Monday, November 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បើកសម្ពោធពិព័រណ៍ពាណិជ្ជកម្មអន្តរកម្ពុជា ឆ្នាំ២០២៤ ដើម្បីជំរុញការនាំចេញផលិតផលវាយនភណ្ឌ និងបង្កើតបណ្តាញទំនាក់ទំនងជាមួយនឹងអ្នកបញ្ជាទិញសំខាន់ៗជាមួយចក្រភពអង់គ្លេស

ភ្នំពេញ៖ ពិព័រណ៍ពាណិជ្ជកម្មអន្តរកម្ពុជា ឆ្នាំ២០២៤នេះ ជា​វេទិកា​មួយ​ដ៏មានសារៈ​សំខាន់​សម្រាប់​ម្ចាស់​អាជីវកម្ម ធុរកិច្ច​ថ្មី វិនិយោគិន​មក​ពី​កម្ពុជា និង​អន្តរជាតិ​​បាន​ជួបជុំ​គ្នា ដើម្បីស្វែងរក​ដៃគូ​ពាណិជ្ជកម្ម ផ្គូរ​ផ្គង​អាជីវកម្ម និង​បង្កើត​ទំនាក់ទំនង ព្រម​ទាំង​បង្ហាញ​ផលិតផល សេវាកម្ម ក៏​ដូច​ជា​ជំរុញ​កំណើនសេដ្ឋកិច្ច ​និង​កិច្ច​សហប្រតិបត្តិការ​អាជីវកម្ម​។ ពិព័រណ៍ពាណិជ្ជកម្មអន្តរកម្ពុជានេះ រៀបចំឡើងនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដោយបណ្តាញសហគ្រិនស្ត្រីកម្ពុជា(CamWEN)  ដែលមានការគាំទ្រពីមជ្ឈមណ្ឌលពាណិជ្ជកម្ម អន្តរជាតិ និងអ្នកពាក់ព័ន្ធផ្សេងទៀតនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្ររាជធានីភ្នំពេញ។

ឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេសប្រចាំអាស៊ាន លោកស្រី Sarah Tiffin មានប្រសាសន៍លើកឡើងថា ការជំរុញគាំទ្រទៅដល់សហគ្រិនស្រ្តី គឺជាផ្នែកមួយដ៏សំខាន់ សម្រាប់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព។ បេសកកម្មពាណិជ្ជកម្មចក្រភពអង់គ្លេស-អាស៊ាន បានផ្ដល់នូវវេទិកាមួយសម្រាប់អាជីវកម្មដែលដឹកនាំ ដោយស្ត្រី ដើម្បីផ្សារភ្ជាប់ទំនាក់ទំនង រួមសហការ និងរីកចម្រើនក្នុងទីផ្សារអាជីវកម្មថ្មី។ ពួកយើង ប្ដេជ្ញាគាំទ្រទៅដល់សហគ្រិន ដែលបានរួមចំណែកក្នុងការរីកលូតលាស់ និងភាពរឹងមាំ នៃសេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេស និងអាស៊ាន។ បេសកកម្មមួយនេះ មិនត្រឹមតែពង្រឹងទៅដល់ទំនាក់ទំនងពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែវាបានឆ្លុះបញ្ចាំងពីការរួមប្ដេជ្ញាចិត្តជាមួយគ្នា​ ក្នុងការបង្ហាញនូវសមភាពយេនឌ័រ និងការពង្រឹងសេដ្ឋកិច្ចផងដែរ។ 

សហគ្រិនស្ត្រីកម្ពុជា បានរៀបចំវេទិកានេះឡើង ដោយគំនិតផ្ដួចផ្ដើម នឹង មានការចូលរួមពីអាជីវកម្មផ្សេងៗមកពីបណ្ដាលសហគ្រិនស្រ្តី។ មិនត្រឹមតែប៉ុណ្ណោះ កម្មវិធីមួយនេះ នឹងបន្តប្រារព្ធធ្វើឡើងនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី នៅពេលក្រោយ។

ក្នុងឱកាសនោះដែរ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានថ្លែងថា តាមព័ត៌មានដែលលោកជំទាវទទួលបាន ពិព័រណ៍នៅថ្ងៃនេះ មានគោលបំណងជំរុញការនាំចេញផលិតផល វាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើងទៅកាន់ចក្រភពអង់គ្លេស មិនត្រឹមតែតាមរយៈការតាំងបង្ហាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានការបង្កើតបណ្តាញទំនាក់ទំនងជាមួយនឹងអ្នកបញ្ជាទិញសំខាន់ៗរបស់ចក្រភពអង់គ្លេស លើផលិតផលទាំងនោះផងដែរ។

លោកជំទាវ ចម និម្មល បានថ្លែងថា ឧស្សាហកម្មវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើង គឺជាវិស័យអាទិភាព របស់កម្ពុជា ហើយបានរួមចំណែកយ៉ាងសំខាន់ផងដែរ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។ លើសពីនេះ ដើម្បីបង្កើនភាពប្រកួតប្រជែង ស្របពេលដែលធានាឱ្យបាននូវលក្ខខណ្ឌការងារសមស្របក្នុងវិស័យវាយនភណ្ឌ និងកាត់ដេរ ក្នុងឆ្នាំ២០០១ កម្ពុជា បានចូលរួមក្នុងគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (BFC) របស់អង្គការអន្តរជាតិខាងការងារ (ILO) ដែលធ្វើការវាយតម្លៃលើលក្ខខណ្ឌការងារដោយផ្អែកលើច្បាប់ការងារកម្ពុជា ច្បាប់ទាក់ទងនឹងការងារផ្សេងៗ និងបទដ្ឋានការងារគោលដែលទទួលស្គាល់ ជាលក្ខណៈអន្តរជាតិ។

គិតត្រឹម ១០ខែ ឆ្នាំ២០២៤នេះ ការនាំចេញសរុបរបស់កម្ពុជាឈានដល់ ៤៥.៥ ប៊ីលានដុល្លារ ដែលក្នុងនោះ ការនាំចេញវាយនភណ្ឌមានប្រមាណ ៤០៦លានដុល្លារ (កើនឡើង ១៤.៤៧%) ការនាំចេញសម្លៀកបំពាក់ឈានដល់ ៨ប៊ីលានដុល្លារ (ការកើនឡើង២៣.៦៦%) និងការនាំចេញស្បែកជើង ១.៣ ប៊ីលានដុល្លារ (កើនឡើង ២២.៣៣%)។ ខ្ញុំសូមធ្វើការកំណត់សម្គាល់ថាភាគច្រើន [ប្រមាណ៨០%] នៃនិយោជិតនៅក្នុងវិស័យទាំង នោះគឺជាស្ត្រី។ ដូចនេះហើយស្ត្រីមានតួនាទីសំខាន់ខ្លាំងណាស់ក្នុងការចូលរួមក្នុងកម្មវិធី អភិវឌ្ឍសេដ្ឋកិច្ចជាតិរបស់រាជរដ្ឋាភិបាល។

កម្ពុជា និងចក្រភពអង់គ្លេសមានទំនាក់ទំនងយ៉ាងជិតស្និទ្ធលើគ្រប់វិស័យ ដែលមិត្តភាពដ៏រឹងមាំនេះត្រូវថែរក្សាតាមរយៈកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ជាពិសេសក្នុងវិស័យ ពាណិជ្ជកម្ម និងវិនិយោគ។ កម្ពុជា និងចក្រភពអង់គ្លេស មានគោលបំណង និងការប្តេជ្ញាចិត្តរួមគ្នា ដើម្បីជំរុញកំណើនពាណិជ្ជកម្មទ្វេភាគី និងរួមគ្នាដោះស្រាយបញ្ហាប្រឈម ដែលកំពុងកើតមាន និងអាចកើតមាននាពេលអនាគត ជាមួយចក្ខុវិស័យច្បាស់លាស់ ក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និង ប្រកប​ដោយចរីភាពចំពោះវិស័យឯកជន។

លោកជំទាវ ចម និម្មល បានគូសបញ្ជាក់ថា រយៈពេល ១០ខែឆ្នាំ២០២៤នេះ ទំហំពាណិជ្ជកម្មសរុបកម្ពុជា-ចក្រអង់គ្លេស សម្រេចបាន ៦៧៤លានផោន ឬ៨៥០ លានដុល្លារ កើនឡើង ១៦% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ ដែលការនាំចេញរបស់កម្ពុជា ទៅកាន់ចក្រភពអង់គ្លេសក្នុងឆ្នាំ២០២៤ មានកំណើន ២១% ក្នុងនោះ ផលិតផលសម្លៀកបំពាក់ ស្បែកជើង និងកង់ គឺឈរលើលំដាប់កំពូលទាំងបី នៃមុខទំនិញនាំចេញទាំងអស់។ ជាមួយនឹងលក្ខខណ្ឌពាណិជ្ជកម្មដែលមានអំណោយផល ផ្តល់ដោយចក្រភពអង់គ្លេស លោកជំទាវរដ្ឋមន្រ្តីសម្គាល់ឃើញថា ការនាំចេញផលិតផលធ្វើដំណើរ មានកំណើនខ្ពស់គួឱ្យកត់សម្គាល់ប្រមាណ៧៦,២៣% ធៀបនឹងឆ្នាំមុន។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ពិព័រណ៍នេះ បានរៀបចំឱ្យមានស្តង់ចំនួន ៧៥ នឹងមានការផ្តល់ជូននូវព័ត៌មានទីផ្សារ និងរៀបចំជាវេទិកាជជែកកិច្ចពិភាក្សាផងដែរ៕​

×