ខេត្តស្វាយរៀង : មានឈ្មួញជនជាតិវៀតណាម យករថយន្តធុនធំខ្នាតយក្សប្រភេទវ៉េអងចំនួន០៣គ្រឿង ឆ្លងដែនពីប្រទេសវៀតណាម ចូលមកដឹកទំនិញនៅក្នុងដីខ្មែរ សង្ស័យជារដយម្តដឹកទំនិញគេចពន្ធ ដោយចូលមកផ្ទេរទំនិញនៅក្នុងដីខ្មែរពេលថ្ងៃរហូតដល់វេលាម៉ោង៦និង៥០នាទីព្រលប់ ទើបដឹកចូលទៅប្រទេសវៀតណាម។
ករណីនេះកើតឡើងនៅវេលាម៉ោង៤និ១០នាទីល្ងាចថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចដើមស្នាយជិតគម្រោងដីឡូត៍អមតៈ ស្ថិតនៅភូមិក្បាលត្រាច ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង លុះដល់ម៉ោង៦និង៥០នាទីព្រលប់ ទើបដឹកទំនិញឆ្លងដែនទៅប្រទេសវៀតណាម តាមច្រករបៀងដើមស្នាយ ដោយគ្មានសមត្ថកិច្ចជំនាញណាមករំខានឡើយ។
បើតាមមហាជន ប្រាប់អ្នកសារព័ត៌មានយើងថា នៅចំណុចគម្រោងដីឡូត៍អមតៈនេះ ឈ្មួញវៀតណាមតែងតែយករថយន្តឆ្លងដែនចូលមកដីខ្មែររៀងរាល់ថ្ងៃរង់ចាំ ឈ្មួញខ្មែរដឹកទំនិញមកដល់ ក៏ផ្ទេរទំនិញដាក់រថយន្តវៀតណាមដឹកឆ្លងដែនទៅប្រទេសវៀតណាម។ ទំនិញរួមមាន ស្ករ ស គ្រឿងអេឡិចត្រនិច បារីស៊ែត ក្រណាត់គីប និងសំលៀកបំពាក់ សង្ស័យជាទំនិញគេចពន្ធ ដោយមិនឃើញមានសមត្ថកិច្ចជំនាញណាមកក្បែរទេ អាចត្រូវថ្នាំសណ្ដំអស់ហើយមើលទៅ។
មហាជនបានរិះគន់ចំៗទៅលើអាជ្ញាធរមានសមត្ថកិច្ច ថា បានបើកដៃឲ្យឈ្មួញប្រើប្រាស់រថយន្តដឹកទំនិញធុនធំប្រភេទវ៉េអង ចំណុះចាប់ពី ៤០តោន ទៅ ៥០តោន ធ្វើចរាចរណ៍នៅលើផ្លូវជាតិបង្កឲ្យបាក់ស្រុតផ្លូវថ្នល់ខូចជាបណ្តើរៗហើយ បើគ្មានការទប់ស្កាត់ទេ គឺផ្លូវថ្នល់ត្រូវខូចអស់ជាមិនខាន។
ទាក់ទិនករណីនេះដែរ CEN មិនអាចរកការបំភ្លឺពីលោក យ៉ន សុផល ប្រធានវរៈការពារព្រំដែនលេខ៦០៩ បានទេ រហូតមកដល់រសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤នេះ។ ចំណែកលោក ចាន់ ដារ៉ា ប្រធានការិយាល័យសាខាគយ និងរដ្ឋាករប្រចាំច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ អ្នកសារព័ត៌មានយើងមិនអាចរកការបំភ្លឺបានទេ រហូតមកដល់ល្ងាចថ្ងៃទី៩ ខែកញ្ញាឆ្នាំ២០២៤នេះ។ បើពួកមន្ត្រីនៅតាមច្រកមួយនេះបើកដៃឲ្យឈ្មួញដឹកទំនិញគេចពន្ធចូលទៅប្រទេសវៀតណាមរាល់ថ្ងៃបែបនេះ ពិតជាបាត់ចំណូលថវិកាជាតិច្រើនណាស់៕ រក្សាសិទ្ធដោយ ៖ សុំ សុវណ្ណគីរី








