Thursday, December 12, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សន្តិភាព និងស្ថិរភាពយូរអង្វែងរបស់កម្ពុជា គឺជាធាតុផ្សំមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍ និងការធានាបាននូវសុខដមនីយ​កម្មជាតិសាសន៍ និងសាសនា​ នៅព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ ៖ ព្រឹកថ្ងៃទីអាទិត្យ ទី៧ ធ្នូ ឆ្នាំ២០២៤, ក្នុងពិធី​បើក​សន្និបាតលើកទី២០ របស់អង្គការក្រុមប្រឹក្សាផ្សព្វផ្សាយឥស្លាមតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក (RISEAP), សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា បានខិតខំកសាង និងថែទាំយ៉ាងយកចិត្តទុកដាក់​បំផុតចំពោះសន្តិភាព និងស្ថេរភាពយូរអង្វែងរបស់កម្ពុជា ដែលជាមូលដ្ឋានគ្រឹះ និងជាធាតុផ្សំមិន​អាចខ្វះបាន សម្រាប់ការអភិវឌ្ឍ និងការធានាបាននូវសុខដុមនីយ​កម្មជាតិសាសន៍ និងសាសនា​នៅព្រះរាជាណាចក្រកម្ពុជា។ ជាក់ស្តែង, សុខសន្តិភាពនេះ បានអនុញ្ញាតឱ្យ​កម្ពុជារៀបចំនូវព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ, ការជួបជុំគ្នាក្នុងទ្រង់ទ្រាយធំ និង ការរៀបចំ​សន្និបាតលើកទី២០ របស់អង្គការ RISEAP នាពេលនេះ។

សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថា ការជំរុញសុខដុមនីយកម្មសាសនា គឺជា ឌី.អេន.អេ (DNA) របស់គណបក្សប្រជាជនកម្ពុជា ហើយគ្រប់អាណត្តិនៃរាជរដ្ឋាភិបាលដែលដឹកនាំដោយ​គណបក្ស​ប្រជាជនកម្ពុជា គឺតែងប្រកាន់​ខ្ជាប់ជានិច្ចនូវគោលការណ៍នេះ។ ព្រមជាមួយគ្នានេះ បងប្អូនខ្មែរឥស្លាមជាច្រើន ក៏បានចូលរួម​ចំណែកជាមួយរាជរដ្ឋាភិបាលក្នុងតួនាទីជាថ្នាក់ដឹកនាំ រួមមានទាំងព្រឹទ្ធសភា, រដ្ឋសភា, សមាជិករាជរដ្ឋា​ភិបាល,​ រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ, ទីប្រឹក្សា​ស្ថាប័នរដ្ឋ និងតួនាទីក្នុងក្របខណ្ឌថ្នាក់​ជាតិ និង ថ្នាក់ក្រោមជាតិ ព្រមទាំងក្នុងជួរកងកម្លាំងផងដែរ។

បន្ថែមពីនេះ​, ការរក្សាបាននូវទំនៀមទម្លាប់ និងប្រណិប័តន៍សាសនារបស់បងប្អូនខ្មែរឥស្លាម ក៏ត្រូវបាន​យកចិត្តទុកដាក់ និងអនុវត្តជាប្រចាំ ក្នុងនោះការរៀបចំអាហារស្រាយបួសរ៉ាម៉ាដន ជាទ្រង់ទ្រាយធំ ចាប់តាំងពីឆ្នាំ ២០១៤ មក។ ព្រមជាមួយគ្នានេះ, បងប្អូនខ្មែរឥស្លាមក៏មានសិទ្ធិសេរីភាពពេញលេញ ក្នុងការស្លៀកពាក់, ការសិក្សា និងការទទួលបាន​នូវសេវា​ព្យាបាល និងសេវាផ្សេងៗទៀត។

មុននឹងបញ្ចប់ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមផងដែរថា សន្តិភាព ការ​ជឿនលឿននៃសង្គម-សេដ្ឋកិច្ច និងទំនាក់ទំនងអន្តរជាតិដ៏រស់រវើករបស់កម្ពុជា បងប្អូន​ខ្មែរឥស្លាម​ជាច្រើន ក៏មានឱកាសរៀនសូត្រនូវចំណេះដឹងផ្នែកសាសនាឥស្លាម ក៏ដូចជា​ជំនាញបច្ចេកទេស, វិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅតាមបណ្តាប្រទេសដៃគូជាច្រើននៅលើពិភពលោក ផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×