ភ្នំពេញ ៖ ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសហព័ន្ធសភាខេត្ត Kumamoto ប្រទេសជប៉ុន តំណាងដោយ លោក Saburo Matsuda អតីតប្រធានសភាខេត្ត ក្នុងគោលបំណងសិក្សាស្វែងយល់អំពីតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងបរិយាកាសវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។ ជំនួបនេះបានធ្វើឡើងនៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤។
ជាកិច្ចចាប់ផ្តើម លោក Matsuda បានថ្លែងអំណរគុណជូនចំពោះក្រុមការងារដែលបានចំណាយពេលវេលាដ៏មមាញឹកទទួលជួបពិភាក្សាការងារនាឱកាសនេះ។ បន្ថែមពីនេះ លោកក៏បានបង្ហាញនូវការកត់សម្គាល់ខ្ពស់ចំពោះវឌ្ឍនភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជាដែលមានភាពរីកលូតលាស់លឿនរហ័សប្រកបដោយភាពធន់។ ក្នុងស្មារតីនេះ គណៈប្រតិភូសហព័ន្ធសភាខេត្ត Kumamoto បានបង្ហាញចំណាប់អារម្មណ៍ខ្ពស់ក្នុងការសិក្សាស្វែងយល់បន្ថែមអំពីចក្ខុវិស័យ និងបរិយាកាសវិនិយោគរបស់កម្ពុជា សំដៅពាំនាំយកទៅផ្សព្វផ្សាយបន្ថែមទៅកាន់សហគមន៍ធុរកិច្ចនៅប្រទេសជប៉ុន។
ជាការឆ្លើយតប ឯកឧត្តមអគ្គលេខាធិការរងបានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានទទួលស្វាគមន៍គណៈប្រតិភូសហព័ន្ធសភាខេត្ត Kumamoto ដែលបានអញ្ជើញធ្វើទស្សនកិច្ចដោយផ្ទាល់មកកាន់ទឹកដីកម្ពុជា។ ឆ្លៀតយកឱកាសដ៏ប្រពៃនេះ ឯកឧត្តមបានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុនដែលតែងតែផ្តល់នូវការគាំទ្រប្រកបដោយភាពស្និទ្ធស្នាលជាមួយរាជរដ្ឋាភិបាលកម្ពុជារាប់ចាប់តាំងពីនីតិកាលដែលដឹកនាំដោយសម្តេចតេជោប្រធានព្រឹទ្ធសភារហូតមកដល់នីតិកាល ដែលដឹកនាំដោយសម្តេចធិបតីនាយករដ្ឋមន្ត្រី បន្ថែមពីលើការជួយឧបត្ថម្ភគាំទ្រដល់មាគ៌ាអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជាចាប់តាំងពីទសវត្សរ៍ ៩០ រហូតមកដល់បច្ចុប្បន្ន។ ជាមួយគ្នានេះ ឯកឧត្តមក៏បានធ្វើការជម្រាបជូនសមភាគីអំពីតួនាទី និងភារកិច្ចស្នូលរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលមានគណៈកម្មាធិការវិនិយោគកម្ពុជា, គណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍, និងអគ្គលេខាធិការដ្ឋានជាសេនាធិការ។ លើសពីនេះ ឯកឧត្តមបានធ្វើបច្ចុប្បន្នភាពជូនគណៈប្រតិភូឱ្យបានឈ្វេងយល់អំពីសក្តានុពល, កាលានុវត្តភាព, និងបច្ចុប្បន្នភាពនៃបទប្បញ្ញត្តិ និងគោលនយោបាយដែលមានទំនោរគាំទ្រដល់ធុរកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជាជូនសមភាគីផងដែរ ហើយឯកឧត្តមជឿជាក់យ៉ាងមុតមាំថាភាគីមិត្តនឹងជួយនាំយកព័ត៌មានដ៏មានសារៈសំខាន់នេះផ្សព្វផ្សាយទៅកាន់សហគមន៍ធុរកិច្ចនៅខេត្ត Kumamoto ឱ្យបានយ៉ាងទូលំទូលាយ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី