ខេត្តកំពង់ចាម: ដោយសារសួនច្បារមាត់ទន្លេក្រុងកំពង់ចាម តែងតែមានមនុស្សមកកំសាន្តលេងរាងរាល់ថ្ងៃ។
ក្រោមការយកចិត្តទុកដាក់ពីរដ្ឋបាលខេត្តបានធ្វើការកែលម្អជួសជុលខឿនបេតុងមកក្រាលការ៉ូការ៉ូឡា នៅចំណុចកំពង់សាឡាង ស្ថិតនៅសង្កាត់វាលវង់ក្រុងកំពង់ចាម ឲ្យកាន់តែមានភាពស្រស់ស្អាតប្រយោជន៍សម្រាប់ត្រៀមឆ្លងឆ្នាំសកលក្នុងពេលខាងមុខ ដែលរំពឹងថាមនុស្សនឹងមកកំសាន្តលេងអបអរសាទរបាញ់កាំជ្រួច ដើម្បីបង្កើតភាពសប្បាយរីករាយក ជាមួយនោះកម្លាំងសមត្ថកិច្ចក៏នឹងត្រៀមលក្ខណៈដាក់ពង្រាយតាមគោលដៅសំខាន់ៗ ក្នុងការពង្រឹងសន្តិសុខនិងសណ្ដាប់ធ្នាប់ជូនដល់ពលរដ្ឋទៀតផង។
លោកប៊ិ ប៉ុត្ថា អ្នកទទួលការសាងសង់បានប្រាប់ឲ្យដឹងនាព្រឹកថ្ងៃទី៨ធ្នូថា:
ចំពោះទីតាំងចាស់នៅត្រង់ចំណុចស្តូបអនុស្សាវរីយ៍មិត្តភាពកម្ពុជា-វៀតណាមបរិវេណជុំវិញពីមុនគឺចាក់បេតុងហើយក៏មានភាពរាងចង្អៀតទៀតផង។ ដោយមើលឃើញបែបនេះឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តមានការយកចិត្តទុកដាក់ដោយប្រែក្លាយទីតាំងនេះមកក្រាលការ៉ូការូឡាវិញ ដែលមានទំហំប្រមាណ៧០០០ម៉ែត្រការ៉េ ត្រូវបានប្រើពេលជួសជុលដែលមានរហូតដល់៦០ ថ្ងៃគឺបានរួចរាល់ជាស្ថាពរ។ជាមួយនោះអភិបាលខេត្តក៏បានអញ្ជើញចុះមើលពិនិត្យដោយផ្ទាល់ជាមួយនឹងសហការីកាលពីព្រឹកថ្ងៃទី៧ធ្នូ ឆ្នាំ២០២៤ ដោយបានផ្ដល់អនុសាសន៍ឲ្យរដ្ឋបាលក្រុងកំពង់ចាម ធ្វើយ៉ាងណាខិតខំយកចិត្តទុកដាក់ថែរក្សាសមិទ្ធផលទាំងនេះឲ្យបានគង់វង្ស។
អ្នកទទួលការខុសត្រូវ បានរំលឹកថា
នៅតាមផ្លូវមាត់ទន្លេក្រុងកំពង់ចាមគឺមានការកែលម្អចាប់ពីចំណុចទីតាំងវេទិកាប្រណាំងទូកងនៅជ្រោយថ្មបន្តរហូតមកដល់ចំណុចកំពង់សាឡាងក្នុងសង្កាត់វាលវង់ គឺមានសោភណ្ឌភាពស្រស់ស្អាតសួនច្បារជាមួយនឹងផ្កាជម្រុះពណ៌រាជស្រស់ស្អាត។ ជារៀងរាល់ថ្ងៃមិនថាពេលព្រឹកឬល្ងាចតែងតែមានក្មេងចាស់ប្រុសស្រីដើរហាត់ប្រាណ ដើម្បីធ្វើយ៉ាងណាឱ្យសុខភាពមាំមួន ។ជាមួយនោះនៅចំណុចមុខខណ្ឌរដ្ឋបាលជលផលនិងក្រោមដើមជ្រៃ ពេលល្ងាចក៏មានក្រុមហាត់ប្រាណចំនួនពីរក្រុមតែងតែហាត់ប្រាណរាល់ល្ងាចផងដែរ។
សូមបញ្ជាក់ថាចំណុចទីតាំងស្តូបអនុស្សាវរីយ៍មិត្តភាពកម្ពុជា-វៀតណាមដែលត្រូវបានកែលម្អក្រាលនោះគឺមានលក្ខណៈធំទូលាយជាងមុន ហើយកាលពីចុងឆ្នាំ២០២៣ កន្លងទៅមនុស្សម្នាមកអង្គុយលេងពេលល្ងាចរហូតដល់យប់គឺមានសភាពណែនណាន់តាន់តាប់ ដើម្បីអបអរសាទរឆ្លងឆ្នាំ ហើយនៅចុងឆ្នាំ២០២៤ នេះសមិទ្ធផលដែលបានស្ថាបនារួចរាល់ក្នុងនោះក៏មានកន្លែងក្មេងសម្រាប់លេងកម្សាន្ត រំពឹងថាភ្ញៀវជាតិនិងអន្តរជាតិមកលេងកម្សាន្តកាន់តែច្រើនឡើងក្នុងឱកាសឆ្លងឆ្នាំសកល។
អ្នកម៉ៅការរូបនេះបញ្ជាក់ថា ក្រោមការយកចិត្តទុកដាក់ពីសំណាក់រដ្ឋបាលខេត្តគឺមានគម្រោងអភិវឌ្ឍន៍សួនច្បារតាមដងទន្លេបន្តពីមុខសាលារៀនបឋមសិក្សាដីដុះរហូតដល់ចំណុចមុខវត្តដីដុះ ដែលត្រូវស្ថាបនាកែលម្អតាមដំណាក់កាលធ្វើយ៉ាងណាឱ្យក្រុងកំពង់ចាម កាន់តែមានភាពស្រស់ស្អាត។ជាក់ស្ដែងដើមឈើតាមផ្លូវមាត់ទន្លេគឺឯកឧត្តមអភិបាលខេត្តបានណែនាំឱ្យមន្ត្រីក្រោមឱវាទត្រូវដាក់អំពូលភ្លើងលម្អនាពេលរាត្រី ដែលមើលទៅស្អាតគួរឱ្យចាប់អារម្មណ៍។ គួររំលឹកថាក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាតនាពេលកន្លងទៅក្រុងកំពង់ចាម ធ្លាប់ទទួលបានផ្ការំដួលចំនួន៣ទងផងដែរ៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី