ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យអនុវត្តន៍យន្តការសម្រួលក្នុងការប្រើប្រាស់ដុល្លារចាស់ ឬទក់នៅទូទាំងប្រទេស ដោយគ្មានការកាត់ទឹក ឬកាត់ខាតនោះឡើយ។ហើយក៏លើកទឹកចិត្តឱ្យចាយប្រាក់រៀលផងដែរ។
ការប្រកាសរបស់សម្តេចធិបតី ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល និងពិសាភោជនាហារ រៀបចំឡើងដោយសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជានៅល្ងាចថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ ។
សម្តេចបង្ហាញនូវក្តីសង្ឃឹមថា បណ្តាធនាគារឯកជនទាំងអស់ ទីតាំងប្តូរប្រាក់ និងអាជីវករទាំងអស់នៅទូទាំងប្រទេស សូមបន្ធូរលក្ខខណ្ឌ និងចូលរួមអនុគ្រោះការចាយវាយប្រាក់ដុល្លារនេះ ដើម្បីកុំឱ្យមានការលំបាក ឬមានការកាត់ទឹក។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា យើងត្រូវដើរដោយប្រុងប្រយ័ត្ន ដូច្នេះហើយបានជាយើងធ្វើសាកល្បង សម្រួលលក្ខខណ្ឌចាយប្រាក់ដុល្លារ នៅខេត្តសៀមរាប។ ខ្ញុំបានឱ្យលោកជំទាវ ជា សិរី វាយតម្លៃឱ្យខ្ញុំ។ លោកជំទាវបានប្រាប់ខ្ញុំថា មកដល់ម៉ោងនេះ មានការកើន [ប្រាក់ដុល្លារចាស់ ទក់ ខូចខាតតិចតួច] តែយើងអាចរ៉ាប់រងបាន។ អីចឹងខ្ញុំបានអនុញ្ញាតថា ឥឡូវចេញប្រកាសតែម្តង ឱ្យអនុវត្តន៍ទូទាំងប្រទេសចាប់ពីថ្ងៃនេះ។ ធនាគារជាតិនឹងចេញសេចក្តីណែនាំ យើងនឹងទទួលលុយដែលប្រឡាក់ ដែលដាច់តិចតួននៅទូទាំងប្រទេស ចាប់ពីថ្ងៃនេះតទៅ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណលោកស្រី ជា សេរី និងធនាគារឯកជនទាំងអស់ ដែលបានជួយសម្របសម្រួលដល់ការចាយក្រដាសប្រាក់ដុល្លារចាស់ៗ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា លុយដុល្លារចាស់ៗ ចាយមិនបាន តម្រូវឱ្យធនាគារកម្ពុជា ដឹកយកទៅដូរនៅធនាគារកណ្តាលអាមេរិក ហើយកន្លងទៅដុល្លារចាស់ប្រមាណ ១១លានដុល្លារត្រូវដឹកទៅដូរនៅសហរដ្ឋអាមេរិក ត្រូវចំណាយការដឹកជញ្ជូនប្រមាណ ៣៥ម៉ឺនដុល្លារ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបើកយន្តការសម្របសម្រួលចាយលុយដុល្លារចាស់ៗ នៅសៀមរាប ក្រៅពីសម្រួលដល់ការធ្វើអាជីវកម្ម សម្រួលអ្នកទេសចរហើយនោះ ក៏ជាការស្ទង់មើលតើលុយដុល្លារចាស់ហូរចូលកម្ពុជា ឬយ៉ាងណា? ដូច្នេះបន្ទាប់ពីវាយតម្លៃថា អាចគ្រប់គ្រងបាន ទើបសម្រេចឱ្យមានការសម្រួលការចាយវាយប្រាក់ដុល្លារ ចាស់ ទក់ ប្រឡាក់ និងរហែកតិចតួច នៅទូទាំងប្រទេស ដោយគ្មានការកាត់ទឹក៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី