំនួនទៀតក្នុងពន្ធនាគារនាពេលថ្មីៗនេះ ជាការធ្វេសប្រហែសរបស់មេគុក ? របស់អគ្គនាយកដ្ឋានពន្ធនាគារ ? ឬក៏ពួកគេផ្ដេកសមដួលរមួលសមគ្រេច ធ្វើជាភ្លេចការងារអ៊ីចឹងទៅ ផ្ទះឯងមិននៅ ទៅនៅផ្ទះគេ ស្ដាប់កូនចៅបំពេរបញ្ចុកអាហារ ខូចសណ្ដាប់ធ្នាប់វិន័យអស់? សង្ឃឹមថា លោក ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ មិនធ្វេសប្រហែសបែបនេះទេ នឹងពង្រឹងវិន័យការងារហ្មត់ចត់ ត្រឹមត្រូវ ឡើងវិញ៕ រក្សាសិទ្ធដោយ ៖ CEN

×