Wednesday, December 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការចែកចាយអគ្គិសនីនៃប្រព័ន្ធបណ្តាញជាតិ គ្របដណ្តប់លើភូមិជាង ៩៩% និងបានភ្ជាប់ឱ្យលំនៅឋាន ៣,៥៩លានផ្ទះ ស្មើរនិងជាង ៩៦% នៃផ្ទះសរុបទូទាំងប្រទេស

ភ្នំពេញ៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានលើកឡើងថា ការចែកចាយអគ្គិសនីរបស់ប្រព័ន្ធបណ្តាញជាតិអាចគ្របដណ្តប់លើភូមិចំនួន ៩៩,១៥% និងបានភ្ជាប់ឱ្យលំនៅឋាន ៣,៥៩លានផ្ទះ ត្រូវជា ៩៦,៥១% នៃផ្ទះសរុបទូទាំងប្រទេស រួចហើយ។ ឯកឧត្តម ថ្លែងបែបនេះ ក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រផលិតអគ្គិសនីដើរដោយឧស្ម័នធម្មជាតិរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប នៅខេត្តកោះកុង។

ឯកឧត្តម កែវ រតនៈ បានគូសបញ្ជាក់ថា បច្ចុប្បន្ន យើងកំពុងបន្តអភិវឌ្ឍពង្រឹង និងពង្រីកសមត្ថភាព និងគុណភាព នៃការផ្គត់ផ្គង់ថាមពលអគ្គិសនីបន្ថែមទៀត ដោយយកចិត្តទុកដាក់ធ្វើការអភិវឌ្ឍទាំងប្រព័ន្ធបណ្តាញជាតិ ទាំងប្រភពអគ្គិសនី ទាំងបណ្តាញបញ្ជូនរង និងទាំងបណ្តាញចែកចាយ។ ហើយយើងក៏បានយកចិត្តទុកដាក់ដោះស្រាយឱ្យមានការផ្គត់ផ្គង់អគ្គិសនី ដល់ភូមិដាច់ស្រយាល ដែលការផ្គត់ផ្គង់របស់ប្រព័ន្ធបណ្តាញជាតិទៅពុំទាន់ដល់ជាបណ្តើរៗផងដែរ ដោយធ្វើការអភិវឌ្ឍប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីខ្នាតតូច ប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យផ្តុំជាមួយប្រព័ន្ធអាគុយស្តុកថាមពល។

ឯកឧត្តម កែវ រតនៈ បានបន្តថា គម្រោងវិនិយោគលើវិស័យថាមពលមួយចំនួន អាចនឹងលេចចេញជារូបរាង្គ និងចាប់ផ្តើមដំណើរការផលិតអគ្គិសនី នៅមុនឆ្នាំ២០៣០ខាងមុខនេះហើយ។

គិតត្រឹមខែកញ្ញា ឆ្នាំ ២០២៤ ប្រភពអគ្គិសនីត្រូវបានអភិវឌ្ឍឱ្យកើនឡើងពី ១៥០មេហ្គាវ៉ាត់ នៅឆ្នាំ ១៩៩៨ រហូតដល់ ៤.៨១៤មេហ្គាវ៉ាត់ ដែលស្មើនឹងកំណើន ៣២ដង។ តួលេខនេះនឹងបន្តកើនឡើងលើស ១ម៉ឺនមេហ្គាវ៉ាត់ នៅមុនឆ្នាំ ២០៣០ បន្ទាប់ពីរាជរដ្ឋាភិបាលទើបអនុម័តលើគម្រោងថាមពលចំនួន ២៣គម្រោង ដែលមានអានុភាពសរុប ៥.៩៥០មេហ្គាវ៉ាត់។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងរ៉ែ និងថាមពល។

គួរបញ្ជាក់ថា រាជដ្ឋាភិបាលកម្ពុជា បានអនុម័តគម្រោងប្រភពផ្គត់ផ្គង់ថាមពលអគ្គិសនីចំនួន ២៣ សម្រាប់ឆ្នាំ ២០២៤-២០២៩ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ដែលមានតម្លៃវិនិយោគសរុបចំនួន ៥,៧៩ពាន់លានដុល្លារអាម៉េរិក។ ក្នុងនោះមាន គម្រោងថាមពលពន្លឺព្រះអាទិត្យ ចំនួន ១២គម្រោង អានុភាពសរុបចំនួន ១.៩៥០មេហ្គាវ៉ាត់, គម្រោងថាមពលខ្យល់ ចំនួន ៦គម្រោង អានុភាពសរុបចំនួន ៩០០មេហ្គាវ៉ាត់, គម្រោងជីវម៉ាស (Biomass) ផ្តុំជាមួយថាមពលពន្លឺព្រះអាទិត្យ ចំនួន ១គម្រោង អានុភាព ៥០+៤០មេហ្គាវ៉ាត់, គម្រោងវារីអគ្គិសនីព្រែកល្អាង ១៤២ ចំនួន ១ គម្រោង អានុភាព ១១០មេហ្គាវ៉ាត់, គម្រោងស្តុកថាមពលដោយប្រព័ន្ធអាគុយស្តុកថាមពល ទំហំ ១.០០០មេហ្គាវ៉ាត់, គម្រោងស្តុកថាមពលវារីអគ្គិសនីបូមទឹកស្តុកទុកស្ទឹងតាតៃលើ ទំហំ ១.០០០មេហ្គាវ៉ាត់ និងគម្រោងផលិតអគ្គិសនីដើរដោយឧស្ម័នធម្មជាតិ (LNG) ចំនួន ១គម្រោង អានុភាព ៩០០មេហ្គាវ៉ាត់ ដែលបានបើកការដ្ឋានសាងសង់កាលពីសប្តាហ៍មុននេះ៕

×