បន្ទាប់ពីអង្គភាពសារព័ត៌មាន CEN បានផ្សាយព័ត៌មានដែលមានចំណងជើងថា៖ “ការស៊ើបអង្កេតបង្ហាញថា ក្រុមហ៊ុនសម្រស់ធារ៉ា ផលិត និងចែកចាយម្សៅ-ឡេលាបមុខ ឡេលាបខ្លួន និងគ្រឿងសម្អាងសម្អាងផ្សេងៗគ្មានច្បាប់ទម្លាប់ និងបទដ្ឋានបច្ចេកទេសត្រឹមត្រូវ” កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ និងការផ្សាយកំណត់ការិយាល័យនិពន្ធរបស់ CEN មានចំណងជើងថា៖ “CEN បានឃើញលិខិតមេធាវីរបស់ក្រុមហ៊ុនសម្រស់ធារ៉ា មានការគំរាមកំហែងខ្លាំង អនុវត្តមិនត្រឹមត្រូវតាមវិជ្ជាជីវៈ ច្បាប់ស្តីពីរបបសារព័ត៌មាន និងច្បាប់ស្តីពីក្រមព្រហ្មទណ្ឌ” កាលពីថ្ងៃទី២ ខែសីហា ២០២៤ កន្លងទៅថ្មីៗ បែរជាមានតម្រុយលេចចេញជំទាវម្នាក់ឈ្មោះ វី ស្រីពៅ រដ្ឋលេខាធិការក្រសួងអធិការកិច្ច ចេញមុខមកកាងទាំងកម្រោលឱ្យក្រុមហ៊ុនសម្រស់ធារ៉ា ដែលផលិត និងចែកចាយផលិតផលឡេមិនស្របតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ។
ជំទាវ វី ស្រីពៅ ត្រូវបានគេដឹងថា សព្វថ្ងៃកំពុងប្រកបអាជីពជាមេធាវីផង និងមានឋានៈតួនាទីជារដ្ឋលេខាធិការក្រសួងអធិការកិច្ចផង។ ត្រង់ចំនុចនេះបានបង្ហាញថា ជំទាវ វី ស្រីពៅ កំពុងតែប្រព្រិត្តខុសទៅនឹងវិធាននៃវិជ្ជាជីវៈ បទវិន័យមេធាវី។ យោងតាមកម្រងវិធានគ្រប់គ្រងវិជ្ជាជីវៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៥៣បានចែងថា វិជ្ជាជីវៈមេធាវីមានវិសមិតភាពជាមួយនឹងមុខងារសាធារណៈ និងការប្រកបមុខរបរពាណិជ្ជកម្ម ទោះការប្រកបនោះដោយប្រយោលក្តី ឬដោយផ្ទាល់ក្តី។ មាត្រា៥៤បានចែងថា មេធាវីដែលបានទទួលតួនាទីក្នុងរាជរដ្ឋាភិបាល ឬទទួលអាណត្តិជាអ្នកតំណាងរាស្ត្រនៃរដ្ឋសភា អាចនៅជាសមាជិកនៃគណៈមេធាវីបាន ប៉ុន្តែត្រូវឈប់ប្រកបវិជ្ជាជីវៈនេះរហូតដល់ចប់តួនាទី ឬអាណត្តិនោះ។
តទៅនេះគឺដំណើរសាច់រឿងដែលស្តែងឱ្យឃើញពីការជាប់ពាក់ព័ន្ធរបស់ជំទាវ វី ស្រីពៅ ទៅនឹងការកាងពីខាងក្រោយឱ្យក្រុមហ៊ុនសម្រស់ធារ៉ាដែលបានលួចផលិត និងចែកចាយផលិតផលឡេមិនស្របតាមបទដ្ឋានបច្ចេកទេស ហើយត្រូវបានសមត្ថកិច្ចចុះចាប់ និងបិទអាជីវកម្មកាលពីពេលកន្លងទៅនេះ។ គួររំលឹកថា កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣កន្លងទៅ កម្លាំងជំនាញនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច រួមសហការជាមួយមន្ត្រជំនាញមន្ទីរសុខាភិបាលខេត្តស្វាយរៀង និងមន្ត្រីពាក់ព័ន្ធផ្សេងទៀតបានចុះបង្ក្រាបផលិតផល ម្សៅ ឡេលាបមុខ ឡេលាបខ្លួន និងគ្រឿងសម្អាងផ្សេងៗគ្មានច្បាប់អនុញ្ញាត និងគ្មានបទដ្ឋានបច្ចេកទេសត្រឹមត្រូវរបស់ក្រុមហ៊ុនសម្រស់ធារ៉ាមានទីតាំងនៅផ្ទះវីឡាគ្មានលេខ ស្ថិតនៅភូមិស្វាយព្រហូត ឃុំគោកគ្រីង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ សមត្ថកិច្ចសម្រេចបិទផ្អាកអាជីវកម្មនោះភ្លាមរងចាំសេចក្តីសម្រេចពីតុលាការ។
ប៉ុន្តែដែលមហាជនមានការងឿងឆ្ងល់នោះគឺថា បទល្មើសចាស់មិនទាន់ដោះស្រាយចប់ផង គឺនៅពេលនេះកំពុងស្ថិតក្នុងដៃតុលាការ គឺទើបបញ្ចប់ដំណាក់កាលចៅក្រមស៊ើបសួររួចបញ្ជូនទៅដល់ដំណាក់កាលចៅក្រមជំនុំជម្រះប៉ុណ្ណោះ បែរជានៅពេលនេះក្រុមហ៊ុនសម្រស់ធារ៉ាហ៊ានបំពានច្បាប់ទៅបើកដំណើរការផលិត និងចែកចាយផលិតផលឡេនៅលើទីផ្សារយ៉ាងព្រោងព្រាតដោយមិនខ្វល់ពីច្បាប់អ្វីបន្តិច។
ករណីនេះ ត្រូវបានគេដឹងថា មានការសម្របសម្រួល និងកាងពីខាងក្រោយដោយជំទាវ វី ស្រីពៅ ដែលយកតួនាទីជាមេធាវីផង និងជារដ្ឋលេខាធិការក្រសួងអធិការកិច្ចផងមកប្រើ។ បន្ថែមពីនេះ ក្រុមហ៊ុនសម្រស់ធារ៉ាក៏បានប្រព្រឹត្តបទល្មើសដែលទើបនឹងកើតឡើងថ្មីៗនេះនៅខេត្តពោធិ៍សាត់ គឺសកម្មភាពដឹកជញ្ជូនផលិតផល គ្រឿងក្រអូប គ្រឿងសម្អាងជាច្រើនប្រភេទដោយខុសច្បាប់លើកំណាត់ផ្លូវជាតិលេខ៥ ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ចាប់ឃាត់បាន។ ករណីនេះ ជំទាវ វី ស្រីពៅ បានចេញមុខកាង និងយកឈ្មោះថ្នាក់ដឹកនាំមកប្រើជាដើម នេះបើការបង្ហើបឱ្យដឹងពីសមត្ថកិច្ចម្នាក់ស្នើសុំមិនបញ្ចេញឈ្មោះ។
ក្រៅពីសកម្មភាពខុសឆ្គងខាងលើ ឈ្មោះ វី ស្រីពៅ ក៏ត្រូវបានគេដាក់ការសង្ស័យមានជាប់ពាក់ព័ន្ធនឹងក្រុមចែករំលែកព័ត៌មានមិនពិតធ្វើឱ្យប៉ះពាល់ទៅដល់កិត្តិយសម្ចាស់ហាងគ្រឿងអលង្កការយីហោ SV ដែលការចេញផ្សាយព័ត៌មានស្តីពីផលិតផលឡេខុសច្បាប់វាមិនមានអ្វីជាប់ទាក់ទងនឹងម្ចាស់ហាង SV នោះទេ ។ ត្រង់ចំនុចនេះបានសបញ្ជាក់ឱ្យឃើញថា ការយល់ដឹង និងសមត្ថភាពប្រកបវិជ្ជាជីវៈ របស់ឈ្មោះ វី ស្រីពៅ គឺនៅក្មេងខ្ចីនៅឡើយ ធ្វើបែបនេះដូចមិនខុសអ្វីពាក្យចាស់បុរាណលើកឡើងថា ខឹងគោសោះ បែរទៅជាវាយរទេសទៅវិញ មានន័យថាមនុស្សមិនយល់ហេតុផល។ ជាក់ស្តែងរឿងរាវការផ្សាយព័ត៌មានថ្មីៗនេះ បើយល់ថា ការផ្សាយមានចំនុចខ្វះចន្លោះត្រូវព្យាយាមរកភស្តុតាងត្រឹមត្រូវមកបញ្ជាក់ និងត្រូវទាក់ទងមកការិយាល័យផ្សាយព័ត៌មានស្នើសុំការបំភ្លឺ ឬស្នើសុំកែតម្រូវ។ ការធ្វើបែបនេះបានត្រូវនឹងច្បាប់ស្តីពីរបបសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា មិនមែនរឿងគួរធ្វើបែរជាមិនធ្វើ រឿងមិនគួរធ្វើបែរជាធ្វើយ៉ាងងងឹតងងុលដូច្នេះទេ។
គួររំលឹកថា បន្ទាប់ពីអង្គភាពសារព័ត៌មាន CEN បានផ្សាយព័ត៌មានលើកទី១ មានចំណងជើងថា៖ “ការស៊ើបអង្កេតបង្ហាញថា ក្រុមហ៊ុនសម្រស់ធារ៉ា ផលិត និងចែកចាយម្សៅ-ឡេលាបមុខ ឡេលាបខ្លួន និងគ្រឿងសម្អាងសម្អាងផ្សេងៗគ្មានច្បាប់ទម្លាប់ និងបទដ្ឋានបច្ចេកទេសត្រឹមត្រូវ” កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ និងផ្សាយកំណត់ការិយាល័យនិពន្ធរបស់ CEN លើកទី២ មានចំណងជើងថា៖ “CEN បានឃើញលិខិតមេធាវីរបស់ក្រុមហ៊ុនសម្រស់ធារ៉ា មានការគំរាមកំហែងខ្លាំង អនុវត្តមិនត្រឹមត្រូវតាមវិជ្ជាជីវៈ ច្បាប់ស្តីពីរបបសារព័ត៌មាន និងច្បាប់ស្តីពីក្រមព្រហ្មទណ្ឌ” កាលពីថ្ងៃទី២ ខែសីហា ២០២៤ មានបុរសម្នាក់ឈ្មោះ សំ សេរីរ័ត្ន ត្រូវបានគេស្គាល់ថា ជាអគ្គនាយករងនៃអគ្គនាយកដ្ឋានទំនាក់ទំនងរដ្ឋសភា និងជាថ្នាក់ក្រោមរបស់ជំទាវ វី ស្រីពៅ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានទូរស័ព្ទមកលេខទូរស័ព្ទហាង SV ដើម្បីចង់ដឹងច្បាស់ពីអត្តសញ្ញាណម្ចាស់ហាង SV។
ក្រោយពីបានដឹងអត្តសញ្ញាណម្ចាស់ហាង SV រួចហើយ មិនយូរប៉ុន្មាន ក៏មានក្រុមមួយបានធ្វើការចែករំលែកព័ត៌មានមិនពិតដែលមានតែចំណងជើងនោះ ព្រោងព្រាតឡើងមក ខណៈដែលព័ត៌មានមិនពិតទាំងអស់នោះត្រូវបានលុបចេញពីបណ្តាញផ្សព្វផ្សាយព័ត៌មានទាំងស្រុងយូរហើយ នៅសល់តែរូបភាព និងចំណងជើងប៉ុណ្ណោះ។ ការចែករំលែងរបស់ក្រុមខាងលើនេះដោយបានចោទមកលើម្ចាស់ហាង SV ដោយអយុត្តិធម៌ថា រកស៊ីមិនត្រឹមត្រូវ ទិញគ្រឿងអលង្ការមិនឱ្យលុយគេជាដើម ធាតុពិតនៃរឿងនោះគឺជាការយល់ច្រលំ និងខ្វែងគំនិតគ្នាក្នុងលក្ខ័ណ្ឌចរចាអាជីវកម្មប៉ុណ្ណោះ។ ហើយរឿងនេះត្រូវបានភាគីអ្នកទិញ និងអ្នកលក់បានជួបពិភាក្សាគ្នាដោះស្រាយចប់សព្វគ្រប់យូរមកហើយ មិនមានអ្វីនៅបន្តទៀតទេ។
សំនួរសួរថា ហេតុអ្វីបានជាមានក្រុមមិនដឹងរឿងគេច្បាស់ មកធ្វើការចែករំលែកព័ត៌មានទាំងងងឹតងងុលដូច្នេះទៅវិញ?
ការចែករំលែកព័ត៌មានរបស់ក្រុមខាងលើនេះ គឺមានចេតនាទុច្ចរិត បរិហារកេរ្តិ៍ ធ្វើឱ្យមានការរើសអើង បង្កផលប៉ះពាល់ដល់កេរ្តិ៍ឈ្មោះអាជីវកម្មរបស់ម្ចាស់ហាង SV មិនគួរត្រូវលើកលែងជាដាច់ខាត។
ពាក់ព័ន្ធករណីនេះដែរ អង្គភាព CEN មិនអាចទាក់ទងសុំការបំភ្លឺពី ជំទាវ វី ស្រីពៅ និង លោក សំ សេរីរ័ត្ន បានទេ។ តែទោះជាយ៉ាងណា អង្គភាព CEN ស្វាគមន៍ជានិច្ចចំពោះការស្នើសុំពន្យល់ ឬការបកស្រាយដោយឈរលើមូលដ្ឋានត្រឹមត្រូវ នាកាលៈទេសៈសមស្រប៕
























