ភ្នំពេញ៖ នាវេលាថ្ងៃត្រង់ ថ្ងៃពុធ ទី៣១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីពិសាអាហារធុរកិច្ច ដែលសហការរៀបចំឡើងដោយភាគីហុងកុង នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា ក្រោមមូលបទ “ការតភ្ជាប់ដ៏អស្ចារ្យតាមមាគ៌ាថ្មីឆ្ពោះទៅភាពជោគជ័យ៖ ភាពជាដៃគូរវាង ហុងកុង-កម្ពុជា ក្នុងការជំរុញវិបុលភាព និងការអភិវឌ្ឍសេដ្ឋកិច្ចរួមគ្នា” ។
មានមតិនៅក្នុងសុន្ទរកថាគន្លឹះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូដែលបានចូលរួមក្នុងពិធីដ៏មនោរម្យនាឱកាសនេះ ដោយបានរំលេចអំពីសក្តានុពលវិជ្ជមានរបស់ព្រះរាជាណាចក្រកម្ពុជា មានជាអាទិ៍ ស្ថិរភាពនយោបាយ, ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចដែលមានលំនឹង, កម្លាំងពលកម្មវ័យក្មេងប្រកបដោយថាមវន្ត, រាជរដ្ឋាភិបាលដែលមានទំនោរគាំទ្រដល់ការរីកលូតលាស់នៃធុរកិច្ច, របបវិនិយោគដែលមានភាពទាក់ទាញ និងអនុគ្រោះ, និងហេដ្ឋារចនាសម្ព័ន្ធអន្តរមធ្យោបាយដែលបាន និងកំពុងអភិវឌ្ឍឱ្យកាន់តែមានភាពតភ្ជាប់ និងប្រទាក់ក្រឡា។
ជាកិច្ចបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញនូវសុទិដ្ឋិនិយមថា វិនិយោគិនដែលបានអញ្ជើញចូលរួមនាពេលនេះ នឹងអញ្ជើញមកសិក្សាសមិទ្ធិលទ្ធភាពលើវិស័យ និងសកម្មភាពវិនិយោគ ដែលមានសក្តានុពល ព្រមទាំងជួយពាំនាំនូវបច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគនៅកម្ពុជា ទៅកាន់សហគមន៍ធុរកិច្ចរបស់ខ្លួនឱ្យកាន់តែទូលំទូលាយបន្ថែមមួយកម្រិតទៀត។
សូមជម្រាបជូនផងដែរថា៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចធិបតីនាយករដ្ឋមន្ត្រី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និង ឯកឧត្តម John KC Lee ប្រធានប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) ក៏បានឆ្លៀតយកឱកាសនៃពិធីពិសាអាហារធុរកិច្ចអញ្ជើញជាសក្ខីភាពនៃពិធីផ្លាស់ប្តូរអនុស្សារណៈនៃការយោគយល់គ្នាសរុបចំនួន ១១ រវាងក្រសួង ស្ថាប័ន និងវិស័យឯកជន ដែលឯកសារទាំងនេះមានវិសាលភាពគ្របដណ្តប់លើការងារសហប្រតិបត្តិការ វិនិយោគ, ពាណិជ្ជកម្ម, ហេដ្ឋារចនាសម្ព័ន្ធ, អប់រំ, ហិរញ្ញវត្ថុ, ការតភ្ជាប់, និងអាកាសចរណ៍ស៊ីវិល៕រក្សាសិទ្ធដោយ ៖ សុទ្ធលី
















