រដ្ឋធានីរីយ៉ាដ ៖ក្នុងឱកាស នៃការស្នាក់នៅបំពេញទស្សនកិច្ចផ្លូវការ រដ្ឋធានីរីយ៉ាត ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌិត នារសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ ព្រះរាជាណាចក្រកម្ពុជា អញ្ជើញទស្សនាកំពែងឌីរីយ៉ា (Diriyah Gate) រដ្ឋធានីរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌិត។
វត្តមានអញ្ជើញដល់របស់សម្តេចតេជោ និងប្រតិភូជាន់ខ្ពស់របស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍ពីថ្នាក់ដឹកនាំ នៃកំពែងឌីរីយ៉ា (Diriyah Gate) ។ សូមបញ្ជាក់ថា កំពែងឌីរីយ៉ា គឺជាគម្រោងអភិវឌ្ឍន៍បរិវត្តកម្មផ្នែកវប្បធម៌ និងប្រវត្តិសាស្រ្ត នៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌិត ដែលដឹកនាំដោយអាជ្ញាធរអភិវឌ្ឍន៍កំពែងឌីរីយ៉ា DGDA។ គម្រោងនេះមានគោលបំណងធ្វើឲ្យទីក្រុងប្រវត្តិសាស្រ្ត ឌីរីយ៉ា មានភាពរស់រវើកឡើងវិញ ដែលជាកន្លែងកំណើត នៃរដ្ឋអារ៉ាប៊ីសាអូឌីត ឲ្យទៅជាគោលដៅលំដាប់ពិភពលោក ដែលប្រារព្វពីបេតិកភណ្ឌវប្បធម៌ និងស្ថាបត្យកម្មរបស់ប្រទេសអារ៉ាប៊ីសាអូឌិត។ តាមសាវតាបញ្ជាក់ថា សារៈសំខាន់ប្រវត្តិសាស្រ្ត ឌីរីយ៉ា គឺជាទីតាំងកំណើតរបស់រាជវង្សអារ៉ាប៊ីសាអូឌិត ហើយបានដើរតួនាទីជារាជធានី នៃរដ្ឋអារ៉ាប៊ីសាអូឌិតដំបូងគេ ក្នុងសតវត្សទី១៨។
តំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ក្នុងឆ្នាំ២០១០ ស្រុកអាត់ ទួរេហ្វ (At-Turaif) ក្នុងទីក្រុង ឌីរីយ៉ា ត្រូវបានកំណត់ថា ជាតំបន់បេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ ដោយសារចនាបថស្ថាបត្យកម្ម Najdi ដ៏ប្រណិត និងសារៈសំខាន់ជាប្រវត្តិសាស្រ្ត។ ទីក្រុងនេះល្បីល្បាញដោយសាររចនាសម្ព័ន្ធឥតភក់ហើយត្រូវបានគេចាត់ទុកថា ជានិម្មិតរូបនៃអត្តសញ្ញាណ និងបេតិកភណ្ឌរបស់អារ៉ាប៊ីសាអូឌិត។ តំបន់នេះត្រូវបានផ្តួចផ្តើមគំនិត និងប្រកាសកាលពីឆ្នាំ២០១៧ ថាជាផ្នែកនៃផែនការចក្ខុវិស័យឆ្នាំ២០៣០ របស់អារ៉ាប៊ីសាអូឌិត ដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ច និងលើកកម្ពស់គំនិតផ្តួចផ្តើមវប្បធម៌ ក្នុងគោលបំណងដើម្បីប្រែក្លាយ ឌីរីយ៉ា ទៅជាគោលដៅទេសចរណ៍ពិភពលោក ក្នុងនោះក៏មានការអភិវឌ្ឍ និងការបង្ហាញពីសារៈសំខាន់ជាប្រវត្តិសាស្រ្ត និងវប្បធម៌ផងដែរ។
អាជ្ញាធរបានខិតខំស្តារស្រុកអាត់ ទួរេហ្វ តាមរយៈការបង្កើតសារមន្ទីរ និងមជ្ឈមណ្ឌលវប្បធម៌, ការអភិរក្សទីតាំងប្រវត្តិសាស្រ្ត និងស្ថាបត្យកម្ម, ការអភិវឌ្ឍសណ្ឋាគារ និងរមណីយដ្ឋានប្រណិត ដែលឆ្លុះបញ្ចាំងពីស្ថាបត្យកម្មប្រពៃណី Najdi, ការបង្កើតកន្លែងបរិភោគអាហារ និងកន្លែងកំសាន្ត មានផ្តល់នូវម្ហូបក្នុងស្រុក និងអន្តរជាតិ រួមទាំងការរៀបចំពិធីបុណ្យ និងព្រឹត្តិការណ៍វប្បធម៌ និងការសាងសង់ផ្សារទំនើប, ការលើកកម្ពស់ហត្ថករសូនរូប និងសិប្បករក្នុងស្រុក, ការអភិវឌ្ឍលំនៅដ្ឋានដែលរួមបញ្ចូលគ្នា នូវការរស់នៅបែបទំនើបជាមួយនិងការរចនាបែបបុរាណ, ការរៀបចំសួនឧទ្យាន សាលារៀន និងកន្លែងថែទាំសុខភាព, ការកែលំអបណ្តាញដឹកជញ្ជូនផ្លូវថ្នល់ និងការដឹកជញ្ជូនសាធារណៈ, ការអនុវត្តការអភិវឌ្ឍប្រកបដោយចិរភាព ផ្តោតលើការអភិរក្សបរិស្ថាន។ ជាសារៈសំខាន់ជាយុទ្ធសាស្រ្តលើពិពិធកម្មសេដ្ឋកិច្ច អាជ្ញាធរមានគោលបំណងជំរុញទេសចរណ៍ និងបង្កើតឱកាសការងារ ដើម្បីរួមចំណែកដល់លំហូរប្រាក់ចំណូលមិនមែនប្រេង, ពង្រឹងអត្តសញ្ញាណជាតិ តាមរយៈការផ្សព្វផ្សាយប្រវត្តិសាស្រ្ត និងប្រពៃណីរបស់អារ៉ាប៊ីសាអូឌិត, អប់រំអ្នកក្នុងស្រុក និងភ្ញៀវទេសចរណ៍អំពីបេតិកភណ្ឌអារ៉ាប៊ីសាអូឌិត, ការកំណត់ប្រទេសអារ៉ាប៊ីសាអូឌិត ជាគោលដៅវប្បធម៌ និងប្រវត្តិសាស្រ្តដ៏សំខាន់មួយ, ទាក់ទាញវិនិយោគ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
សូមបញ្ជាក់ដែរថា គម្រោងអភិវឌ្ឍកំផែងឌីរីយ៉ានេះ ជាកិច្ចខិតខំប្រឹងប្រែងរបស់ជាតិ ដើម្បីធ្វើការដឹងគុណចំពោះ និងថែរក្សាប្រវត្តិសាស្រ្តដ៏សំបូរបែបរបស់ប្រទេសអារ៉ាប៊ីសាអូឌិត ព្រមទាំងទទួលយកអនាគត។ ដោយធ្វើការរួមបញ្ចូលភាពពិតប្រាកដនៃវប្បធម៌ ជាមួយនិងបរិក្ខាទំនើបៗ គម្រោងនេះមានបំណងបង្កើតគោលដៅតែមួយ ដែលឆ្លើយតបនិងអ្នកទេសចរអារ៉ាប៊ីសាអូឌិត និងភ្ញៀវអន្តរជាតិ ស្របតាមគោលដៅទូលំទូលាយ នៃចក្ខុវិស័យឆ្នាំ២០៣០។
នៅក្នុងឱកាសនៃការអញ្ជើញទស្សនាតំបន់ប្រវត្តិសាស្រ្តដ៏ទាក់ទាញនោះ សម្តេចតេជោប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការខិតខំអភិរក្សតំបន់ជាប្រវត្តិសាស្រ្តទាំងនោះ ដើម្បីទាក់ទាញទេសចរ និងការបង្កើនចំណូលក្រៅពីប្រេង។ សម្តេចតេជោបានចាត់ទុកថា សមិទ្ធផលទាំងអស់នោះ គឺជាគុណតម្លៃមិនអាចកាត់ថៃ្លបាន សម្រាប់មនុស្សជំនាន់ក្រោយ ពិសេសទាក់ទិនទៅកេរ្តិ៍ ប្រវត្តិសាស្រ្តវប្បធម៌របស់ប្រទេសអារ៉ាប៊ីសាអូឌិត៕ រក្សាសិទ្ធដោយ៖សុទ្ធលី