ខេត្តកំពង់ចាម:”ក្នុងយុទ្ធនាការបង្ក្រាបបទល្មើសគ្រឿងញៀនកន្លងទៅដោយបង្ក្រាបបានច្រើនចំនួន ២៣ករណីលើ ១៩ករណី ក្នុងនោះមានការកើនឡើងពីរករណីហើយកន្លងមកកម្លាំងសមត្ថកិច្ចធ្លាប់បង្ក្រាបបានករណីគ្រឿងញៀននៅស្រុកប្រធាយ រឹបអូសបានសារធាតុញៀនចំនួន២,៥០គីឡូក្រាម ដោយចាប់ជនសង្ស័យចាត់ការតាមនីតិវិធី ហើយត្រូវបន្តស្រាវជ្រាវរកមេខ្លោងបន្តទៀត” នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តថ្លែងនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤ អាណិតទី៤របស់ក្រុមប្រឹក្សាខេត្តនាព្រឹកថ្ងៃទី១៦ខែកញ្ញា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្ត។
ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍លើកឡើងថា: មួយរយៈនេះគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន១៥លើ៦ករណី គឺមានការកើនឡើងចំនួន៩ករណីក្នុងនោះស្លាប់មនុស្សចំនួន១៣នាក់។ហើយបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះ នៅតែចោទជាបញ្ហាសម្រាប់ខេត្តកំពង់ចាម ដែលទាមទារឲ្យមានការចូលរួមធ្វើយ៉ាងណាត្រូវកាត់បន្ថយឲ្យចុះជាងនេះ ក្នុងនោះមនុស្ស១៥នាក់គឺស្លាប់១៣នាក់ ដោយគ្រោះថ្នាក់ចរាចរណ៍។ដូច្នេះស្នងការនគរបាលខេត្តទទួលរងផែនសណ្ដាប់ធ្នាប់ ត្រូវតែរៀបចំផ្សព្វផ្សាយច្បាប់ចរាចរណ៍ឲ្យបានទូលំទូលាយដើម្បីបញ្ជ្រាបដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ព្រោះថារដូវភ្ជុំបិណ្ឌបានខិតចូលមកដល់ហើយ។ធ្វើយ៉ាងណាឱ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរយកចង្ហាន់ទៅវត្តនិងត្រឡប់មកវិញដោយសុវត្ថិភាព។ ចំពោះករណីបទល្មើសជលផលក្នុងរដូវបិទនេសាទ កម្លាំងមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបានសហការជាមួយកម្លាំងសមត្ថកិច្ចអាជ្ញាធរមូលដ្ឋានបង្ក្រាបបានចំនួន១៣១ករណីក្នុងនោះបំផ្លាញវត្ថុតាមចោលនៅកន្លែងចំនួន១១៧ ករណី
ហើយវត្ថុតាងមួយចំនួនត្រូវបានចាត់ការតាមច្បាប់ចំនួន៩ករណី ពិន័យអន្តរកាលចំនួន៥ករណី ហើយកូនត្រីចម្រុះជាង៣តោន ដែលរឹបអូសពីការដាក់ស្បៃមុងតាមបឹងបួរ ត្រូវបានចាក់ពន្លែងក្នុងបន្ធម្មជាតិវិញ។ ជាមួយនោះសូមឱ្យស្ថាប័នជំនាញជលផលខេត្តត្រូវតែបន្តស្រាវជ្រាវរកមុខសញ្ញាប្រព្រឹត្តបទល្មើសជៀសវាងបើចាប់មិនបានជននោះថ្ងៃក្រោយ អាចប្រព្រឹត្តបទល្មើសនេសាទបន្តទៀតក្នុងមូលដ្ឋានរបស់ខ្លួន។ ដោយឡែកខាងគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត បានបិទបញ្ជីឈ្មោះដើម្បីឲ្យពលរដ្ឋទៅផ្ទៀងផ្ទាត់មើលឈ្មោះមានឬមិនមានរយៈពេល១៦ ថ្ងៃហើយពលរដ្ឋ ដែលចុះឈ្មោះបោះឆ្នោតនៅក្នុងខេត្តកំពង់ចាមសរុបមានចំនួនជាង៦៦ម៉ឺននាក់ក្នុងនោះអ្នកចុះឈ្មោះថ្មីមានជាង៤០០០នាក់។
ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តបានបញ្ជាក់ថា សូមអំពាវនាវដល់ស្រទាប់យុវជនយុវនារី ដែលដល់អាយុគ្រប់បោះឆ្នោតសូមមេត្តាចុះឈ្មោះដើម្បីត្រៀមនិងបោះឆ្នោតដែលធ្វើឡើងនៅក្នុងឆ្នាំ២០២៧។ ជាការពិតណាស់នៅប្រទេសជិតខាងរបស់កម្ពុជា បានទទួលរងផលប៉ះពាល់ដោយព្យុះកំណាចយ៉ាហ្គី បង្កឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធនិងអាយុជីវិតរបស់ប្រជាពលរដ្ឋ សម្រាប់កម្ពុជាវិញបានទទួលរងឥទ្ធិពលបន្តិចបន្តួចប៉ុណ្ណោះ។ ក្នុងរយៈពេលប្រមាណមួយសប្តាហ៍ទៀតព្យុះទី១៣ ហ្នឹងបោកបក់មកលើតំបន់មួយចំនួនធ្វើឲ្យទំនប់វារីអគ្គិសនីនៅប្រទេសចិននិងឡាវត្រូវបានបើកទឹកទម្លាក់ដើម្បីបង្ហូរចុះមកក្រោមហើយក្នុងនោះខេត្តដែលរងផលប៉ះពាល់មានចំនួន៤ខេត្តគឺស្ទឹងត្រែង ក្រចេះ កំពង់ចាមនិងត្បូងឃ្មុំ ជាមួយនោះស្ថាប័នសាខាកាកបាទក្រហមខេត្តក៏ដូចជាមន្ទីរសុខាភិបាលខេត្ត ត្រូវត្រៀមលក្ខណៈសម្បត្តិដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋក្នុងគ្រាដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ហើយក៏មានថ្នាំសម្រាប់បង្ការពស់ចឹកធ្វើយ៉ាងណាឱ្យពលរដ្ឋរស់នៅតាមដងទន្លេមេគង្គមានសុវត្ថិភាព៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី