ភ្នំពេញ ៖ ក្រសួងអប់រំយុវជននិងកីឡាបានឲ្យដឹងថា ដំណើរការសំណេរនៅថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ បានប្រព្រឹត្តទៅដោយរលូន និងមិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងឡើយ។ បើទោះបីមានភ្លៀងធ្លាក់តិចតួចនៅតាមមណ្ឌលមួយចំនួន ប៉ុន្តែដំណើរការសំណេរនៅតែមានដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ដោយមានការយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពី សំណាក់គណៈមេប្រយោគទូទាំងប្រទេស គណៈអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទទូទាំងប្រទេស ប្រធាន អនុប្រធានមណ្ឌល គណៈកម្មការកណ្ដាល គណៈកម្មការត្រួតពិនិត្យអគារ គណៈកម្មការអនុរក្ស ដោយមានការចូលរួមសហការពី សហភាពសហព័ន្ធយុវជនកម្ពុជា អង្គភាពប្រឆាំងអំពើពុករលួយ មន្ត្រីសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។
បេក្ខជនបានគោរពបទប្បញ្ញត្តិនៃការប្រឡង ព្រមទាំងបានប្រឹងប្រែងក្នុងការធ្វើកិច្ចការតាមសមត្ថភាពរៀងៗខ្លួន ដោយគ្មានយកសំណៅឯកសារ និងឧបករណ៍អេឡិចត្រូនិកចូលមណ្ឌលប្រឡងឡើយ។
ដំណើរការសំណេរនាព្រឹកថ្ងៃទី១ មាន២មុខវិជ្ជាគឺ៖ ប្រវត្តិវិទ្យា និងជីវវិទ្យា (សម្រាប់ថ្នាក់វិទ្យាសាស្ត្រ) ផែនដីនិងបរិស្ថានវិទ្យា និងប្រវត្តិវិទ្យា (សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម)។ នារសៀលថ្ងៃទី១ មាន២មុខវិជ្ជាគឺ៖ គីមីវិទ្យា និងភាសាបរទេស (ថ្នាក់វិទ្យាសាស្ត្រ) និងភូមិវិទ្យា និងភាសាបរទេស (ថ្នាក់វិទ្យាសាស្ត្រសង្គម)។
បេក្ខជនអវត្តមានសរុប២៣១៨នាក់ (ស្រី៨៩៨នាក់) ក្នុងនោះបេក្ខជនស្វៃរិនអវត្តមាន១៩១២នាក់។ ចំនួនអវត្តមានកើនលើសព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ ចំនួន១៩៨នាក់។ បេក្ខជនមានបញ្ហាសុខភាព២៧នាក់ ក្នុងនោះមាន២នាក់ត្រូវបញ្ចប់ការប្រឡង។ អនុរក្ស អប្បមាទ និងជំនួយការ ចំនួន១០នាក់ មានបញ្ហាសុខភាព។ ខេត្តកោះកុង និងស្ទឹងត្រែងជួបបញ្ហាភ្លៀងខ្លាំង និងដាច់ចរន្តអគ្គិសនីមួយរយៈ។
នៅរសៀលនេះ មានករណីសិស្សមួយរូបនៅខេត្តតាកែវ បានយកទូរសព្ទចូលក្នុងបន្ទប់ប្រឡង។ នៅខេត្តកណ្តាល មានករណីអនុរក្សប្រើប្រាស់ទូរសព្ទក្នុងអំឡុងពេលបំពេញភារកិច្ច។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១៣៧ ០៤០ នាក់ (ស្រី ៧៤ ៨៨២ នាក់) ក្នុងនោះ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៣៩ ៣៥៨ នាក់ (ស្រី ២៣ ៧១៥ នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ៩៧ ៦៨២ នាក់ (ស្រី ៥១ ១៦៧ នាក់)។ បេក្ខជនត្រូវបានរៀបចំ ចំនួន២៥នាក់ ក្នុងមួយបន្ទប់ ទៅតាមមណ្ឌលសំណេរនីមួយៗ តាមរាជធានី ខេត្ត លើកលែងតែបន្ទប់ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជនមកពីវិទ្យាល័យអប់រំពិសេស។ មណ្ឌលសំណេរមានចំនួនសរុប ២៣០ មណ្ឌល ត្រូវជា ៥ ៥៣៣ បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមានចំនួន ៧៣ មណ្ឌល ត្រូវជា ១ ៦០២ បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១៥៧ មណ្ឌល ត្រូវជា ៣ ៩៣១ បន្ទប់។
ក្រសួងអប់រំ យុវជន និងកីឡាសូមអំពាវនាវដល់បេក្ខជនទាំងអស់ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ក្នុងករណីរកឃើញថាបានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី