Friday, September 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សារលិខិត សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៤ ក្រោមប្រធានបទ “ទេសចរណ៍ និងសន្តិភាព” (Tourism and Peace)

រាជធានីភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា “
ក្នុងឱកាសដ៏មហោឡារិកប្រារព្ធទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៤នេះ ខ្ញុំមានក្តីសោមនស្សរីករាយក្រៃលែង ដោយបានចូលរួមជាមួយបងប្អូនជនរួមជាតិ ក៏ដូចជាប្រជាជាតិទាំងឡាយ នៅលើពិភពលោក ដើម្បីអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៤ ក្រោមប្រធានបទ “ទេសចរណ៍ និងសន្តិភាព” (Tourism and Peace) ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែកញ្ញា ជារៀងរាល់ឆ្នាំ។ ក្នុងនាមរាជរដ្ឋាភិបាលនីតិកាលទី៧ និងជនរួមជាតិកម្ពុជាសូមសម្តែងនូវការអបអរសាទរ និងគាំទ្រយ៉ាងស្មោះស្ម័គ្រចំពោះអង្គការទេសចរណ៍សហប្រជាជាតិ (UN Tourism) ក៏ដូចជាបណ្តាប្រទេស រដ្ឋជាសមាជិក អង្គការជាតិ អន្តរជាតិ និងដៃគូអភិវឌ្ឍនានា ដែលបានយកចិត្តទុកដាក់ខ្ពស់ និងទទួលខុសត្រូវលើការអភិវឌ្ឍ កសាង ពិសេសកិច្ចសហប្រតិបត្តិការភាពជាដៃគូ ជាមួយគ្រប់ស្ថាប័នដោយផ្តោតទៅលើតួនាទីយ៉ាងសំខាន់នៃកម្លាំងអានុភាពរបស់វិស័យទេសចរណ៍ ក្នុងការជំរុញឱ្យមាននូវឱកាសនៃការងារ ឱកាសនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងឱកាសធ្វើឱ្យជីវភាពរស់នៅកាន់តែប្រសើរឡើងសម្រាប់យើងទាំងអស់គ្នាឆ្ពោះទៅរកការកាត់បន្ថយភាពក្រីក្រជាបណ្តើរៗ និងជាពិសេសបានរួមវិភាគទានយ៉ាងសំខាន់ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ក៏ដូចជាវប្បធម៌ ប្រពៃណី សាសនា ទំនៀមទម្លាប់របស់យើងទាំងអស់គ្នាឈានទៅរកសង្គមមួយមានសុខដុមនីយកម្ម ការយោគយល់គ្នា និងប្រកបទៅដោយការស្រលាញ់ និងគាំទ្រសន្តិភាពពីគ្រប់ស្រទាប់មហាជនដែលសមស្របទៅនឹងប្រធានបទទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៤ “ទេសចរណ៍ និងសន្តិភាព”។

ជាប្រត្យក្សណាស់ថា វិស័យមាសបៃតងមួយនេះ ពិតជាបានដើរតួនាទីជាកាតាលីករដ៏សំខាន់ក្នុងការជំរុញ ឱ្យមានសន្តិភាព និងជាស្ពានមេត្រីក្នុងការចម្លងនូវការយោគយល់ ការអនុគ្រោះ និងស្នាមញញឹមរួសរាយ រាក់ទាក់គ្នាទៅវិញទៅមក។ ចំណុចខ្លាំងដ៏ធំបំផុតរបស់វិស័យទេសចរណ៍ ក្រៅពីអានុភាពសេដ្ឋកិច្ច គឺដើរតួនាទី យ៉ាងសំខាន់ក្នុងការប្រមូលផ្តុំមនុស្សមកជួបជុំគ្នាដែលបង្កើតបានទៅជាមាគ៌ាសន្តិភាពដែលស្របទៅតាម អនុសាសន៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន “អរគុណសន្តិភាព មានសន្តិភាពទើបមាន អ្វីៗទាំងអស់”។ សន្តិភាពដែលបានប្រសូតចេញពីនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បានផ្តល់ឱកាសឱ្យព្រះរាជាណាចក្រកម្ពុជាអាចនាំយកមកនូវព្រលឹងដូនតា និងរតនសម្បត្តិដ៏មានតម្លៃនានា ដែលបាន បាត់បង់កន្លងមក បានត្រឡប់មាតុភូមិនិវត្តន៍មកប្រទេសកំណើតវិញជាបន្តបន្ទាប់ ដែលជាការជួបជុំគ្នាឡើងវិញ នៃមហាគ្រួសារដូនតាខ្មែរ ក្រោមម្លប់សន្តិភាពដ៏ពេញលេញដែលពុំធ្លាប់មានអស់រយៈកាលជាង ៥០០ឆ្នាំមកហើយ ដែលវត្ថុសិល្បៈបុរាណទាំងនេះជាទុនមួយដ៏សំខាន់ ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យកាន់តែមក ទស្សនាព្រះរាជាណាចក្រអច្ឆរិយៈរបស់យើង។

ប្រធានបទឆ្នាំនេះ ពិតជាឆ្លើយតបនឹងសភាពការណ៍ទេសចរណ៍សកលលោក និងតំបន់ដែលបាននិងកំពុង ប្រឈមនឹងឧបសគ្គជាច្រើនដែលស្មុគស្មាញប្រទាក់ក្រឡាគ្នា ដូចជាបញ្ហាសង្គ្រាមនៅអ៊ុយក្រែន ការប្រែប្រួល អាកាសធាតុ និងបញ្ហាសេដ្ឋកិច្ចជាសកលជាដើម។ កត្តាទាំងនេះ បានធ្វើឱ្យអត្រាអតិផរណាកើនឡើងយ៉ាង គំហុក ដែលជារបាំងបន្ទច់បង្អាក់ខ្សែច្រវាក់តម្លៃ និងផលិតភាពសកល និងជាពិសេស ធ្វើឱ្យសន្ទុះនៃការងើប ឡើងវិញនៃសេដ្ឋកិច្ចសកលលោក និងតំបន់មានការថមថយគួរឱ្យកត់សម្គាល់ ដែលជាបច្ច័យអវិជ្ជមានដល់ កំណើនទេសចរណ៍អន្តរជាតិផងដែរ។ ទន្ទឹមនេះ តាមរយៈបញ្ហាប្រឈមទាំងនេះ យើងក៏អាចដកស្រង់នូវមេរៀន និងបទពិសោធ ដើម្បីជាកាលានុវត្តភាព ក្នុងការស្តារនិងលើកស្ទួយវិស័យទេសចរណ៍ ប្រកបដោយភាពធន់ កាន់តែប្រសើរជាងមុន និងជាធាតុចូលដ៏សំខាន់ក្នុងការគិតគូរធ្វើការអភិវឌ្ឍ និងកែទម្រង់ស៊ីជម្រៅចំពោះ អនាគតនៃវិស័យទេសចរណ៍សម្រាប់ទាំងអស់គ្នា។ អនាគតនៃវិស័យទេសចរណ៍ស្ថិតនៅក្នុងដៃយុវជន តាមរយៈ ការវិនិយោគលើយុវជន ការផ្តល់ឱកាសអប់រំនិងបណ្តុះបណ្តាល ការលើកទឹកចិត្តឱ្យមានការចូលរួមយ៉ាងសកម្ម របស់ពួកគេក្នុងវិស័យទេសចរណ៍ យើងអាចទាញយកសក្តានុពលរបស់ពួកគេ ដើម្បីជំរុញការរីកចម្រើនសង្គម និងលើកកម្ពស់សន្តិភាព។ បុគ្គលវ័យក្មេងដែលមានទេពកោសល្យ នាំមកនូវទស្សនវិស័យ ភាពច្នៃប្រឌិត និង ថាមពលដែលចាំបាច់សម្រាប់ការវិវត្តជាបន្តបន្ទាប់នៃវិស័យទេសចរណ៍។

ទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៤ មានគោលបំណងស្វែងយល់ពីចំណុចប្រសព្វនៃទេសចរណ៍ និងការ កសាងសន្តិភាព ដោយគូសបញ្ជាក់ពីរបៀបនៃការធ្វើដំណើរ ការផ្លាស់ប្តូរគ្នានូវវប្បធម៌ដ៏សម្បូរបែប និងការអភិវឌ្ឍ ទេសចរណ៍ប្រកបដោយនិរន្តរភាពជាឈ្នាន់រួមចំណែកដល់ការដោះស្រាយជម្លោះ ការផ្សះផ្សា និងការលើកកម្ពស់ សន្តិភាពទូទាំងពិភពលោក។

ជាក់ស្តែងសម្រាប់កម្ពុជា រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការអន្តរាគមន៍ និងវិធានការនានាជាបន្តបន្ទាប់ សម្រាប់ការពង្រឹងភាពធន់ គាំទ្រជំរុញ និងស្តារវិស័យទេសចរណ៍ឡើងវិញ ឱ្យបានទាន់ពេលវេលា និងប្រកបដោយ ប្រសិទ្ធភាព ដោយក្នុងនោះ រាជរដ្ឋាភិបាលបន្តលើកលែងនូវសារពើពន្ធចំពោះអាជីវកម្មបម្រើឱ្យវិស័យ ទេសចរណ៍រយៈពេលពេញមួយឆ្នាំ២០២៥ទៀតដែលទាំងនេះសបញ្ជាក់ឱ្យឃើញនូវការយកចិត្តទុកដាក់ខ្ពស់ពី សំណាក់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា តែងតែឈរនិងប្រកាន់ខ្ជាប់ជាមួយវិស័យទេសចរណ៍ ជាពិសេសទៅទៀតនោះ រាជរដ្ឋាភិបាលបានដាក់ចេញ និងអនុវត្តនូវផែនការយុទ្ធសាស្ត្រយ៉ាងច្រើនឥតគណនារួមមានការបន្តស្ថាបនាបន្ថែមនូវស្ពាន ថ្នល់ គម្រោងរថភ្លើងល្បឿនលឿនមធ្យម គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនិងភ្នំពេញ-សៀមរាប ព្រលានយន្តហោះតាមខេត្តនានា មន្ទីរពេទ្យ ការផ្តល់នូវការព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាជននៅទូទាំងប្រទេសតាមរយៈ ប័ណ្ណ ប.ស.ស បង្កើតសាលាបណ្តុះបណ្តាលវិជ្ជាជីវៈជូនដល់កម្មករជាង១លាននាក់ ដោយឥតគិតថ្លៃ ការស្ថាបនារោងចក្រទឹកស្អាត រោងចក្រថាមពលឧស្ម័នធម្មជាតិ ការបន្តពង្រីកកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ ការស្ថាបនាកំពង់ផែទេសចរណ៍ និងកំពង់ផែទឹកជ្រៅដឹកទំនិញក្នុងខេត្តកំពត រោងចក្រដំឡើងរថយន្ត រោងចក្រផលិតសំបកកង់រថយន្តដែលប្រើប្រាស់ជ័រកៅស៊ូរបស់ខ្មែរ គម្រោង
ការសាងសង់ខ្សែកាបអុបទិចក្រោមសមុទ្រសម្រាប់បម្រើឱ្យវិស័យអ៊ីនធឺណិតពីកម្ពុជាទៅហុងកុង ដែលវិនិយោគ
ដោយភាគីមិត្តចិន និងហេដ្ឋារចនាសម្ព័ន្ធទាំងរឹងនិងទន់នានាផ្សេងទៀត ដើម្បីបម្រើឱ្យពហុវិស័យ រួមទាំងវិស័យទេសចរណ៍ដែលជាមាសបៃតង និងជាឆ្អឹងខ្នងក្នុងការជំរុញសេដ្ឋកិច្ចជាតិយើងឱ្យមានការរីកចម្រើនដូចអរិយ ប្រទេសនានានៅលើសកលលោក។

ផ្តើមចេញពីផែនទីចង្អុលផ្លូវ (Roadmap) ការស្តារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ត្រូវបានរៀបចំ ឡើងជា ៣ ដំណាក់កាល៖ ដំណាក់កាលទី១ ជាដំណាក់កាលភាពធន់នៃវិស័យទេសចរណ៍ ដំណាក់កាលទី២ ជា ដំណាក់កាលងើបឡើងវិញនៃវិស័យទេសចរណ៍ និងដំណាក់កាលទី៣ ជាដំណាក់កាលដំណើរការឡើងវិញ ឆ្ពោះទៅកាន់អនាគតថ្មីនៃវិស័យទេសចរណ៍កម្ពុជា។ ជាលទ្ធផល កម្ពុជាបានបើកសកម្មភាពសេដ្ឋកិច្ច សង្គម ពេញលេញលើគ្រប់វិស័យ និងទទួលស្វាគមន៍ភ្ញៀវទេសចរឡើងវិញ ហើយកម្ពុជាត្រូវបានទទួលស្គាល់ជា គោលដៅទេសចរណ៍សុវត្ថិភាពនិងបៃតង។ បច្ចុប្បន្ននេះ កម្ពុជាបាននិងកំពុងទទួលនូវកំណើនភ្ញៀវទេសចរ អន្តរជាតិជាបណ្តើរៗ។ ក្នុងឆ្នាំ២០២៣ កន្លងទៅ យើងទទួលបានភ្ញៀវទេសចរអន្តរជាតិ ៥.៤៥លាននាក់ កើនឡើង ១៣៩.៥% ធៀបជាមួយរយៈពេលដូចគ្នាឆ្នាំ២០២២។ ជាក់ស្តែង ៧ខែដើមឆ្នាំ២០២៤ យើង ទទួលបានទេសចរអន្តរជាតិ ៣,៧០០,០០០នាក់ ហើយរំពឹងថានៅឆ្នាំ២០២៤នេះ កម្ពុជានឹងទទួលបានទេសចរ អន្តរជាតិប្រមាណជិត ៦,០០០,០០០នាក់ និងប្រមាណ ៧លាននាក់ នៅឆ្នាំ២០២៦។

ជាការពិត ការអភិវឌ្ឍវិស័យទេសចរណ៍ឱ្យក្លាយជាវិស័យសេដ្ឋកិច្ចសង្គមដ៏ចម្បងមួយសម្រាប់កម្ពុជាគឺ ទាមទារឱ្យមានការគិតគូរឱ្យបានគ្រប់ជ្រុងជ្រោយ ដែលជានិច្ចកាល រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានយកចិត្តទុកដាក់ខ្ពស់ទៅលើការធានាចីរភាពកំណើននៃវិស័យដ៏មានសារៈសំខាន់នេះ។ ចំណុចនេះទាមទារ ចាំបាច់ឱ្យមានការបន្តគិតគូរលើការជំរុញពិពិធកម្ម គំនិតច្នៃប្រឌិត នវានុវត្តន៍ ដើម្បីធានាភាពប្រកួតប្រជែងនៃ វិស័យទេសចរណ៍កម្ពុជានៅក្នុងកម្រិតតំបន់ និងសកលលោក។ ជាក់ស្តែង នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានសម្រេចជាប្រវត្តិសាស្ត្រក្នុងការបើកការដ្ឋានសាងសង់ * ព្រែកជីកហ្វូណនតេជោ” ជាផ្លូវការដែលទាំងនេះជាសមិទ្ធផលថ្មីជាប្រវត្តិសាស្ត្រសម្រាប់វិស័យទេសចរណ៍ ក៏ដូចជាគោលដៅពហុទេសចរណ៍ថ្មីដែលនឹងផុសលេចត្រដែតត្រដឹមនៅអមតាមមាត់ព្រែកជីកហ្វូណនតេជោ នាអនាគតដ៏ខ្លីខាងមុខ។ បន្ថែមទៅទៀតនោះ សមិទ្ធផលថ្មីសំខាន់ជាច្រើនទៀតបានលេចចេញជារូបរាងបណ្តើរៗ សម្រាប់បម្រើឱ្យវិស័យទេសចរណ៍ជារួមមានព្រលានយន្តហោះអន្តរជាតិថ្មីខេត្តសៀមរាប ខ្នាត 4E ព្រលានយន្តហោះ អន្តរជាតិខេត្តព្រះសីហនុដែលទើបតែធ្វើបច្ចុប្បន្នភាពឱ្យត្រូវស្តង់ដាអន្តរជាតិដែលមានផ្លូវរត់រហូតដល់ ៣៣០០ ម៉ែត្រ និងជាពិសេសព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ ប្រភេទខ្នាតយក្ស 4F ដែលអាចឱ្យគ្រប់ ប្រភេទយន្តហោះទាំងអស់អាចចុះចតបាន ដែលនឹងត្រូវបើកឱ្យដំណើរការក្នុងដំណាក់កាលទី១ នាដើមឆមាស ទី១ នៃឆ្នាំ២០២៥ ខាងមុខដ៏ខ្លីនេះ។

ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគី ត្រីភាគី ពហុភាគីលើគ្រប់វិស័យរាប់ទាំងវិស័យទេសចរណ៍នេះផង
កម្ពុជាតែងតែគោរពទៅលើគោលការណ៍ សន្តិសហវិជ្ជមាន (Peaceful Coexistence) របស់សហគមន៍អន្តរជាតិហើយដែលសកម្មភាពទាំងអស់នេះបានចូលរួមក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរួមទាំងលើកកម្ពស់កិត្យានុភាពកម្ពុជានៅលើឆាកអន្តរជាតិ។ កិច្ចសហប្រតិបត្តិការ CLV-DTA រួមទាំងកិច្ចសហប្រតិបត្តិការនានារួមមាន ACMECS CLMV CLMTV GMS មេគង្គឡានឆាង មេគង្គជប៉ុន មេគង្គឥណ្ឌាហ្គង់ហ្គា ក្របខ័ណ្ឌអាស៊ានសហគមន៍អឺរ៉ុប អង្គការទេសចរណ៍សហប្រជាជាតិ (UN Tourism) និងជាមួយអង្គការសហប្រជាជាតិ ពិតជាបានរួមចំណែកក្នុងការធានានិរន្តរភាពនៃសន្តិភាព និងការអភិវឌ្ឍគ្រប់ជ្រុងជ្រោយដល់ប្រជាជាតិកម្ពុជារបស់យើង
អរគុណសន្តិភាព មានសន្តិភាពទើបមានការអភិវឌ្ឍ មានការអភិវឌ្ឍទើបមានការរីកចម្រើនលើគ្រប់វិស័យ។

ក្នុងន័យនេះ សម្តេច បានអំពាវនាវឱ្យមានការចូលរួមឱ្យបានផុសផុលបន្ថែមទៀត ដើម្បីស្ដារវិស័យទេសចរណ៍កម្ពុជា ទាំងទៅលើទិដ្ឋភាពគុណភាព និងបរិមាណ ប្រកបដោយនិរន្តរភាព បរិយាបន្ន ដើម្បីឱ្យការអភិវឌ្ឍបានជាផ្លែផ្កាទៅគ្រប់ភាគីពាក់ព័ន្ធ។ ដើម្បីជាការចូលរួមអបអរសាទរ ទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៤ ក្រោមប្រធានបទ “ទេសចរណ៍ និងសន្តិភាព” សម្តេចបវរធិបតី បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ វិស័យឯកជន អង្គការជាតិនិងអន្តរជាតិ សូមមេត្តាចូលរួមគាំទ្រ និងរក្សាឱ្យបានសុខសន្តិភាព វិបុលភាពទោះនៅក្នុងតម្លៃណាក៏ដោយមានសន្តិភាពទើបមានការអភិវឌ្ឍគ្រប់វិស័យ ជាពិសេសត្រូវរួមគ្នា អភិរក្សវិស័យទេសចរណ៍វប្បធម៌ និងធម្មជាតិ សហគមន៍ទេសចរណ៍ វប្បធម៌ ប្រពៃណី ឧទ្យានជាតិ ព្រៃសហគមន៍ ផ្សោតទន្លេមេគង្គ ព្រៃឈើ ការការពារបរិស្ថាន ការជំរុញបង្កើនគុណភាពផលិតផល និងសេវាទេសចរណ៍ ការរក្សាបាននូវសុខសន្តិភាព សុវត្ថិភាពទេសចរ ការរក្សាភាពញញឹមរួសរាយរាក់ទាក់ជា ប្រពៃណីរបស់ប្រជាជនយើង ក្នុងការធ្វើបដិសណ្ឋារកិច្ចស្វាគមន៍ភ្ញៀវយ៉ាងកក់ក្តៅក្នុងស្មារតីស្រលាញ់រាប់អាន សហប្រតិបត្តិការល្អ ជាពិសេសចូលរួមកាន់តែខ្លាំងក្លាដល់ចលនាប្រឡងប្រណាំងទីក្រុងស្អាត រមណីយដ្ឋាន ស្អាត សេវាល្អ ដើម្បីធ្វើឱ្យកម្ពុជាស័ក្តិសមជាព្រះរាជាណាចក្រអច្ឆរិយៈ និងក្លាយជាគោលដៅទេសចរណ៍លំដាប់ ពិភពលោក។ កិច្ចខិតខំប្រឹងប្រែងរបស់យើងតាមទស្សនទានទាំងឡាយដែលបានលើកឡើងខាងលើនេះ គឺជាបុព្វហេតុដើម្បីអភិវឌ្ឍវិស័យទេសចរណ៍របស់យើងដែលធ្វើឱ្យកម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈក្លាយជាគោលដៅ ទេសចរណ៍លេចធ្លោប្រកបដោយភាពទាក់ទាញ និងមានឧត្តមភាពប្រកួតប្រជែងខ្ពស់ ផ្តល់នូវភាពកក់ក្តៅ ដល់ទេសចរគ្រប់ជាតិសាសន៍៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×