Wednesday, September 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បទល្មើសពិតប្រាកដនៃក្រុមហ៊ុនសម្រស់ធារ៉ា នៅឯទីតាំងធំ ផលិត វេចខ្ចប់ និងឃ្លាំងស្តុកក្នុងខេត្តស្វាយរៀង កំពុងស្ថិតក្នុងនីតិវិធីតុលាការនៅឡើយ ស្រាប់តែក្រុមហ៊ុននេះបន្ថែមបទល្មើសជាច្រើនទៀត

តាមការស្រាវជ្រាវព័ត៌មានរបស់ក្រុមការងារ CEN និងប្រភពជាច្រើន រកឃើញថា គ្រឿងក្រអូប គ្រឿងសម្អាងរបស់ ក្រុមហ៊ុន សម្រស់ធារ៉ា ធីឌីសប ខសមេធីក ឯ.ក មានតម្រុយពិរុទ្ធភាពនៃបទល្មើសច្រើន ទាំងទីតាំងថ្មីនៅក្នុងខេត្តស្វាយរៀង និងតាំងចាស់របស់ខ្លួននៅក្បែរៗគ្នា,  ហើយបទល្មើសនេះ កំពុងស្ថិតក្នុងដៃតុលាការខេត្តស្វាយរៀងនៅឡើយ មិនទាន់រលត់ ឬបញ្ចប់នោះទេ គឺបញ្ចប់ដំណាក់កាលចៅក្រមស៊ើបសួរ រួចហើយក៏ត្រូវបញ្ជូនទៅដល់ដំណាក់កាលចៅក្រមជំនុំជម្រះ, អ្វីដែលឆ្ងាញ់នឹងបទល្មើសហួសហេតុនោះ  តាមប្រភពច្បាស់ការណ៍ឱ្យដឹងថា មានមេធាវីល្បីឈ្មោះម្នាក់របស់ក្រុមហ៊ុន សម្រស់ធារ៉ា និងលោកប៉ូលិសថ្នាក់វរសេនីយ៍ម្នាក់ ធ្លាប់បម្រើការនៅក្នុងស្ថាប័នគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ បច្ចុប្បន្ន ត្រូវបានដកឱ្យទៅបម្រើការនៅអង្គភាពតម្រួតបទបញ្ជា បានចូលទៅចែចូវសូមបញ្ចប់បទល្មើសនេះនៅតុលាការខេត្តស្វាយរៀង និងសុំយកសម្ភារៈមួយចំនួនដែលជាភស្តុតាងនៃបទល្មើសចេញពីទីតាំងផលិតដែលគ្មានច្បាប់ទម្លាប់ត្រឹមត្រូវ ប៉ុន្តែត្រូវបានតុលាការខេត្តស្វាយរៀងបដិសេធ ហើយបញ្ជាក់ថា រឿងនេះកំពុងបន្តទៅដល់ដំណាក់កាលចៅក្រមជំនុំជម្រះហើយ, មកដល់ថ្មីៗនេះទៀត CEN ទទួលព័ត៌មានពីប្រភពច្បាស់ការណ៍ថា លោកប៉ូលិសថ្នាក់វរសេនីយ៍ម្នាក់នោះ កំពុងចែចូវរត់ការរំដោះសម្ភារៈបទល្មើសចេញពីទីតាំងផលិតចាស់ ដើម្បីបំបាត់ចោល និងបញ្ចប់រឿង ប៉ុន្តែខាងតុលាការ នៅតែមិនព្រម។

ហេតុដូច្នេះ មានន័យថា បទល្មើសចាស់ នៃសកម្មភាពផលិត វេចខ្ចប់ ស្តុកទុក របស់ក្រុមហ៊ុន សម្រស់ធារ៉ា កំពុងតែដំណើរការនីតិវិធីនៅតុលាការខេត្តស្វាយរៀងនៅឡើយ ហេតុអ្វីក៏ក្រុមហ៊ុនសម្រស់ធារ៉ា បែរជាព្រហើននឹងផ្លូវច្បាប់ ក្រឡាស់ខ្លួនទៅបង្កើតការផលិត វេចខ្ចប់ រក្សាទុក ល្មើសច្បាប់នៅទីតាំងថ្មី ក្បែរទីតាំងចាស់នោះថែមទៀតទៅវិញ? ទីតាំងថ្មី ផលិត វេចខ្ចប់ រក្សាទុក របស់ក្រុមហ៊ុនសម្រស់ធារ៉ា ស្ថិតនៅឆៀងខាងកើតគ្នា ប្រមាណ ៣០០ម៉ែត្រ ក្នុងភូមិស្វាយព្រហូត ឃុំគោកព្រីង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ចម្ងាយប្រមាណ ១៦គីឡូម៉ែត្រ ពីក្រុងស្វាយរៀង, ហើយថា ទីតាំងថ្មីនេះ គឺលោកប៉ូលិសថ្នាក់វរសេនីយ៍ម្នាក់នោះ ជាអ្នកសម្របសម្រួល ប្រមែប្រមូលកម្លាំងសាងសង់ ហើយទទួលបានប្រាក់ក្រាស់ក្រែលពីក្រុមហ៊ុនល្មើសច្បាប់ទុច្ចរិត សម្រស់ធារ៉ា នេះផងដែរ។

ជាក់ស្ដែង តម្រុយពិរុទ្ធភាព នៃបទល្មើសរបស់ក្រុមហ៊ុនសម្រស់ធារ៉ា ផ្សេងទៀត ទាក់ទងនឹងលោកស្រីរដ្ឋលេខាធិការម្នាក់ ដែលចេញមុខកាងនោះ (លើកក្រោយយើងនឹងបញ្ចេញឈ្មោះ) គឺសកម្មភាពដឹកជញ្ជូនផលិតផល គ្រឿងក្រអូប គ្រឿងសម្អាង (ម្សៅ-ឡេ) ជាច្រើនកេស លើកំណត់ផ្លូវជាតិលេខ៥ ក្នុងភូមិស្នមព្រះ នៃខេត្តពោធិ៍សាត់ ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការរដ្ឋាននគរបាលខេត្តពោធិ៍សាត់ ចាប់ឃាត់ កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤។  កម្លាំងសមត្ថកិច្ចឃាត់បាន រថយន្តហ៊ីយ៉ាន់ដាយ ប្រភេទបឺសធុនតូច ដឹកម្សៅ ឡេ របស់ក្រុមហ៊ុន សម្រស់ធារ៉ា ជាច្រើនកេស ដោយមានកម្លាំងចូលរួមឃាត់ និងត្រួតពិនិត្យផលិតផលល្មើសច្បាប់នេះ ដោយលោកវរសេនីយ៍ទោ ជ្រា កល្យាណ ប្រធានការិយាល័យ , លោកវរសេនីយ៍ត្រី អ៊ុន វណ្ណា , លោកអនុសេនីយ៍ត្រី ឯក សុវណ្ណធី , ហើយថា បទល្មើសមួយនេះកំពុងតែស្ថិតក្នុងនីតិវិធីត្រួតពិនិត្យរបស់សមត្ថកិច្ច តាមប្រភពប្រាប់ថា ស្រាប់តែលោកស្រីរដ្ឋលេខាធិការម្នាក់នោះ ដែលនិយាយស្ដីមិនដឹងដប់ សេពគប់តែនឹងបទល្មើសទុច្ចរិត យកឈ្មោះថ្នាក់ដឹកនាំ មកបិទបាំងទង្វើទុច្ចរិតរបស់ខ្លួននោះ មកគំរាមប៉ូលិសផង សម្របសម្រួលផង, ត្រង់ចំណុចនេះ CEN សូមសួរថា បើផលិតផលរបស់ក្រុមហ៊ុនសម្រស់ធារ៉ា មិនខុសច្បាប់ ទេ តើកម្លាំងនគរបាលខេត្តពោធិ៍សាត់ ចាប់ឃាត់ធ្វើអ្វី?!

ងាកទៅមើលបទល្មើសរបស់ក្រុមហ៊ុនសម្រស់ធារ៉ា នៅឯខេតស្វាយរៀងវិញ, គឺថា ដើម្បីចៀសវាងក្រុមហ៊ុន សម្រស់ធារ៉ា បង្កប់ភាពទុច្ចរិត ល្មើសនឹងបទដ្ឋានបច្ចេកទេស ល្មើសនឹងច្បាប់ទម្លាប់ផ្សេងៗ ប៉ះពាល់ដល់ភាពស្អាតស្អំរបស់សង្គមកម្ពុជា និងប៉ះពាល់ដល់អ្នកប្រើប្រាស់ធ្ងន់ធ្ងរនោះ, CEN  ក្នុងនាមសារព័ត៌មាន ដែលបានចុះស៊ើបអង្កេតរឿងនេះផ្ទាល់ និងក៏ដូចជាក្នុងនាមប្រជាពលរដ្ឋ សូមអំពាវនាវស្នើសុំស្ថាប័ន ក្រសួងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដូចជា អាជ្ញាធរខេត្តស្វាយរៀង តុលាការខេត្តស្វាយរៀង មន្ទីរសុខាភិបាលខេត្តស្វាយរៀង ស្នងការនគរបាលខេត្តស្វាយរៀង និងរដ្ឋបាលថ្នាក់ស្រុក-ឃុំ-ភូមិ ចុះពិនិត្យទីតាំងផ្ទាល់ ដែលជាកន្លែងផលិត និងឃ្លាំងស្តុក ម្សៅលាបមុខ ឡេលាបមុខ និងគ្រឿងសម្អាងផ្សេងៗរបស់ក្រុមហ៊ុន សម្រស់ធារ៉ា នៅឯខេត្តស្វាយរៀងទាំងអាស់ គឺដើម្បីឱ្យដឹងការពិតច្បាស់លាស់ថា តើគ្រប់ផលិតផលរបស់ក្រុមហ៊ុន សម្រស់ធារ៉ា បាននាំចូលពីក្រៅប្រទេស មកចែកចាយក្នុងប្រទេសកម្ពុជា ពិតប្រាកដ ដូចការអះអាងរបស់ លោកស្រី ជួន សុធារ៉ា ដែរឬយ៉ាងណា? និងមានច្បាប់ទម្លាប់ បទដ្ឋានបច្ចេកទេសត្រឹមត្រូវដែរឬយ៉ាងណា?

បានជា CEN ស្នើសុំបែបនេះ ព្រោះ CEN បានចុះស៊ើបអង្កេតព័ត៌មានផ្ទាល់នៅទីតាំងផលិត និងឃ្លាំងស្តុក របស់ក្រុមហ៊ុន សម្រស់ធារ៉ា ដែលបានប្ដូរចេញពីផ្ទះវីឡាធំមួយទីតាំងចាស់ មកធ្វើសកម្មភាពនៅទីតាំងថ្មី ឆៀងខាងកើតគ្នា ប្រមាណ ៣០០ម៉ែត្រ ស្ថិតនៅ ភូមិស្វាយព្រហូត ឃុំគោកព្រីង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ចម្ងាយប្រមាណ ១៦គីឡូម៉ែត្រ ពីក្រុងស្វាយរៀងនោះ ត្រូវបានប្រភពប្រាប់ថា ទីតាំងផលិត វេចខ្ចប់ និងឃ្លាំងស្តុកនេះ មិនមានបទដ្ឋានបច្ចេកទេសត្រឹមត្រូវទេ ហើយក៏ត្រូវបានពិនិត្យឃើញមានតម្រុយនៃបទល្មើសមួយចំនួន ដូចជា ÷

  • ទីតាំងផលិត វេចខ្ចប់ និងឃ្លាំងស្តុកថ្មី នៅភូមិស្វាយព្រហូត ឃុំគោកព្រីង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ចម្ងាយប្រមាណ ១៦គីឡូម៉ែត្រ ពីក្រុងស្វាយរៀងនោះ
    គឺគ្មានផ្លាកយីហោបញ្ជាក់អំពីអត្តសញ្ញាណក្រុមហ៊ុនត្រឹមត្រូវ ដូចដែលច្បាប់បានកំណត់ឡើយ,
  • មានបុគ្គលិកប្រមាណ ១០០នាក់ ធ្វើការក្នុងទីតាំងនោះ និងមានសម្ភារៈជាច្រើន សម្រាប់ដំណើរការ ឱ្យការផលិត និងវេចខ្ចប់ ដែលនេះផ្ទុយពីលោកស្រីរដ្ឋលេខាធិការម្នាក់ ដែលចេញមុខកាង និងស្និទ្ធជាមួយ លោកស្រី ជួន សុធារ៉ា ម្ចាស់ក្រុមហ៊ុនសម្រស់ធារ៉ា ធីឌីសប ខសមេធីក ឯ.ក អះអាងថា ជារោងចិញ្ចឹមទាទៅវិញ , លោកស្រីរូបនោះ ថ្នាក់ដល់ទៅជារដ្ឋលេខាធិការទៅហើយ បែរជាមើលមិនដឹងថា ទីតាំងផលិត វេចខ្ចប់ផលិតផលសម្រស់ធារ៉ា ហើយទៅជាភូតកុហកថា ជារោងចិញ្ចឹមទាឯណាឯណោះ តើមានសមត្ថភាពអ្វីទៅ បម្រើប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលនោះ? បើអន់ម្លឹងៗ !! ហើយបែរជារួមដៃជាមួយក្រុមហ៊ុនទុច្ចរិត គេចពន្ធរដ្ឋ បំផ្លាញសុខភាពសម្រស់ប្រជាពលរដ្ឋ។
  • លោកស្រី ជួន សុធារ៉ា ម្ចាស់ក្រុមហ៊ុនសម្រស់ធារ៉ា ធីឌីសប ខសមេធីក ឯ.ក អះអាងក្នុងពិធីប្រកាសទូតសុច្ឆន្ទៈរបស់ខ្លួនថា ផលិតផលរបស់សម្រស់ធារ៉ា ជាផលិតផលនាំចូលពីក្រៅប្រទេស មានការផ្លាស់ប្ដូររូបភាពសំបក ប៉ុន្តែមានគុណភាពដូចដើម, សំណួរសួរថា បើទីតាំងផលិត វេចខ្ចប់ និងឃ្លាំងស្តុក ត្រូវបានរកឃើញនៅភូមិស្វាយព្រហូត ឃុំគោកព្រីង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ចម្ងាយប្រមាណ ១៦គីឡូម៉ែត្រ ពីក្រុងស្វាយរៀងនោះ តើអាចក្លាយជាការនាំចូលដូចម្ដេចទៅ? តើឱ្យមានគុណភាព សុវត្ថិភាព ដូចម្ដេចទៅ? 
  • ករណីនេះសមត្ថកិច្ច ក៏ដូចជាមន្ត្រីជំនាញ បានលើកឡើងថា បើក្រុមហ៊ុនសម្រស់ធារ៉ានាំចូលផលិតផលគ្រឿងក្រអូប គ្រឿងសម្អាងពីក្រៅប្រទេសមែន គឺត្រូវប្រាប់ឱ្យដឹងពីប្រភពនៃប្រទេសផលិតច្បាស់លាស់ និងប្រភពទីតាំងរក្សាទុក ឱ្យបានត្រឹមត្រូវ  មិនមែនទីតាំងផលិត ទីតាំងវេចខ្ចប់ និងឃ្លាំងស្តុក សុទ្ធតែគ្មានផ្លាកយីហោ គ្មានផ្លាកឈ្មោះ ដូចដែលច្បាប់បានកំណត់នោះទេ ហើយផលិតផលគ្រឿងក្រអូប គ្រឿងសម្អាងរបស់ក្រុមហ៊ុនសម្រស់ធារ៉ានេះ គេក៏មិនដឹងថា ប្រភពផលិតនៅប្រទេសណានោះដែរ។

ចំពោះបទល្មើសកន្លងមករបស់ក្រុមហ៊ុនសម្រស់ធារ៉ានេះវិញទៀត គឺកាលពីនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ (ជាង ៩ខែមុន) កម្លាំងជំនាញនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដោយមានការចូលរួមពីមន្រ្តីមន្ទីរសុខាភិបាលខេត្តស្វាយរៀង កម្លាំងសមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងអាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលនីតិវីធីពី លោក ឡាយ ជុងហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះ បង្ក្រាបផលិតផល ម្សៅ ឡេលាបមុខ ឡេលាបខ្លួន និងគ្រឿងសម្អាងផ្សេងៗ គ្មានច្បាប់អនុញ្ញាត និងគ្មានបទដ្ឋានបច្ចេកទេសត្រឹមត្រូវ របស់ក្រុមហ៊ុន សម្រស់ធារ៉ានេះ នៅផ្ទះវីឡាគ្មានលេខមួយកន្លែង លើផ្លូវលំ ស្ថិតក្នុងភូមិស្វាយព្រហូត ឃុំគោកព្រីង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។

កាលនោះ សមត្ថកិច្ចជំនាញរកឃើញថា សកម្មភាពរបស់ក្រុមហ៊ុន សម្រស់ធារ៉ា នេះ ពិតជាគ្មានច្បាប់ទម្លាប់និងបទដ្ឋាបច្ចេកទេសត្រឹមត្រូវមែន និងរកឃើញសារធាតុគីមី 1-CHLORAMPHENICOL , 2- TRANLACOL (សមឡើងពី DEXAMETHASON) , 3- GENTRIDECME 4- CORTICO NON STIROITE , 5- FLUCO-N , សារធាតុទាំងនេះ បំផ្លាញដល់សុខភាពស្បែក ធ្វើឱ្យខូចស្រទាប់កោសិកាក្នុងរយៈពេលវែង ៤ ទៅ ៥ឆ្នាំ ដូចជា ធ្វើឱ្យងាប់កោសិកាស្បែក រលាកស្បែក ដំបៅស្បែក មហារីស្បែក និងមហារីកខួរឆ្អឹងទៀតផង, ដូច្នេះ ផលិតផលនេះ គួរឱ្យខ្លាចខ្លាំងណាស់ និងជាក្ដីបារម្ភរបស់ប្រជាពលរដ្ឋទូទៅ ហើយបទល្មើសមួយនេះ ក៏មិនទាន់បិទបញ្ចប់ ឬរលត់ នៅតុលាការខេត្តស្វាយរៀងនោះដែរ, សូមអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ មេត្តាបន្តពង្រឹងការបោសសម្អាតបទល្មើសមួយនេះ ដើម្បីឱ្យសង្គមកម្ពុជាទទួលបានភាពស្អាតស្អំពីការប្រើប្រាស់ផលិតផលសម្អាង និងក៏ដូចជាការពារប្រជាពលរដ្ឋ កុំឱ្យកើតជំងឺ រលាកស្បែក ដំបៅស្បែក មហារីស្បែក និងមហារីកខួរឆ្អឹង ដោយសារការប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុនសម្រស់ធារ៉ានេះ៕ ពិសិដ្ឋ CEN

spot_img
×