
ចិនមាននយោបាយកូនទោល តាំងពីឆ្នាំ១៩៧០មក ប៉ុន្តែប្រឈមនឹងភាពចាស់ជរារបស់ប្រជាពលរដ្ឋ ចិនសម្រេចលុបចោលច្បាប់នេះ នៅឆ្នាំ២០១៥ ដោយអនុញ្ញាតឱ្យគូស្វាមីភរិយាចិន អាចបង្កើតកូនពីរនាក់។ ភ្លាមដំបូង គេសង្កេតឃើញពលរដ្ឋចិនត្រេកអរនាំគ្នាបង្កើតកូនទីពីរ ប៉ុន្តែពលរដ្ឋចិនភាគច្រើនយល់ថាជីវិតថ្លៃខ្លាំងណាស់ មិនអាចកូនពីរនាក់បានទេ។ នៅឆ្នាំ២០១៧ អត្រាកំណើតបានធ្លាក់ចុះមកត្រឹម ១៧,២៣លានទារក ទល់នឹង១៧,៨៦លាននាក់នៅឆ្នាំ២០១៦។ ទោះជាយ៉ាងដូច្នេះក្តី ក៏ចិននៅតែជាប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុត សរុបប្រមាណ១៣៨០លាននាក់។
ប្រឈមនឹងភាពចាស់ជរារបស់ប្រជាពលរដ្ឋ ពេលនេះ ចិនកំពុងស្វែងរកគំនិតថ្មី ដើម្បីធ្វើយ៉ាងណាបញ្ចុះបញ្ចូល ឱ្យយុវជន”“យុវនារីចិនសម័យថ្មីបង្កើតកូនឱ្យបានច្រើន។ មានកូនតិចជាងពីរនាក់នឹងត្រូវបង់ពន្ធជូនរដ្ឋ ! នេះជាវិធានការដែលសំណើរបស់អ្នកស្រាវជ្រាវ និង ដែលកំពុងបង្កឱ្យមានការតស៊ូមតិបំផុសបំផុលបំផុត ក្នុងបណ្តាញ Internet។
កាសែត Xinhua Daily របស់បក្សកុម្មុយនិស្តចិន កាលពីថ្ងៃអង្គារ ទើបចុះផ្សាយអត្ថបទ សរសេរដោយសាស្ត្រាចារ្យពីររូបមានចំណងជើង « បង្កើនការបង្កកំណើត ៖ បេសកកម្មថ្មីសម្រាប់អភិវឌ្ឍន៍ប្រជាសាស្ត្រចិនសករាជថ្មី »។បើតាមខ្លឹមសារនៃអត្ថបទ ចិនកំពុងត្រៀមស្នើវិធានការថ្មី គួរឱ្យភ្ញាក់ផ្អើល គឺពលរដ្ឋចិនអាយុក្រោម៤០ឆ្នាំ មិនថាភេទស្រី ឬភេទប្រុសទេ នឹងត្រូវបង់ពន្ធជូនរដ្ឋ រហូតទាល់តែមានកូនពីរនាក់ទើបឈប់។ ពន្ធនោះនឹងត្រូវកាត់ដកយកពីប្រាក់ខែដោយផ្ទាល់ ទៅដាក់បំពេញហិបមូលនិធិមាតុភាព។
នៅថ្ងៃកំណើតកូនទីពីរ ប្តីប្រពន្ធអាចចាប់ផ្តើមធ្វើសំណុំបែបបទទារប្រាក់សំណងពីមូលនិធិមកវិញផង និងអាចសុំជំនួយឧបត្ថម្ភសម្រាប់មកបង្គ្រប់ចំណូលដែលអាក់ខានពេលពពោះមិនទៅធ្វើការ។ ចំណែកពលរដ្ឋចិនណាដែលមានកូនតែម្នាក់ ឬគ្មានកូនសោះ អាចទារសំណងពន្ធមកវិញនៅពេលចូលនិវត្តន៍ តែប៉ុណ្ណោះ។
គំនិតផ្តួចផ្តើមនេះ បានទទួលការស្វាគមន៍ដោយប្រុងប្រយ័ត្នបំផុត ! ថ្វីបើពលរដ្ឋចិនភាគច្រើនយល់ថា ជាការបង្កើតមូលនិធិមាតុភាពជាសំណើល្អ តែការបំពេញហិបគួរតែជាភារកិច្ចរបស់ពលរដ្ឋចិនគ្រប់រូប មិនមែនតែចំពោះអ្នកគ្មានកូនឡើយ។ នេះជាប្រតិកម្មដែលគេឃើញចុះផ្សាយយ៉ាងផុសផុលនៅលើបណ្តាញសង្គមចិន៕បូព៌ា