Friday, December 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ការគ្រប់គ្រងតំបន់​រមណីយដ្ឋានបេតិកភណ្ឌពិភពលោក អង្គរ រាជរដ្ឋាភិបាលមាន​គោលការណ៍​ច្បាស់លាស់

សៀមរាប៖ កិច្ចពិគ្រោះយោបល់ស្ដីពីការគ្រប់គ្រងតំបន់​រមណីយដ្ឋានបេតិកភណ្ឌពិភពលោក អង្គរ ប្រារព្ធធ្វើរយៈពេលពីរ​ចាប់ពីរថ្ងៃទី១២ និងថ្ងៃទី១៣ ខែសីហាឆ្នាំ២០២៤ដែលរៀបចំ​ឡើងដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមវត្តមានឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​លោកជំទាវ​បណ្ឌិតសុភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌​និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា ឯកឧត្តម ហង់ ពៅ អគ្គនាយក និងថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិ​អប្សរាជាច្រើនរូបទៀត ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់បានមានប្រសាសន៍ថា រាជរដ្ឋា​ភិបាលកម្ពុជា គ្រប់អាណត្តិ បានយកចិត្តទុកដាក់បំផុតនៅក្នុង ការគ្រប់គ្រង អភិរក្សមរតកវប្បធម៌របស់ដូនតា ដោយ​មានគោលការណ៍​ច្បាស់លាស់ គឺដៃម្ខាងការពារមរតកដូនតា និងដៃម្ខាងកសាងសេដ្ឋកិច្ច​ជូនប្រជាពលរដ្ឋ។

ក្នុងកិច្ចពិគ្រោះយោបល់ស្តីពី “ការគ្រប់គ្រងតំបន់រមណីយ​ដ្ឋាន​បេតិកភណ្ឌពិភពលោក អង្គរ” នៅក្រុងសៀមរាបកាលពីព្រឹក​ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម សាយ សំអាល់ បានបន្តទៀតថា សង្គ្រាមផ្ទៃក្នុងបានធ្វើឱ្យខ្មែរបាក់បែក។ ប៉ុន្តែបន្ទាប់ពីដួលរលំរបស់របបខ្មែរក្រហម កម្ពុជាដែល​មានប្រាសាទអង្គរជាចំណុចប្រសព្វគ្នាមួយបានដឹកនាំឱ្យ​ខ្មែរ មានសន្តិភាព និងការអភិវឌ្ឍក្រោមនយោបាយឈ្នះៗរបស់សម្តេច​តេជោ ហ៊ុន សែន ។

ឯកឧត្តមបន្តថា សារៈសំខាន់របស់អង្គរវត្តបានធ្វើឱ្យកម្ពុជាមានថ្ងៃនេះ។ ដូច្នេះមានកិច្ចការជាច្រើនដែលយើងត្រូវធ្វើសម្រាប់​រមណីយ​ដ្ឋាន​អង្គរ​ជាបន្តទៀត។ ធ្វើយ៉ាងណាយើងត្រូវការពារមរតកដូនតា និងការ​ពាររក្សានូវឧត្តមប្រយោជន៍របស់ប្រជាជនយើងដែរ។

ឯកឧត្តម សាយ សំអាល់ បានគូសបញ្ជាក់ទៀតថា ឥឡូវមកដល់​អាណត្តិនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវបានរាជរដ្ឋាភិបាលប្រគល់ភារកិច្ចឱ្យមកជួយសម្របសម្រួលដឹកនាំការងារនៅតំបន់អង្គរនេះ។
សម្តេចមហាបវរធិបតី​​បានឱ្យ​គោល​ការណ៍ខ្ញុំច្បាស់ ហើយ​បានដាក់បទបញ្ជាឲ្យខ្ញុំច្បាស់ថា ដៃម្ខាងត្រូវថែរក្សាមរតក​ដូនតារបស់​យើង ហើយ​ដៃម្ខាងទៀតក៏ត្រូវគិតគូរប្រយោជន៍​របស់​ប្រជាជន​របស់យើងនៅតំបន់អង្គរហ្នឹង និងក្នុងទឹកដីសៀមរាប​ជារួមតែម្តង។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តថា ដូច្នេះដើម្បីតម្រង់ទិសនៅ​ក្នុងកិច្ចការងារគ្រប់គ្រងតំបន់អង្គរនេះ យើងត្រូវរួមគ្នា​លើក​យក​ជាគំនិតផ្ទាល់ខ្លួនរបស់យើងមកជជែកគ្នាដើម្បីស្វែងរកធាតុចូលក្នុងការគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរនេះ នៅក្នុង​ចំណុចរួម​តែមួយ៕ រក្សាសិទ្ធដោយ ៖​ សុទ្ធលី

×