ភ្នំពេញ៖ឯកឧត្ដម ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សកម្ពុជារាជធានីភ្នំពេញបានលើកឡើងពីគំរូវីរៈភាពរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដើម្បីឱ្យមន្ត្រីរបស់គណបក្ស ដែលជាឃោសនិកដ៏សំខាន់របស់បក្ស យកមកធ្វើជាត្រីវិស័យ ក្នុងការផ្សព្វផ្សាយជូនប្រជាពលរដ្ឋឱ្យបានដឹងនិងបានយល់ច្បាស់អំពីវីរៈភាពដ៏ឧត្តុងឧត្ថមរបស់ថ្នាក់ដឹកនាំបក្សយើងនិងបន្តយកទៅផ្សព្វផ្សាយដល់កូនចៅជំនន់ក្រោយៗទៀតបានដឹងឮ។
ការលើកឡើងខាងលើរបស់ឯកឧត្ដមឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញបានធ្វើឡើង នាព្រឹកថ្ងៃអាទិត្យទី០៦ កក្កដាខែកក្កដាឆ្នាំ២០២៥នេះ ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់បឹងទំពន់ទី១ ដោយមានការចូលរួមពីលោកម៉ប់ សារិន សមាជិកគណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានប្រចាំការគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញនិងលោកសេង គន្ធ ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខណ្ឌមានជ័យ។
ក្នុងឱកាសនោះ លោក លោកស្រី ប្រធានភូមិទាំង១១ និងលោកចៅសង្កាត់បឹងទំពន់ទី១ បានរាយការណ៍ពីសមិទ្ធផលការងារនានាដែលសំរេចបាន និងកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ហើយក៏បានលើកឡើងពីចំណុចខ្វះខាតនិងបញ្ហាប្រឈមនានា នៅក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ ដើម្បីយកបញ្ហាទាំងនោះមកដោះស្រាយឱ្យបានទាន់ពេលវេលា។ជាមួយគ្នានោះដែរ ទាំងលោក លោកស្រីជាប្រធានភូមិ និងលោកចៅសង្កាត់បឹងទំពន់ទី១ សុទ្ធតែឡើងប្តេជ្ញាចិត្ត ក្នុងការកសាងសហជិកបក្សឱ្យបាន៨០% ទៅតាមផែនការ ដើម្បីឈានទៅយកជ័យជំនៈក្នុងការបោះឆ្នោយនៅឆ្នាំ២០២៧-២០២៨
ខាងមុខនេះ។
ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ក្នុងនាមមន្ត្រីរបស់គណបក្ស
ប្រជាជនត្រូវខិតខំបន្តបំរើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរថែមទៀត ដោយត្រូវចិញ្ចឹម ចលនាប្រជាពលរដ្ឋ បើពួកគាត់ខ្វះខាតត្រូវជួយឧបត្ថមភ្លាម ដូចសម្តេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាធ្លាប់មានប្រសាសន៍ហើយ គឺមិនទុកឱ្យពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយនោះទេ។ មិនត្រឹមតែមើលប្រជាពលរដ្ឋទេ ប្រជាការពាររបស់យើង ពួកគាត់ក៏មិនធូធាដែរ ដូច្នេះត្រូវគិតគូឧបត្ថមពួកគាត់ផងដែរ។ សម្តេចតេជោហ៊ុន សែនបានត្រួសត្រាយអស់ហើយ នៅតែយើងទេ ដែលត្រូវបន្តអនុវត្តឱ្យល្អប្រើសើរ ទៅតាមការដឹកនាំ ចង្អុលបង្ហាញរបស់ប្រធានបក្សប៉ុណ្ណោះ។
ឯកឧត្ដម ឃួង ស្រេងបានបន្តទៀតថា៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជានិងជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រគល់ភារកិច្ចឱ្យក្រសួងធនធានទឹកនិងឧតុនិយម, ក្រសួងសាធារការនិងដឹកជញ្ជូននិងរដ្ឋបាលរាជធានីភ្នំពេញ ស្ថាបនាប្រឡាយ លូនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីរំដោះទឹកចេញពីរាជធានីភ្នំពេញ ។នេះជាកាដូដ៏ធំមួយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តល់ជូនប្រជាពលរដ្ឋនៅភ្នំពេញ។
ឯកឧត្ដម ឃួង ស្រេង បានបន្តទៀតថា សាមគ្គីភាពផ្ទៃក្នុងរបស់បក្សគឺជារឿងសំខាន់ណាស់ ដូច្នេះយើងត្រូវសាមគ្គីភាពគ្នា ឱ្យកាន់តែល្អប្រសើរ។ ចំណែកប្រាក់រង្វាន់របស់បក្សក៏ជារឿងសំខាន់ខ្លាំងដែរ ដែលយើងត្រូវយក ថវិកានេះទៅប្រើប្រាស់ឱ្យចំគោលដៅ។
ឯកឧត្ដម ឃួង ស្រេង បានបន្តទៀតថា៖ យើងពិតជាមានសំណាងណាស់ដែលមានថ្នាក់ដឹកនាំដ៏ល្អបំផុត នោះគឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជានិងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ខណៈប្រឈមមុខដាក់គ្នានៅតាមព្រំដែនរវាងកម្ពុជានិងថៃ បើយើងមិនមានថ្នាក់ដឹកនាំល្អបែបនេះទេ កម្ពុជាយើង មិនដឹងថាទៅជាយ៉ាងណានោះទេ។ យើងស្អប់សង្រ្គាម តែយើងក៏មិនខ្លាចសង្គ្រាមដែរ មិនអាចឱ្យប្រទេសណាមួយរំលោភបំពានលើបូរណភាពទឹកដីកម្ពុជាបានឡើយ។
ក្នុងឱកាសនោះ ឯកឧត្ដម ឃួង ស្រេង ក៏បានថ្លែងនូវការអរគុណចំពោះមន្ត្រីគណបក្សប្រជាជនកម្ពុជាទាំងអស់ដែលបានលះបង់កំលាំងកាយ កំលាំងចិត្តរហូតធ្វើឱ្យគណបក្សប្រជាជនកម្ពុជាឈ្នះក្នុងការបោះឆ្នោតឃុំ សង្កាត់និងបោះឆ្នោតជ្រើរើសតំណាងរហូតមក៕រក្សាសិទ្ធដោយ : សុទ្ធលី






