ខេត្តកំពង់ធំ ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានជំរុញឱ្យមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកំពង់ធំ ដើរតួនាទីសកម្ម ដើម្បីគាំទ្រចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយខេត្តកំពង់ធំ ឱ្យទៅជាមជ្ឈមណ្ឌលជាតិកែច្នៃគ្រាប់ស្វាយចន្ទី។
ក្នុងដំណើរចុះសួរសុខទុក្ខ សំណេះសំណាល និងពិភាក្សាការងារនៅមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកំពង់ធំ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបានលើកឡើងពីសក្តានុពលរបស់ខេត្តកំពង់ធំ ដែលមានចំការស្វាយចន្ទីច្រើនកន្លែង និងមានទីតាំងយុទ្ធសាស្ត្រនៅជាប់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមទាំងផ្លូវល្បឿនលឿនដែលគ្រោងនឹងកសាងនាពេលខាងមុខ។
ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឱ្យមន្ទីរអនុវត្តអភិក្រមបុរេសកម្ម ក្នុងការគាំទ្រគំនិតផ្តួចផ្តើមផលិតកម្ម និងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការផ្តល់សេវាមន្ទីរពិសោធន៍ ការលើកកម្ពស់បច្ចេកវិទ្យាផលិតកម្មទំនើប និងការចាប់យកស្តង់ដារគុណភាព ដើម្បីបង្កើនភាពប្រកួតប្រជែងនៃផលិតផលកសិឧស្សាហកម្មរបស់ខេត្ត។
ឯកឧត្តមក៏បានលើកទឹកចិត្តអ្នកផលិត និងអ្នកកែច្នៃគ្រាប់ស្វាយចន្ទី ឱ្យទាញយកអត្ថប្រយោជន៍ពីធនធាន និងយន្តការដែលរាជរដ្ឋាភិបាលផ្តល់ជូន រួមទាំងលទ្ធភាពទទួលបានហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម, ធនាគារសហគ្រាសធុនតូច និងមធ្យមនៃកម្ពុជា, និងសហគ្រិនខ្មែរ ជាដើម ដើម្បីជំរុញកំណើននៃការផលិត ការកែច្នៃ និងការនាំចេញគ្រាប់ស្វាយចន្ទី ក៏ដូចជាវិស័យកសិឧស្សាហកម្មជារួម៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី