Thursday, December 12, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម Omar Kadiri បានបង្ហាញពីឆន្ទៈរបស់ប្រទេសម៉ារ៉ុក ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជា

ភ្នំពេញ ៖ ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃយន្តការប្រឹក្សាយោបល់ដែលមានស្រាប់រវាងប្រទេសកម្ពុជា និងម៉ារ៉ុក និងភាពចាំបាច់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងទេសចរណ៍ ខណៈដែលឯកឧត្តមរដ្ឋលេខាធិការទទួលការជួបសម្តែងការគួរសមរបស់ ឯកឧត្តម Omar Kadiri ប្រធាននាយកដ្ឋានកិច្ចការអាស៊ី និងអូសេអានី នៃក្រសួងការបរទេស កិច្ចសហប្រតិបត្តិការអាហ្វ្រិក និងជនអន្តោប្រវេសន៍ម៉ារ៉ុក នៅទីស្តីការក្រសួងការបរទេស នៅមុនកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី៤ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤។

ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរចំពោះការរីចម្រើននៃទំនាក់ទំនងមិត្តភាពរវាងព្រះរាជាណាចក្រទាំងពីរ និងបានរំលឹកពីលទ្ធផលប្រកបដោយផ្លែផ្កានៃដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះរាជាណាចក្រម៉ារ៉ុក កាលពីខែមីនា ឆ្នាំមុន ដែលនៅក្នុងឱកាសនោះ កិច្ចព្រមព្រៀងស្ដីពីសេវាកម្មអាកាសចរណ៍ត្រូវបានចុះហត្ថលេខា។

ឯកឧត្តមរដ្ឋលេខាធិការ សុន្ទរី បានបង្ហាញនូវជំនឿចិត្តថា កិច្ចពិគ្រោះយោបល់លើកទី៤ រវាងក្រសួងការបរទេសទាំងពីរនឹងផ្តល់សន្ទុះថ្មីដល់កិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រទាំងពីរ។ ឯកឧត្តម Omar Kadiri បានបង្ហាញពីឆន្ទៈរបស់ប្រទេសម៉ារ៉ុកក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជា និងស្របទស្សនៈលើភាពចាំបាច់ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងការវិនិយោគ។ ឯកឧត្តម បានបញ្ជាក់សារជាថ្មីអំពីការគាំទ្រដ៏រឹងមាំរបស់ម៉ារ៉ុកចំពោះកម្ពុជា ដែលត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦ ហើយឯកឧត្តម ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ព្រះរាជាណាចក្រម៉ារ៉ុក ដើម្បីរួមចំណែកក្នុងទំនាក់ទំនងប្រកបដោយការស្ថាបនាជាមួយអាស៊ានផងដែរ។

ឯកឧត្ដម សុន្ទរី បានស្នើដល់ភាគីម៉ារ៉ុកជួយគាំទ្របេក្ខភាពកម្ពុជាសម្រាប់សមាជិកគណៈកម្មាធិការ នៃគណៈកម្មការកសាងសន្តិភាព (OCPBC) សម្រាប់អាណត្តិ២០២៥-២០២៦ និងក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់ អ.ស.ប. (ECOSOC) សម្រាប់អាណត្តិ ២០២៨-២០៣០ និងបានសម្តែងអំណរគុណចំពោះម៉ារ៉ុក ដែលបានគាំទ្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦។ ឯកឧត្តម Kadiri ក៏បានបញ្ជាក់ពីការបន្តគាំទ្របេក្ខភាពកម្ពុជាជាសមាជិកនៅក្នុងអង្គការទាំងពីរខាងលើ។ ឯកឧត្តម ក៏បានអះអាងជាថ្មីពី “ការគាំទ្រយ៉ាងសកម្ម” របស់ម៉ារ៉ុក ចំពោះបេក្ខភាពរបស់កម្ពុជា ជាអ្នកសង្កេតការណ៍នៃអង្គការសហប្រតិបត្តិការឥស្លាម (OIC)។ ភាគីទាំងពីរក៏បានយល់ស្របគ្នាក្នុងការបន្តកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់នៅលើឆាកអន្តរជាតិ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×