Saturday, September 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បណ្ឌិតសភាចារ្យហង់ជួន ណារ៉ុន៖ ក្រសួងអប់រំនឹងបន្ត ខិតខំប្រឹងប្រែង ក្នុងការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយគោរពតាមគោលទាំង៤ គឺ “អ្នកចេះជាប់”

រាជធានីភ្នំពេញ៖ នារសៀល ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជននិងកីឡា បានទទួលជួបអ្នកសារព័ត៌មាន និង ផ្តល់បទសម្ភាសន៍ ក្នុងសន្និសីទសារព័ត៌មាន ស្តីពីដំណើរការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ០៨ តុលា ២០២៤។

គោលបំណងនៃសន្និសីទសារព័ត៌មាននេះ គឺ ដើម្បីផ្សព្វផ្សាយ ឱ្យបានទូលំទូលាយ និងគ្រប់ជ្រុងជ្រោយ ក៏ដូចជា បកស្រាយនូវរាល់ចម្ងល់ មន្ទិលសង្ស័យ ភាពស្រពិចព្រពិលពាក់ព័ន្ធនឹងការ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡងឆ្នាំ ២០២៤ ដោយក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួង និងភាគីពាក់ព័ន្ធទាំងអស់ នឹងបន្ត ខិតខំប្រឹងប្រែង ក្នុងការ រៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយគោរពតាមគោលទាំង៤ នៃការប្រឡង គឺគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ពោលគឺ “អ្នកចេះជាប់”។

មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត សភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងលើកទឹកចិត្តដល់បេក្ខជនទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់ខិតខំប្រឹងប្រែងសិក្សា ដើម្បីទទួល បានលទ្ធផលល្អក្នុងការប្រឡង ហើយសូមឱ្យឪពុកម្តាយ អ្នកអាណាព្យាបាលជួយគាំទ្រជំរុញកូនៗឱ្យរៀនសូត្រឱ្យបានខ្ជាប់ខ្ជួន និងថ្លែងអំណរគុណដល់ក្រុមការងារ និងភាគីពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងសហការគ្នាបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការរៀបចំដំណើរការប្រឡងតាំងពីចាប់ផ្ដើមរហូតមកដល់ពេលនេះ និងស្នើឱ្យបន្តប្រឹងប្រែងបន្ថែមទៀតដើម្បីឈានទៅសម្រេចបេសកកម្មរួមរបស់យើងដោយជោគជ័យ ឆ្ពោះទៅលើកម្ពស់វិស័យអប់រំ និងមូលធនមនុស្សនៅកម្ពុជា។

បន្ថែមពីនេះ ដើម្បីរក្សា បាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀប រៀបរយតាមមណ្ឌលប្រឡង និងធានាឱ្យ បានសុខភាពសម្រាប់គណៈមេប្រយោគ គណៈកម្មការនានា និងបេក្ខជន ក្រសួងអប់រំ យុវជន និងកីឡា បន្តពង្រឹងកិច្ចសហការយ៉ាងស្អិតល្មួតជាមួយក្រសួង ស្ថាប័នចំនួន៦ រួមមាន៖ ក្រសួងមហាផ្ទៃ ក្រសួង សុខាភិបាល កងរាជអាវុធហត្ថលើផ្ទៃប្រទេស អង្គភាពប្រឆាំងអំពើពុករលួយ អគ្គិសនីកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជា។

ក្រសួងនឹងបិទផ្សាយបញ្ជីឈ្មោះបេក្ខជនប្រឡងនៅតាមរាជធានី ខេត្តចំនួនពីរដង គឺលើកទី១ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤ ដើម្បីឱ្យបេក្ខជនបានពិនិត្យ និងរកមើលឈ្មោះតាមមណ្ឌលប្រឡង និងលើកទី២ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ ដើម្បីពិនិត្យមើល និងបញ្ជាក់ម្តងទៀតអំពីមណ្ឌលប្រឡង លេខបន្ទប់ និងលេខតុ។

វិញ្ញាសាទាំងអស់ត្រូវបានជ្រើសរើស តាក់តែង រៀបចំ និងគ្រប់គ្រងដោយក្រសួងអប់រំ យុវជន និងកីឡា។ វិញ្ញាសាប្រឡងត្រូវបានកំណត់សម្រាប់ថ្នាក់វិទ្យាសាស្ត្រ និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម ដោយក្នុងថ្នាក់នីមួយៗមាន៧មុខវិជ្ជា។ ទម្រង់វិញ្ញាសាត្រូវបានរៀបចំជាពីរ គឺទម្រង់វិញ្ញាសាចម្លងដាក់លើក្តារខៀន និងទម្រង់វិញ្ញាសាដែល ត្រូវចែកជូនបេក្ខជន។

ក្រសួងអប់រំ យុវជន និងកីឡាសូមអំពាវនាវដល់បេក្ខជនទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិ នៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេស មិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ ឬសំណៅឯកសារផ្សេងៗចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ ក្នុងករណីរកឃើញថាបានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ ។
ជាមួយនេះដែរ សូមទាញការចាប់អារម្មណ៍របស់មាតាបិតា អ្នកអាណាព្យាបាល បេក្ខជន និងសាធារណជនទាំងអស់ឱ្យប្រុងប្រយ័ត្ន ចំពោះព័ត៌មានមិនពិត និងសូមស្វែងរកព័ត៌មានថ្មីៗពាក់ព័ន្ធនឹងដំណើរការប្រឡងតាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្លូវការ របស់ក្រសួងអប់រំ យុវជន និងកីឡា www.facebook.com/moeys.gov.kh (http://www.facebook.com/moeys.gov.kh) ។

ជាថ្មីម្ដងទៀត តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សូមជូនពរបេក្ខជនទាំងអស់ឱ្យទទួលបានជោគជ័យក្នុងការប្រឡងខាងមុខនេះ ជាពិសេសគឺទទួលបាននិទ្ទេសល្អៗដែលខ្លួនប្រាថ្នា៕ រក្សាសិទ្ថដោយ ៖ សុទ្ធលី

spot_img
×