Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទេសរដ្ឋមន្ត្រី គន់ គីម ចុះពិនិត្យស្ថានភាពទឹកជំនន់ទឹកភ្លៀង ដែលបង្កផលប៉ះពាល់ជន់លិចស្រូវរបស់ប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្រក្រុងស្ទឹងសែន

ខេត្តកំពង់ធំ ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អមដំណើរដោយ ឯកឧត្តមអភិបាលខេត្តកំពង់ធំ រួមជាមួយមន្ទីរស្ថាប័នពាក់ព័ន្ឋ អញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ទឹកភ្លៀង ដែលបង្កផលប៉ះពាល់ជន់លិចស្រូវរបស់ប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្រក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤ ។

គណៈកម្មាធិការ​ជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា ​ស្ថានភាពទឹកជំនន់​ទឹកភ្លៀង​ បានបង្កផលប៉ះពាល់​ជន់លិចស្រូវ​របស់ប្រជាពលរដ្ឋ​ ក្នុងភូមិសាស្ត្រភូមិរលួស​ ឃុំស្រយ៉ូវ​ ​ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ បានឱ្យដឹងថា ទឹកជំនន់លិចលង់ស្រូវរបស់ប្រជាកសិករនាពេលនេះ តាមការពិនិត្យជាក់ស្តែង ក្នុងចំណោមស្រូវជាង ៤០០០ហិកតានេះ ឃើញមានស្រូវប្រមាណជា ៥០ភាគរយប៉ុណ្ណោះដែលរងការខូចខាត ព្រោះទីតាំងខាងលើនេះវាមិនមានស្រូវ ១០០ភាគរយនោះទេ គឺមានស្រូវ ស្មោង ស្រង៉ែ លាយឡំគ្នា ដូច្នេះសូមឱ្យអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ត្រូវស្រង់បច្ចុប្បន្នភាពឱ្យបានត្រឹមត្រូវ និងច្បាស់លាស់ថា តើប្រជាកសិករយើងអាចមានលទ្ធភាព បន្តធ្វើស្រូវប្រាំង ក្នុងខែវិច្ឆិកា និងខែធ្នូបានដែរទេ សូមស្រង់យកឈ្មោះពួកគាត់ដើម្បីរៀបចំពាក្យ ក្នុងការស្នើសុំពីស្បៀងរបស់រដ្ឋ ហើយចែកជូនស្រូវពូជឱ្យគាត់តាមលទ្ធភាពជាក់ស្តែង។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានបន្តថា ក្រោយពីបានពិនិត្យជាក់ស្តែង គឺសង្កេតឃើញថា ទឹកជំនន់គឺមិនអាចមានសភាពស្រកទេ គឺមានតែឡើងរហូត ព្រោះវាជារដូវវស្សាហើយ យោងតាមរបាយការណ៍ខេត្តកំពង់ធំ នាពេលនេះគឺស្រូវវស្សាឆ្នាំនេះរងការប៉ះពាល់សរុបទូទាំងខេត្តជិត ៥ពាន់ហិកតា ក្នុងនោះខូចខាតជាង២ពាន់ហិកតា។

ក្រៅពីការក្រើនរំលឹកឱ្យមន្ត្រី និងអាជ្ញាធរពាក់ព័ន្ធយកចិត្តទុកដាក់ដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ក៏បានកោតសសើរគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត អាជ្ញាធរមានសមត្ថកិច្ច កម្លាំងគ្រប់ផ្នែកទាំងអស់ក្នុងមូលដ្ឋាន ដែលបានអនុវត្តន៍ផែនការទប់ស្កាត់ និងដោះស្រាយបញ្ហាបណ្តាលមកពីគ្រោះទឹកជំនន់។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍មួយចំនួនដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តត្រៀមបម្រុង និងមានវិធានការឆ្លើយតបបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាពសំដៅកាត់បន្ថយបានផលប៉ះពាល់ឱ្យនៅកម្រិតទាបបំផុត ដោយផ្តោជាអាទិភាពខ្ពស់លើអាយុជីវិតមនុស្ស។

ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ឥទ្ធិពលព្យុះ និងប្រព័ន្ធវិសម្ពាធទាបបានបង្កឱ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ស្ទើរតែនៅគ្រប់តំបន់ក្នុងព្រះរាជាណាចក្រកម្ពុជា និងបានបណ្តាលឱ្យទឹកទន្លេមេគង្គ និងស្ទឹងសំខាន់ៗ​មានការកើនឡើងជាបន្តបន្ទាប់​​ ព្រមទាំង​បង្កជាជំនន់ទឹកភ្លៀងនៅតាមតំបន់មួយចំនួនផងដែរ​​៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×