ភ្នំពេញ ៖ អង្គភាពសារព័ត៌មាន CEN និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានព្រមព្រៀងគ្នាសហការពង្រីកការផ្សព្វផ្សាយលើវិស័យកសិកម្ម ឱ្យកាន់តែទូលំទូលាយជូនដល់ប្រជាពលរដ្ឋ សាធារណជន ឱ្យកាន់តែជ្រាបដឹងច្បាស់អំពីការវិវឌ្ឍន៍នៃនៃវិស័យកសិកម្ម ដោយហេតុថា វិស័យសិកម្ម ជាអាទិភាពចម្បងមួយក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល។
ការព្រមព្រៀងនេះធ្វើឡើង នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ ក្នុងពេលដែល លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឱ្យថ្នាក់ដឹកនាំអង្គភាពសារព័ត៌មាន CEN និងសហការី ជួបសំណេះសំណាល ពិភាក្សាការងារសុំកិច្ចសហការ ចូលរួមលើកកម្ពស់ និងបញ្ជ្រាបព័ត៌មានទាក់ទងនឹងវិស័យកសិកម្មឱ្យសាធារណជនគ្រប់ស្រទាប់វណ្ណៈកាន់តែជ្រាបច្បាស់ និងទូលំទូលាយបន្ថែមទៀត។
ជំនួបពិភាក្សាដែលធ្វើឡើងនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នោះ លោកជំទាវ អ៊ឹម រចនា បានថ្លែងស្វាគមន៍ លោក អាន ច័ន្ទថ្លា នាយកប្រតិបត្តិអង្គភាពសារព័ត៌មាន CEN និងសហការី ដែលបានស្នើសុំជួបថ្នាក់ដឹកនាំក្រសួងកសិកម្ម ដើម្បីណែនាំអំពីសារព័ត៌មាន CEN ដែលបង្កើតឡើងនៅឆ្នាំ២០០៨ ផលិតព័ត៌មានចម្រុះ មានផលិតជាអត្ថបទ និងវីដេអូ រួមជាមួយព័ត៌មានអង្កេតស៊ីជម្រៅ ជាដើម។
ចំពោះសំណើពីសារព័ត៌មាន CEN ដែលមានបំណងធ្វើជាដៃគូផ្សព្វផ្សាយអំពីវិស័យកសិកម្ម លោកជំទាវ អ៊ឹម រចនា បានសម្ដែងការស្វាគមន៍ ដោយលើកឡើងថា ក្រសួងកសិកម្មតែងតែបើកទូលាយសហការជាមួយស្ថាប័នសារព័ត៌មានគ្រប់អង្គភាព ដែលផ្សព្វផ្សាយនូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ ដើម្បីរួមគ្នាផ្សព្វផ្សាយអំពីវិស័យកសិកម្មឱ្យបានកាន់តែទូលំទូលាយជូនសាធារណជន បន្សាបព័ត៌មានមិនពិត និងមិនប្រកាន់និន្នាការឡើយ។
លោកជំទាវសង្កត់ធ្ងន់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាត់ទុកវិស័យសារព័ត៌មានជាអំណាចទី៤ ការផ្សព្វផ្សាយព័ត៌មានពិតទាក់ទងវិស័យកសិកម្ម នឹងជួយលើកស្ទួយវិស័យកសិកម្ម ផ្តល់ផលប្រយោជន៍ដល់កសិករ និងធ្វើឱ្យជីវភាពប្រជាកសិករកាន់តែរីកចម្រើនបន្ថែមទៀត ស្របតាមគោលនយោបាយរបស់ក្រសួង គឺ «មានហូប មានប្រើ មានបាន និងមានរហូត»៕ ពិសិដ្ឋ CEN