Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សម្តេច​តេជោ នឹង​អាច​លើកលែងទោស ដល់​អ្នក​ជាប់​ពន្ធនាគា​រ​កន្លងមក ក្នុង​បុណ្យ​ឯករាជ្យ​ជាតិ និង​បុណ្យ​រំលឹក​ខួប ២០​ឆ្នាំ​នៃ​នយោបាយ ឈ្នះ​-​ឈ្នះ

​កណ្តាល ​៖ ក្នុងឱកាស​អញ្ជើញ​ជួប​កម្មករ នៅក្នុង​ខេត្ត​កណ្តាល សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា នៅពេល​ខាងមុខ​នេះ សម្តេច​តេជោ នឹង​អាច​លើកលែងទោស ដល់​អ្នក​ជាប់​ពន្ធនាគា​រ​កន្លងមក ដែល​ការលើកលែងទោស​នេះ អាច​នឹង​ធ្វើ ឡើង​នៅក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ បុណ្យ​អ៊ុំ​ទូក បុណ្យ​ឯករាជ្យ​ជាតិ និង​បុណ្យ​រំលឹក​ខួប ២០​ឆ្នាំ​នៃ​នយោបាយ ឈ្នះ​-​ឈ្នះ ក្នុង​ពេលខាងមុខ​នេះ​ជាដើម​។​

​សម្តេច​តេជោ​បន្ថែមថា “​ការលើកលែងទោស​នេះ គឺ​ជា​គុណធម៌ និង​សមាណចិត្ត​ផ្ទាល់​របស់​សម្តេច គឺ​មិនមែន​ដោយសារ​ការគាប សង្កត់​ពី​បរទេស​ណា​ឡើយ​”​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ការ​ឡាយព្រះហស្ថលេខា​របស់​ព្រះមហាក្សត្រ​ក្នុង​ការចាត់តាំង​សម្តេច​ជា​នាយករដ្ឋមន្ត្រី គឺ​ខុស​ពី​ការតែងតាំង​។ ក្នុងន័យ​នេះ​សម្តេច​តេជោ ស្នើ​ឲ្យ​អ្នក​រិះគន់​បែង​ចែង​ឲ្យ​ច្បាស់​ពី​ខ្លឹមសារ​នៃ​ការចាត់តាំង និង​តែងតាំង​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​រំលឹក​ពី​គុណ​តម្លៃ​នៃ​ការបង្កើត “​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​” ដែល​បាន​ផ្តល់ឱកាស​ឲ្យ​គណបក្សនយោបាយ ដែល​បាន​ចូលរួម​បោះឆ្នោត​កាល ពី​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ កន្លងមកនេះ ដើម្បី​រួមគ្នា​ពិគ្រោះ​យោបល់​រក​ចំណុច​ល្អ​វិជ្ជមាន យក​ទៅ​អនុវត្តន៍​ក្នុង​ការអភិវឌ្ឍ​ប្រទេសជាតិ​ឲ្យមាន​ការ​រីកចម្រើន​ថែម​ទៀត​។​

សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ការប្រកួតប្រជែង​ធ្វើឡើង​នៅពេល​បោះឆ្នោត តែ​ក្រោយ​ការបោះឆ្នោត​ត្រូវ​រួបរួមគ្នា​ក្នុង​ការ កសាង​ជាតិ​។ ព្រោះតែ​ស្មារតី​នៃ​ការរួបរួម​នេះហើយ ទើប​សម្តេច​សម្រេច​ផ្តួចផ្តើម​គំនិត​បង្កើត​ឧត្តម​ក្រុមប្រឹក្សា​ផ្តល់ និង​ពិគ្រោះ​យោបល់​។​ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា បើទោះបី ឧត្តម​ក្រុមប្រឹក្សា​ផ្តល់ និង​ពិគ្រោះ​យោបល់ បង្កើត​មិន​ទាន់​យ៉ាងណាក្តី ក៏​ត្រូវ​អញ្ជើញ​តំណាង​គណបក្ស នយោបាយ​ទាំងអស់ឲ្យ​មក​ពិគ្រោះ និង​ផ្តល់​យោបល់​លើ​ច្បាប់​ថវិកា​ផងដែរ មុន​ដាក់​ទៅ​គណៈរដ្ឋមន្ត្រី​ពិនិត្យ និង​អនុម័ត​។​

​សម្តេច​តេជោ​ប្រមុខរាជ​រដ្ឋាភិបាល បាន​ថ្លែងថា ព្រោះតែ​ធ្លាប់​អនុវត្តន៍​នូវ​នយោបាយ​ឈ្នះ​ឈ្នះ​នេះហើយ ទើប​សម្តេច​សម្រេច​ប្រមូល​គ្រប់​ធនធាន​មកពី​បក្ស​នយោបាយ​ទាំងអស់ នៅក្នុង​អាណត្តិ​នេះ​មក​ធ្វើការ​បម្រើ​ប្រទេសជាតិ​។ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា សម្តេច​មាន​ការសោកស្តាយ​ចំពោះ​គណបក្ស​នយោបាយ​មួយចំនួន ដែល​សម្តេច​បាន​ផ្តល់ឱកាស​ទៅ​ហើយ​បែរជា​មិន​ចូលរួម​ទៅ វិញ។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា “​សម្តេច​ចង់​មាន​ការលើកលែង​ទោស​ទ្រង់ទ្រាយ​ធំ តែ​សូម​កុំ​និយាយថា ការលើកលែងទោស​នេះ ព្រោះតែ​គំនាប​បរទេស​។ នៅក្នុង​រដូវ​បុណ្យ​ភ្ជុំ​ឆ្នាំនេះ សម្តេច​ចង់​មាន​ការលើកលែង​ទោស​ទ្រង់ទ្រាយ​ធំ ដែល​ក្នុងនោះ​សម្តេច​គ្រោង​នឹង​លើកលែង​ទោស​អតីត​មន្ត្រី​របស់​បក្ស​ប្រឆាំង​១២​នាក់​ផង​ដែរ​។ ប្រសិនបើ​មាន​ការលើកឡើង​ណាមួយ​ថា ការដោះលែង​របស់​សម្តេច​ធ្វើ​ព្រោះ​គំនាប​របស់​បរទេស​នោះ​សម្តេច​នឹង​ពិចារណា​ឡើងវិញ​”​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា សម្តេច​នឹង​អញ្ជើញ​ទៅ​ថ្លែងការណ៍​នៅ​អង្គការ​សហប្រជាជាតិ​។​

​សម្តេចនាយក​រដ្ឋមន្ត្រី ក៏​បាន​ចេញ​បញ្ជា​ឲ្យ​ក្រសួង​សាធារណការ និង​ក្រសួង​អភិវឌ្ឍន៍​ត្រៀម​ស្តារឡើងវិញ​នូវ​ផ្លូវ​ដែល​រង​ការខូចខាត​។​

​សម្តេចនាយក​រដ្ឋមន្ត្រី ក៏​បាន​បញ្ជា​ទៅ​ក្រសួង​សុខាភិបាល​ត្រៀម​បង្ការ​ទប់ស្កាត់​បញ្ហា​ជំងឺ​ចំពោះ​ប្រជាពលរដ្ឋ​។​

​នៅ​ព្រឹក​ថ្ងៃ ទី​២៣ ខែ​សីហា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បន្ត​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល ជាមួយ​កម្មករ កម្មការិនី​ចំនួន ១៧.៥០៣​នាក់ មក​ពី​រោង ចក្រ សហគ្រាស​ចំនួន​១២ ដែល​ពិធី​សំណេះសំណាល​នេះ​បាន​ធ្វើឡើង នៅ​ភូមិ​ព្រែកត្រែង​២ ឃុំ សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល​។ រោងចក្រ សហគ្រាស​ទាំង​១២​នេះ មាន​ទីតាំង​ស្ថិត នៅ​ស្រុក​គៀនស្វាយ​ចំនួន​១០ នៅ​ស្រុក​លើកដែក​ចំនួន​១ និង​ស្រុក​ស្អាង​ចំនួន​១ ។ រោងចក្រ សហគ្រាស​ទាំងនេះ មាន​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ចំនួន​៦, ផលិត​ស្រោមដៃ​ស្គីទឹ​កកក​ចំនួន​១, តម្បាញ​១, ផុង​សម្លៀកបំពាក់​ចំនួន​១, ផលិត​បរិក្ខា​ពេទ្យធ្មេញ​ចំនួន​១, ផលិត​ជី​កសិកម្ម​ចំនួន​១ និង​បោកគក់​ចំនួន​១ ដែល​វិនិយោគ​ដោយ​ជនជាតិ​ចិន​ចំនួន​១០, វិនិយោគ​ដោយ​កូរ៉េ​ចំនួន​១ និង វិនិយោគ​ដោយ​ជនជាតិ វៀតណាម​ចំនួន​១ ។​

សម្តេច​តេ​ជោនា​យករ​ដ្ឋ មន្ត្រី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ផងដែរ​ចំពោះ​កូន​ក្មួយ​ទាំង​អស់ ដែល​បាន​គោរព​ស្រលាញ់ សម្តេច​តេជោ​រហូតមក​។ ទន្ទឹមនឹងនេះ សម្តេច​តេជោ ក៏​បាន​អរគុណ​ម្ចាស់​រោងចក្រ​ទាំងអស់ ដែល​បាន​អនុញ្ញាត​ឲ្យ​កូន​ក្មួ​យក​ម្មករ​បាន​ឈប់​សំរាក​នៅ​ល្ងាច​ថ្ងៃ​នេះ​ដោយ​មាន​ប្រាក់​ឈ្នួល​ពេញ​ដែល​នេះ​គឺ​បាន​បង្ហាញ​ពី​ក្តីស្រឡាញ់​និង​យកចិត្តទុកដាក់​ព្រមទាំង​សាមគ្គីភាព​គ្នា​រវាង​កម្មករ និង​ម្ចាស់​រោង ចក្រ​។

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​រំលឹក​ផងដែរ​ពី​គុណ​តម្លៃ​នៃ​នយោបាយ ឈ្នះ​-​ឈ្នះ ដែល​សម្តេច​តេជោ បាន​បង្កើតឡើង ក្នុងការ​ធ្វើ​សមាហរណកម្ម​រវាង​ក្រុម​អាវ​ក្រហម ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​បញ្ចប់​សង្គ្រាម​ផ្ទៃក្នុង និង​បន្ត​កសាង​អភិវឌ្ឍ​ប្រទេស​ឲ្យ​រីក​ម្រើ​ន​ដល់​សព្វថ្ងៃនេះ​។ ទន្ទឹមនឹងនេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បានបញ្ជាក់​សារជាថ្មី​ម្តងទៀត​ថា កម្ពុជា​នឹង​រៀបចំ​ព្រឹត្តិការណ៍​ធ្វើ​ពិធី​បុណ្យ​ធំ​ដើម្បី​រំលឹក​ដល់​ខួប ២០​ឆ្នាំ​នៃ​ការបង្កើត​នយោបាយ ឈ្នះ​-​ឈ្នះ ដែល​មាន​ចំនួន ៣​ថ្ងៃ គឺ​នៅ​ថ្ងៃទី​២៩ ទី​៣០ និង​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៨ ខាងមុខនេះ ស្របពេល​នៃ​រៀបចំ​ឆ្លង​ឆ្នាំ​សកល​នៅ​ទីនោះ​តែម្តង​។​

​ជាថ្មី​ម្តងទៀត សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បន្ត​អំ​​ពា​វនាវ​ឲ្យ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ត្រូវ​ចុះជួយ​ដល់ បងប្អូន​ប្រជាពលរដ្ឋ​តាម​បណ្តា​ខេត្ត​មួយចំនួន ដែល​ទទួល​រងគ្រោះ​ដោយ​ទឹកជំនន់ ក្នុង​នោះ​ក្រសួង​កសិកម្ម ត្រូវ​ត្រៀម​ពូជស្រូវ​សម្រាប់​ជូន​ប្រជាពលរដ្ឋ​ក្រោយ​ទឹក​ចុះ​ស្រក​ផងដែរ​។ ចំណែកឯ​ក្រសួង សុខាភិបាល​វិញ ត្រូវតែ​បង្កើន​ការយកចិត្តទុកដាក់​ពី​បញ្ហា​សុខភាព​របស់​ប្រជាពលរដ្ឋ ក្នុងពេល​មាន​គ្រោះទឹកជំនន់ និង​ពេល​ទឹក​ស្រ​កដោយ​ត្រូវ​ពង្រឹង និង​បន្ថែម​សកម្មភាព​តាម មណ្ឌល​សុខភាព និង​មន្ត្រី​ពេទ្យ​បង្អែក​នានា​។ ទន្ទឹមនឹងនោះ​ដែរ សម្តេច​តេជោ ក៏​សូម​អំពាវនាវ​ដល់ ធនាគារ ជាតិ​នៃ​កម្ពុជា ត្រូវ​ធ្វើ​ការងារ​ជាមួយ​ធនាគារ​ឯកជន ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដើម្បី បន្ធូរបន្ថយ​ការ ប្រាក់ ឬ លក្ខខណ្ឌ​ងាយស្រួល​ក្នុង​ការទទួលបាន​នូវ​ប្រាក់​កម្ចី​ផ្សេងៗ​ដើម្បី​គាត់​មាន​លទ្ធភាព​យក​ទៅ សង្គ្រោះ​ដំណាំ​របស់គាត់​ដែល​ទទួលរង​ការខូចខាត​។ សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​បង្ហាញ​នូវ​ក្តី មោទនៈភាព​ចំពោះ​ក្មួយៗ សិស្សានុសិស្ស​ដែល​ទើបតែ ប្រឡង​បាក់​ឌុប​ហើយ ក្នុង​ពេល​ថ្មីៗ​នេះ​។ សម្តេច​តេជោ បាន​ជូនពរ​ឲ្យ​ក្មួយៗ​បាន​ប្រឡង​ជាប់​គ្រប់ៗ​គ្នា និង​ទទួលបាន​និទ្ទេស (A) ដើម្បី​ត្រៀម ខ្លួន​នឹង​ត្រូវ​ជួប​សម្តេច​តេជោ​នាពេល​ខាងមុ​ខ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​អរគុណ​ដល់​ប្រជាពលរដ្ឋ និង​កម្មករ​ទាំងអស់​ដែល​បាន​ចូលរួម អនុវត្ត​លទ្ធិប្រជាធិបតេយ្យ ការរក្សា​សន្តិភាព និង​ការអភិវឌ្ឍ​ជា​ពិសេស​បាន​ទៅ​បោះឆ្នោត​គាំទ្រ គណបក្ស ប្រជាជន​កម្ពុជា​។​

​ដើម្បី​ជំរុញ​ការអនុវត្ត​ការងារ​អោយមាន​ប្រសិទ្ធភាព សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់ ចេញ​នូវ​អនុសាសន៍​សំខាន់ៗ​១០​ចំណុច​។​

​សម្តេច​តេជោ ហ៊ុន សែន នឹង​បន្ត​ខិតខំ​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​ជាច្រើន​ទៀត ជូន​កូនក្មួយ​កម្មករ ជាពិសេស​នៅ​អាណត្តិ​ទី ៦​នេះ​។ ។ ការដំឡើង​ប្រាក់ខែ គឺ​នឹង​ដំឡើង​នៅ​រៀងរាល់ឆ្នាំ ហើយ​នៅ​ឆ្នាំ​២០១៩​ខាងមុខនេះ គឺ​នឹង​អនុវត្ត​ការបើកប្រាក់​ឈ្នួល​ជា​២​ដង ក្នុង​១​ខែ ដើម្បី​ជួយ​សម្រួល​អោយ​កម្មករ​មាន​ប្រាក់​ឈ្នួល​ប្រើប្រាស់​កាន់តែ​ងាយស្រួល​។ សម្តេច​តេជោ នឹង​បន្ត​អញ្ជើញ​ចុះ​សួរសុខទុក្ខ​សំណេះសំណាល​ជា មួយ​បងប្អូន​កម្មករ​នៅ​ទូទាំង​ប្រទេស​ជា​បន្តបន្ទាប់​ទៀត​៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

      

×