បាត់ដំបង៖ កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១២និង០០នាទី ស្ថិតនៅចំណុចភូមិក្រពើជើង ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង មានករណីហិង្សាដោយចេតនា ប្រើប្រាស់កាំបិតផ្គាក់ មួយកើតឡើង បង្កឡើងដោយជនសង្ស័យឈ្មោះ លឹម សាវី ភេទប្រុស អាយុ៦៣ឆ្នាំ រស់នៅភូមិក្រពើជើង ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ត្រូវជាប្អូនថ្លៃ នៅផ្ទះជិតខាងក្នុងភូមិជាមួយគ្នា បានឈ្លោះប្រកែកគ្នា និងប្រើប្រាស់កាំបិតផ្គាក់ កាប់ទៅលើជនរងគ្រោឈ្មោះ អ៊ួច មុំ អាយុ៦៣ឆ្នាំ ចំនួន០២កាំបិត បណ្តាលឲ្យចំត្រូវក្បាលផ្នែកខាងស្តាំមួយកន្លែង និងចំត្រូវខាងក្រោមក្លៀកខាងស្តាំ មួយកន្លែង រងរបួសជាទម្ងន់ ។
ក្រោយពីបានទទួលបណ្តឹងពីជនរងគ្រោះ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង កម្លាំងផ្នែកនគរបាលយុត្តិធម៌ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំសំពៅ នៃអធិការដ្ឋាននគរបាលស្រុកបាណន់ ដឹកនាំដោយលោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកបាណន់ នៅវេលាម៉ោង១៤:២៥នាទី ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ លឹម សាវី ភេទប្រុស អាយុ៦៣ឆ្នាំ មានទីលំនៅភូមិក្រពើជើង ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង មកកាន់អធិការដ្ឋាននគរបាលស្រុកបាណន់ដើម្បីធ្វើការសាកសួរ ។
ក្រោយពីសាកសួរជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រើប្រាស់កាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះ ដែលត្រូវជាបងថ្លៃចំនួន ០២កាំបិត ពិតប្រាកដមែន ។ មូលហេតុ៖ ធ្លាប់មានជម្លោះ និងគំនុំជាមួយគ្នាកន្លងមក ពាក់ព័ន្ធរឿងប្រវាស់សត្វគោ ។ វត្ថុតាងដកហូតបាន ៖
-កាំបិតផ្គាក់ ដែលមានផ្លែដែក ចំនួន០១ ។
បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕ រក្សាសិទ្ធដោយ៖សុទ្ធលី