ខេត្តកំពង់ចាម: នៅក្នុងឱកាសរដូវបុណ្យភ្ជុំបិណ្ឌនៅតាមទីវត្តអារាមចំនួន ៣៧៨វត្ត ក្នុងខេត្តកំពង់ចាមគឺមានបងប្អូនពុទ្ធជើងវត្តទាំងជិតនិងឆ្ងាយបាននាំគ្នាយកចង្ហាន់មកប្រគេនព្រះសង្ឃតាំងពីវេនដាក់បិណ្ឌទី១ រហូតដល់បិណ្ឌ ៩គឺទាំងចាស់ទាំងក្មេង មានចំនួនច្រើនគួរឱ្យកត់សម្គាល់។ ទោះបីជាមានវត្តអារាមមួយចំនួនត្រូវបានជន់លិចដោយទឹកទន្លេមេគង្គ យ៉ាងណាក៏ដោយក៏ម្នាក់ៗបាននាំគ្នាតស៊ូជិះទូកយកចង្ហាន់មកវត្ត ហើយព្រះសង្ឃក៏មិនខ្វះចង្ហាន់ឆាន់នេះបង្ហាញឲ្យឃើញថាពលរដ្ឋជាង ៩០% គោរពប្រតិបត្តិកាន់សាសនាព្រះពុទ្ធ។
លោកតាគឹម អាន ជាអាចារ្យវត្តដីដុះស្ថិតនៅសង្កាត់វាលវង់ ក្រុងកំពង់ចាមមានប្រសាសន៍ឲ្យដឹងថា: ក្នុងរដូវវេនដាក់បិណ្ឌ១រហូតមកដល់វេនទី៩ ត្រូវនឹងព្រឹកថ្ងៃទី២៦ខែកញ្ញា ឆ្នាំ២០២៤ឃើញមានវត្តមាន លោកជំទាវញូង ចរិយា អ៊ុន ចាន់ដា អភិបាលខេត្តរួមទាំងសហការីជាច្រើននាក់ បានយកចង្ហាន់មកប្រគេនព្រះគ្រូ ញ័រ សាវីដែលជាព្រះចៅអធិការវត្តដីដុះ រួមទាំងព្រះសង្ឃជាច្រើនអង្គទៀត។ ឃើញថាមន្ត្រីរាជការទាំងប្រជាពលរដ្ឋមកពីតាមបណ្ដាភូមិនានាក្នុងក្រុងកំពង់ចាមនិងអ្នកនៅក្រៅស្រុកគឺមានសភាពអ៊ូអរ។
លោកតាអាចារ្យរូបនេះមានប្រសាសន៍បន្តឱ្យដឹងទៀតថា បើតាមការសង្កេតដោយផ្ទាល់ភ្នែកគឺតាំងពីវេនដាក់បិណ្ឌទីមួយមកដល់ពេលនេះមានថ្ងៃខ្លះមនុស្សមកច្រើន ថ្ងៃខ្លះមនុស្សមកតិចហើយថ្ងៃដែលមកច្រើនគឺជាថ្ងៃអាទិត្យ។
បើតាមការប្រៀបធៀបឆ្នាំ២០២៤និងឆ្នាំ ២០២៣កន្លងទៅ រយៈពេលដូចគ្នាគឺឆ្នាំនេះរាងមានការថមថយជាងឆ្នាំទៅបន្តិច ដោយសារតែជីវភាពរបស់ប្រជាពលរដ្ឋ។ ហើយវត្តដីដុះនេះមនុស្សដែលមកច្រើនគឺជាអ្នកភូមិរកា ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីវត្តនោះទេ។
សព្វថ្ងៃព្រះចៅអធិការវត្តបានកសាងសាលាឆាន់ថ្មីស្រឡាងមួយ ដែលមានទំហំ២៧គុណ៣៧ម៉ែត្រអំពីបេតុងប្រក់ក្បឿង ដែលគម្រោងចំណាយបច្ច័យប្រមាណជិត៦លានដុល្លារឯណោះកំពុងតែស្ថាបនាជាបណ្ដើរៗ ហ្នឹងបិណ្ឌបាតបច្ច័យបណ្ដើរ។
ព្រះគ្រូ សា វិរ: ជាព្រះចៅអធិការវត្តខេមវន្តបឹងស្នាយ ស្ថិតនៅសង្កាត់សំបួរមាសក្រុងកំពង់ចាម មានថេរៈដិការឲ្យដឹងថាចាប់តាំងពីរដូវដាក់បិណ្ឌទីមួយមកដល់ទី៩គឺមានបងប្អូនប្រជាពលរដ្ឋទាំងឆ្ងាយជិតយកចង្ហាន់មកប្រគេនព្រះសង្ឃដែលគង់នៅក្នុងវត្តមានចំនួន៣០ទៅ៤០អង្គ គឺសមល្មម មិនខ្វះចង្ហាន់ឆាន់នោះទេ ហើយលោកជំទាវញូង ចរិយា អ៊ុន ចាន់ដា អភិបាលខេត្តព្រមទាំងមន្ត្រីរាជការក៏បានអញ្ជើញមកដាក់បិណ្ឌទី៩នៅវត្តនេះក្នុងទឹកមុខស្រស់ស្រាយ។
ចំណែកលោករ៉េត សារ៉ាត ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបានមានប្រសាសន៍ឲ្យដឹងដែរថានៅក្នុងស្រុកក្រុងទាំង១០នៅខេត្តកំពង់ចាម មានវត្តចំនួន៣៧៨វត្ត ហើយតាមការសង្កេតដោយផ្ទាល់គឺមានបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពង់ចាមនិងអ្នកខ្លះបានចាកចេញពីលំនៅឋានទៅរស់នៅកន្លែងផ្សេងក៏បាននាំគ្នាអញ្ជើញមកតាមវត្តនីមួយៗគឺមានច្រើន ហើយព្រះសង្ឃក៏មិនខ្វះចង្ហាន់ឆាន់៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី













