Friday, September 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ADB ចាប់ផ្តើមកិច្ចពិភាក្សាដំបូង អំពីការអនុវត្ត យុទ្ធសាស្ត្រថ្មីសម្រាប់អភិវឌ្ឍន៍កម្ពុជា របស់ខ្លួន

ភ្នំពេញ ៖នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង វិទ្យាស្ថានបណ្តុះបណ្តាល និង ស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ដែលជាស្ថាប័នសិក្សាស្រាវជ្រាវនាំមុខមួយ បានចាប់ផ្តើមដំណើរការកិច្ច ពិភាក្សាដំបូងនៃកិច្ចពិភាក្សាបន្តបន្ទាប់មួយចំនួនស្តីពីការគាំទ្ររបស់ ADB សម្រាប់របៀបវារៈអភិវឌ្ឍន៍ របស់កម្ពុជា។

លោកស្រី Jyotsana Varma នាយិកា ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា បានមានប្រសាសន៍ថា “យុទ្ធសាស្ត្ររយៈពេលប្រាំឆ្នាំរបស់ ADB ដែលទើបដាក់ដំណើរការនាពេលថ្មីៗនេះ សំដៅពង្រឹងភាពជា ដៃគូជាមួយកម្ពុជា ដើម្បីវិបុលភាព និងពលរដ្ឋកម្ពុជា ព្រមទាំងភពផែនដី។ ADB បានដាក់ចេញនូវផែនការ សកម្មភាពជាក់លាក់ ដើម្បីពន្លឿនការអភិវឌ្ឍវិស័យឯកជន និង ពង្រឹងភាពធន់នឹងអាកាសធាតុ។ កិច្ច ពិភាក្សាដែលធ្វើឡើងទាំងនេះ គឺជាវេទិកាដ៏សំខាន់មួយដើម្បីប្រមូលផ្តុំទស្សនៈស៊ីជម្រៅ ជំរុញកិច្ចសហការ និងទទួលបានការគាំទ្រពីភាគីពាក់ព័ន្ធនានារួមមាន ស្ថាប័នអប់រំនិងសិក្សាស្រាវជ្រាវ ជើងឯកពីវិស័យ ឯកជន អ្នកដឹកនាំថ្នាក់ក្រោមជាតិ ព្រមទាំងដៃគូអភិវឌ្ឍន៍ផ្សេងទៀត។ យើងសង្ឃឹមថានឹងអាចអនុវត្តផែន ការរបស់យើងរួមគ្នាដើម្បីសម្រេចបានលទ្ធផលជាក់ស្តែងសម្រាប់ប្រទេសនិងប្រជាជនកម្ពុជា។

កិច្ចពិភាក្សាទី១នេះ បានរៀបចំឡើងនៅ វិទ្យាស្ថានគរុកោសល្យបាត់ដំបង (STEC) ក្នុងខេត្ត បាត់ដំបង ដោយមានតំណាងមកពីស្ថាប័នពាក់ព័ន្ធ ស្ថាប័នអប់រំ និងវិស័យឯកជនប្រមាណ ១០០ នាក់ ចូលរួម។

វាគ្មិនចូលរួមក្នុងកិច្ចពិភាក្សាទី១នេះ ដែលរួមមាន លោកស្រី Jyotsana Varma, លោកស្រី បណ្ឌិត អេង នេត្រា (នាយិកាប្រតិបត្តិ CDRI), លោក Parth Borkotoky (ប្រធានសភា ពាណិជ្ជកម្ម អន្តរជាតិ កម្ពុជា) និង លោក Pratish Halady (នាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់ ADB ទទួលបន្ទុក ផ្នែកអភិវឌ្ឍន៍វិស័យឯកជន) ចែករំលែកយោបល់អំពី អាទិភាពជាតិសម្រាប់កំណើនខ្ពស់និងប្រកបដោយ
បរិយាប័ន្ន ការឆ្លើយតបជាយុទ្ធសាស្ត្ររបស់ ADB ទៅនឹងបញ្ហាប្រឈមដែលកំពុងកើតមាន និងទស្សនៈ ស៊ីជម្រៅរបស់វិស័យឯកជនអំពីការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដើម្បីពន្លឿនសន្ទុះនៃកំណើន ក្នុងប៉ុន្មានឆ្នាំ ខាងមុខនេះ។ អ្នកចូលរួមក៏បានលើកជាសំណួរ និងចែករំលែកយោប់សំខាន់ៗជាច្រើន។

ADB គឺជាប្រភពជំនួយអភិវឌ្ឍន៍ផ្លូវការដ៏ធំបំផុតមួយរបស់កម្ពុជា ដោយផ្តល់ប្រាក់កម្ចីប្រចាំឆ្នាំជា មធ្យមប្រមាណ ៣៦០ លានដុល្លារពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២៣។ ការគាំទ្រចម្បងរបស់ ADB ដែល ស្របទៅនឹងយុទ្ធសាស្ត្រជាតិ ផ្តោតលើវិស័យ កសិកម្ម ធនធានធម្មជាតិនិងការអភិវឌ្ឍជនបទ អប់រំ ថាមពល ហិរញ្ញវត្ថុ សុខាភិបាល ឧស្សាហកម្មនិងពាណិជ្ជកម្ម គ្រប់គ្រងសាធារណៈ ដឹកជញ្ជូន ព្រមទាំង ហេដ្ឋារចនាសម្ព័ន្ធទីក្រុង និងសេវាកម្មផ្សេងៗទៀត។

ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេចឱ្យបាននូវ វិបុលភាព បរិយាបន្ន ភាពធន់និងនិរន្តរភាព
ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង។ បង្កើត
ឡើងនៅឆ្នាំ ១៩៦៦ ធនាគារនេះគ្រប់គ្រងដោយសមាជិកចំនួន ៦៨ ប្រទេស ដែល ក្នុងនោះមាន ៤៩ប្រទេស មកពីតំបន់អាស៊ីនិងប៉ាស៊ីហ្វិក។ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×