ខេត្តព្រះសីហនុ ៖ សម្តេចមហាបវរធិបតី បានមានប្រសាសន៍ថា ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ ម៉ែត្រនេះ នឹងពង្រីកសមត្ថភាព និងទំនើបកម្មកំពង់ផែ ដើម្បីឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់នាពេលបច្ចុប្បន្ន មុននឹងយើងទទួលបានសមិទ្ធផលចំណតផែកុងតឺន័រទឹកជ្រៅថ្មីទាំង ៣ ជំហាន នាពេលអនាគត។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងយ៉ាងដូច្នេះនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ កញ្ញា ២០២៤
ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ។
សម្តេចបានថ្លែងបន្តទៀតថា ចំណតផែកុងតឺន័របន្ថែមថ្មីនេះ បាន និងកំពុងជួយបំពេញបន្ថែមនូវមុខងាររបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលធ្វើឱ្យនាវាកុងតឺន័រមានជម្រៅទឹក ១០,៤ម៉ែត្រ អាចចូលចតបាន ដែលតាមការព្យាករណ៍ គឺកើនឡើងពី ១៨% ទៅប្រមាណ ៣៨% នៃនាវាដែលធ្វើនាវាចរក្នុងពិភពលោក ដោយឡែក សម្រាប់នាវាដែលមានផ្លូវរត់ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក បានកើនឡើងរហូតដល់ ៤៩,២៥%។
កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាកំពង់ផែទឹកជ្រៅតែមួយគត់របស់កម្ពុជា ដែលបាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ តាមរយៈផលចំណូលអាជីវកម្មដែលទទួលបានពីកំណើនបរិមាណទំនិញ និង កុងតឺន័រឆ្លងកាត់ជារៀងរាល់ថ្ងៃ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ការពង្រីកសមត្ថភាពផែ តភ្ជាប់ជាមួយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន គឺជាជួយប្រព័ន្ធភស្តុភាកម្មរបស់កម្ពុជាកាន់តែប្រសើរ។ សម្តេចធិបតី បានថ្លែងបន្តថា ជប៉ុននឹងជួយប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឱ្យក្លាយជាមជ្ឈមណ្ឌលភស្តុភាកម្មរបស់កម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា៖ «ចំណតកផែកុងតឺន័របន្ថែម ២៥៣ម៉ែត្រ បានសាងសង់ និងស្តារជម្រៅទឹកដល់ ១១,៥ម៉ែត្រ កាលពីចុងឆ្នាំទៅឯកឧត្តម លូ គឹឈុន បានចូលរាយការណ៍ឱ្យខ្ញុំ ថាអីឡូវ សមត្ថភាពផែមានតែ ៥៥ម៉ឺនធីអីយូទេ ក្នុង១ឆ្នាំ ប៉ុន្តែ ជាក់ស្តែងយើងធ្វើទៅដល់ ៧៥ម៉ឺនធីអីយូហើយ ព្រោះអត់កន្លែងដាក់ ពិតណាស់យើងធ្វើ៣ជំហ៊ានទៀត បច្ចុប្បន្ន ត្រូវច្នៃអ្វីដែលមាន ហើយអីឡូវនេះយើងជីកជម្រៅថែមដល់ ១១,៥ម៉ែត្រ យើងអាចឱ្យប្រភេនាវាដឹកកុងតឺន័រ នៅអាស៊ីប៉ាស៊ីហ្វិក អាចមកដល់៤៩,២៥ភាគរយ ហើយនាវាកម្រិតចរាចរណ៍លើពិភពលោក ១៨ភាគរយ»។
ត្រង់ចំណុចនេះ សម្តេចធិបតីហ៊ុន ម៉ាណែត បានលើកឡើងថា ការពង្រីកបន្ថែមនូវសមត្ថភាពទទួលកុងតឺន័ររបស់កំពង់ផែនកម្ពុជា នឹងកាត់បន្ថយការដឹកជញ្ជូនទំនិញ ដូច្នេះ ការជ្រើសរើសផែសម្រាប់ចូលចតដឹកទំនិញ របស់ឈ្មួញនៅប្រទេសជិតខាង ឬប្រទេសកម្ពុជា គឺអាស្រ័យលើតម្លៃដឹកជញ្ជូនឆ្លងកាត់ផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា៖ «ការពង្រីក និងការកសាង ៣ជំហានទៀត នឹងជួយផែរបស់កម្ពុជា អាចប្រកួតប្រជែងជាមួយផែលើពិភពលោក ហើយកន្លែងដឹកជញ្ជូនទំនិញជាកន្លែងប្រកួតប្រជែងហើយ គឺជួយការផលិតដំណើរ ការដឹកជញ្ជូនដើរ នោះនឹងជួយដល់ការរីកចម្រើនផ្នែកសេដ្ឋកិច្ចជាតិ។ ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តរឹងមាំ ផ្នែកឡូជីស្ទីកនេះ គឺជួយឱ្យប្រទេសជាតិមានលំនឹង និងមានសក្តានុពលកាន់តែខ្លាំងនៅថ្ងៃអនាគត»។
ជាមួយគ្នានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការពង្រីកសមត្ថភាពផែ តភ្ជាប់ជាមួយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន គឺជាការជួយប្រព័ន្ធភស្តុភាកម្មរបស់កម្ពុជាកាន់តែប្រសើរ។
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍លើកឡើងថា នេះគឺជាពិធីលើកទី៣ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបានប្រព្រឹត្តទៅក្រោមវត្តមានដ៏ឧត្តុង្គឧត្តមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា ដោយលើកទី១ គឺពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី១ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ និងលើកទី២ គឺពិធីសំណេះសំណាលជាមួយ មន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត នាឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្ដរជាតិ ១ ឧសភា ឆ្នាំ២០២៤។ ទន្ទឹមនឹងនេះ ពិធីដែលកំពុងប្រារព្ធឡើងនាថ្ងៃនេះ ក៏ជាសក្ខីភាពបង្ហាញឱ្យឃើញនូវសមិទ្ធផលថ្មីមួយបន្ថែមទៀតរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងការរីកចម្រើនរបស់កម្ពុជា ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទាំងក្នុងអាណត្តិមុន និងបច្ចុប្បន្នដែលបានគាំទ្រ និងចង្អុលបង្ហាញជាទិសដៅយុទ្ធសាស្ត្រនៅក្នុងការអនុវត្តឱ្យសម្រេចចេញជាផ្លែផ្កានៃសមិទ្ធផលជាតិ។
គួរបញ្ជាក់ផងដែរថា ចំណតផែកុងតឺន័របន្ថែមថ្មីនេះបាននិងកំពុងជួយបំពេញបន្ថែមនូវមុខងាររបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលធ្វើឱ្យសមត្ថភាពផែសរុបកើនឡើងពី ៥៥ម៉ឺនTEUs/ឆ្នាំ ទៅ ១លាន TEUs/ឆ្នាំ និងអាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានជម្រៅទឹក ១០,៤ម៉ែត្រ ចូលចតបាន ដែលតាមការព្យាករណ៍គឺកើនឡើងពី ១៨% ទៅប្រមាណ ៣៨% នៃនាវាដែលធ្វើនាវាចរក្នុងពិភពលោក ដោយឡែកសម្រាប់នាវាដែលមានផ្លូវរត់ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកកើនឡើងរហូតដល់ ៤៩,២៥%៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី






























