ភ្នំពេញ ៖ ព្រះរាជពិធីសម្ពោធប៉ុស្ដិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណា ព្រះមហាក្សត្រសីហមុនី និងពិធីអបអរសាទរខួបឆ្នាំទី២០ នៃការបង្កើតពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងខួបឆ្នាំទី៣៣ នៃគណៈសង្ឃធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅបរិវេណវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នាព្រឹកថ្ងៃសៅរ៍ ៧កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨
ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤។
ព្រះរាជពិធីសម្ពោធប៉ុស្តិ៍សុខភាពនេះ មានការចូលរួមពីសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ព្រះសង្ឃ សិស្ស និស្សិត និងប្រជាពលរដ្ឋជាច្រើនអង្គ/នាក់។
ប៉ុស្ដិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណា ព្រះមហាក្សត្រសីហមុនី ជាព្រះរាជទាននាមដ៏ថ្លៃថ្លាបំផុតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្រោមព្រះរាជកិច្ចដឹកនាំស្ថាបនិកដោយផ្ទាល់របស់សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ បួរ គ្រី ព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងជាព្រះប្រធានប៉ុស្តិ៍សុខភាព ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និង ផែនការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្នុងការលើកកម្ពស់វិស័យអប់រំ និងសុខភាពសាធារណៈ ដើម្បីលើកតម្កើងនូវឧត្តមភាពជាតិ សាសនា ព្រះមហាក្សត្រ។
ប៉ុស្តិ៍សុខភាពនេះគឺសម្រាប់ប្រើប្រាស់ទូទៅដល់សាមណនិស្សិត-និស្សិត នៃពុទ្ធិសាកលវិទ្យាល័យព្រះសីហមុនីរាជា និងព្រះសង្ឃ ប្រជាពលរដ្ឋទូទៅដោយព្យាបាលមិនគិតថ្លៃ៕ រក្សាសិទ្ធដោយ៖សុទ្ធលី